ជាតិ
សេដ្ឋកិច្ច
NBC៖ កម្ពុជាមានកំណើនសេដ្ឋកិច្ច ៧,៣ភាគរយឆ្នាំ២០១៨ តែប្រឈមបញ្ហាក្នុង និងក្រៅប្រទេស
× ភ្នំពេញ៖ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុមានភាពរឹងមាំ ទោះបីបានប្រឈមនឹងហានិភ័យមួយចំនួនក្ដី។ ជាមួយគ្នានេះសេដ្ឋកិច្ចកម្ពុជា ត្រូវបានប៉ាន់ស្មានថាមានកំណើន ៧,៣ភាគរយនៅឆ្នាំ២០១៨ ហើយកំណើននេះនៅតែបន្តរឹងមាំក្នុងរង្វង់ ៧ភាគរយនៅឆ្នាំ២០១៩នេះ។ នេះបើតាមរបាយការណ៍វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ២០១៨ និងទស្សនវិស័យឆ្នាំំ២០១៩ ដែលចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា (NBC) នៅថ្ងៃទី២ខែមករា។
កំណើនខ្លាំងក្លានេះ ត្រូវបានគាំទ្រដោយការនាំចេញផលិតផលទៅទីផ្សារអន្តរជាតិ។ ការនាំចេញរបស់កម្ពុជាបានកើនឡើងគួរឲ្យកត់សម្គាល់ ជាពិសេសផលិតផលកាត់ដេរ ត្រូវបានប៉ាន់ស្មានថាកើនឡើង ២៤,៧ភាគរយ អង្ករ ២៣ភាគរយ កង់ ១២ភាគរយ គ្រឿងបន្លាស់កើនឡើង ៣ដង។ ទេសចរកើនឡើង ១១,៥ភាគរយ ដែលឈានដល់ចំនួន ៦,២លាននាក់នៅឆ្នាំ២០១៨។
កម្រិតថ្លៃ និងអត្រាប្ដូរប្រាក់រក្សាបានស្ថិរភាពល្អប្រសើ។ អត្រាអតិផរណាបន្តមានកម្រិតទាបប្រមាណ ២,៥ភាគរយ ទាបជាង ២,៩ភាគរយនៅឆ្នាំ២០១៧ ។
ទន្ទឹមនឹងវាយតម្លៃពីភាពស្វាហាបនៃកំណើនសេដ្ឋកិច្ចកម្ពុជា NBC បានបង្ហាញហានិភ័យមួយចំនួនផងដែរ។ ការឡើងថ្លៃលុយដុល្លារអាមេរិក ការប្រឈមលទ្ធភាពដកប្រព័ន្ធអនុគ្រោះពន្ធ EBA និងប្រឈមការប្រកួតប្រជែងកាន់តែខ្លាំងជាងមុន ដោយសារសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បានចុះកិច្ចព្រមព្រៀងជាមួយប្រទេសក្នុងតំបន់មួយចំនួន។
ក្រៅពីហានិភ័យក្រៅប្រទេស កម្ពុជានៅបន្តប្រឈមបញ្ហាមួយចំនួន ទាក់ទងនឹងថ្លៃដើមផលិតខ្ពស់ និងការកើនឡើងល្បឿនវិស័យសំណង់ និងអចលនទ្រព្យ ដែលអាចជាហានិភ័យសម្រាប់វិស័យធនាគារ៕
© រក្សាសិទ្ធិដោយ thmeythmey.com