ជាតិ
សង្គមជាតិ
ចិន​សន្យា​ជួយ​បង្ក្រាប​គ្រឿងញៀន​នៅ​កម្ពុជា
04, Jan 2019 , 7:39 pm        
រូបភាព
​ចិន បាន​សន្យា​បន្ត​ជួយ​កម្ពុជា លើ​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ឲ្យ​កាន់តែ​ខ្លាំងក្លា​ថែមទៀត​។ នេះ​ជាការ​លើកឡើង​របស់​អគ្គ​រដ្ឋទូត​ចិន​ថ្មី​ប្រចាំ​នៅ​កម្ពុជា ក្នុងជំនួបពិភាក្សារ​ការងារ​ជាមួយ​លោក កែ  គឹមយ៉ាន កាលពី​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៩​នេះ​។​

 
​លោក កែ  គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បានស្នើ​ដល់​លោក Wang Wentian អគ្គរដ្ឋទូត​ចិន​ថ្មី​ប្រចាំ​នៅ​កម្ពុជា បន្ត​ជួយ​គាំទ្រ​ផ្នែក​បច្ចេកទេស​ព្យាបាល សម្ភារ និង​វគ្គ​បណ្តុះបណ្តាល​ដល់​មន្ត្រី​កម្ពុជា លើ​ការងារ​គ្រប់គ្រង​គ្រឿងញៀន​។  ត្រង់ចំណុច​នេះ​លោក កែ គឹមយ៉ាន ក៏បាន​សង្កត់ធ្ងន់​ទៅលើ​ខេត្ត​ព្រះសីហនុ ដែល​សំបូរ​ទៅដោយ​វិនិយោគិន និង​ទេសចរ​ចិន​។ 
 
​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​រូបនេះ បានលើកឡើង​ដូច្នេះ​ថា​៖« សូម​បន្ត​ការគាំទ្រ​ដល់​ដំណើរការ​សាងសង់ និង​បំពាក់​នូវ​ឧបករណ៍ សម្ភារ​បច្ចេកទេស​ដល់ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​សេវា​ព្យាបាល ដោយ​ស្ម័គ្រចិត្ត និង​ផ្អែកលើ​សហគមន៍ ដល់​អ្នកញៀន​គ្រឿងញៀន​នៅ​ខេត្ត​ព្រះសីហនុ ព្រមទាំង​ជួយ​ធ្វើការ​បណ្តុះបណ្តាល​លើ​ការងារ​គ្រប់គ្រង និង​បច្ចេកទេស​ព្យាបាល​អ្នកញៀន​គ្រឿងញៀន​»​។ 
 
​ក្រៅពីនេះ​លោក គឹមយ៉ាន ក៏​ស្នើ​ឲ្យ​ភាគី​ចិន ជួយ​រៀបចំ​កម្មវិធី​ទស្សនកិច្ច​សិក្សា​ដក​ពិសោធន៍​លើ​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន ដល់​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នៅ​ចិន​ផង​។ 
​លោក Wang Wentian អគ្គរដ្ឋទូត​ចិន​ថ្មី​បាន​ឆ្លើយតប​ថា ចិន​នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​កម្ពុជា និង​ចិន ជាពិសេស​លើ​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​។ 
 
​អម​ជាមួយ​ការសន្យា​នេះ លោក Wang Wentian បាន​និយាយថា​៖«​ចិន​នឹង​រៀបចំ​ឲ្យ​មានដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ ដល់​គណៈប្រតិភូ​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​»​។​
 
​គួរ​បញ្ជាក់ថា រដ្ឋាភិបាល​បង្ក្រាប​គ្រឿង​ញៀន​នៅ​ទូទាំងប្រទេស​បាន​ចំនួន​ជាង​៨​ពាន់​ករណី​(៨.០១៨​ករណី​) ស្មើ​ជាង​១,៦​ម៉ឺន​នាក់ ក្នុង​ឆ្នាំ​២០១៨ ។ ក្នុងនោះ​មាន​ជនបរទេស​ជាង​៣០០​នាក់ (​ស្រី​៤៨​នាក់​) ដោយមាន​២៤​សញ្ជាតិ​៕

Tag:
 គ្រឿងញៀន​
  កែ គឹមយ៉ាន​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com