ធនាគារជាតិ​៖ កម្ពុជា​អាច​ប្រឈម​ហានិភ័យ​ពី​វិស័យ​សំណង់​-​អចលនទ្រព្យ​
ជាតិ
សេដ្ឋកិច្ច
ធនាគារជាតិ​៖ កម្ពុជា​អាច​ប្រឈម​ហានិភ័យ​ពី​វិស័យ​សំណង់​-​អចលនទ្រព្យ​
04, Jan 2019 , 8:39 pm        
រូបភាព
​ភ្នំពេញ​៖ ក្នុងចំណោម​ហានិភ័យ និង​បញ្ហា​ប្រឈម​ផ្នែក​សេដ្ឋកិច្ច ដែល​កម្ពុជា​អាច​ជួបប្រទះ ក្នុងនោះ​មាន​បញ្ហា​ដែល​កើតចេញពី​វិស័យ​សំណង់ និង​អចលនទ្រព្យ​ផងដែរ​។ តែ​ការលើកឡើង​របស់​ធនា​គារ​ជាតិ​នៃ​កម្ពុជា (NBC) ដូចនេះ មិនមែនជា​អ្វី​ថ្មីថ្មោង​នោះទេ ពោលគឺ​ធនាគារពិភពលោក (World Bank) បាន​រម្លឹក​ជាច្រើន​សារ​មកហើយ​ចំពោះ​ហានិភ័យ​មួយ​នេះ​។​


 
​កំណើន​វិស័យ​សំណង់​រួមចំណែក​ប្រមាណ ១​ភាគ​៥ ឬ ១/៥ ក្នុង​កំណើនសេដ្ឋកិច្ច ដែល​បង្ហាញ​ពី​ការពឹងផ្អែក​កាន់តែខ្លាំង​នៃ​កំណើនសេដ្ឋកិច្ច​លើ​វិស័យនេះ​។ តែ​កំណើន​ក្នុង​វិស័យនេះ ជាធម្មតា គឺមាន​វដ្ដ​នៃ​ការឡើង ហើយ​ចុះ​មកវិញ​។​
 
​របាយការណ៍​របស់ NBC ដែល​ចេញផ្សាយ​ក្នុងពេល​ថ្មីៗ​នេះ​បានបញ្ជាក់​ដូច្នេះ​ថា​៖«​ជាទូទៅ​វិស័យ​សំណង់​មាន​វដ្ដ​នៃ​ការអភិវឌ្ឍ ដែល​ធ្វើ​ឲ្យ​វិស័យនេះ​អាច​កើនឡើង និង​ថយ​មកវិញ នៅពេលដែល​គម្រោង​សំណង់​ធំៗ​ត្រូវ​បញ្ចប់​»​។​
 
​ការបញ្ចេញ​ឥណទាន​ទៅកាន់​វិស័យ​សំណង់ និង​អចលនទ្រព្យ បន្ត​មាន​កំណើន​ខ្ពស់​នៅឡើយ ក្នុង​អត្រា ៣១​ភាគរយ​។ NBC បាន​សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​ការឡើង​លឿន​នៃ​វិស័យ​សំណង់ និង​អចលនទ្រព្យ អាចធ្វើ​ឲ្យ​តម្លៃ​អចលនទ្រព្យ​កើនឡើង​ហួស​ពី​តម្រូវការ​ជាក់ស្ដែង និង​អាចជា​ហានិភ័យ​សម្រាប់​វិស័យ​ធនាគារ និង​ជំនឿ​ទុកចិត្ត​វិនិយោគិន​ផងដែរ​»​។​
 
​អ្វីដែល​បង្ហាញ​ដោយ​របាយការណ៍​ធនាគា​រ​ជាតិ មិន​ខុសគ្នា​ពីអ្វី​ដែល​គូសបញ្ជាក់​ដោយ World Bank កាលពី​ចុងឆ្នាំ​២០១៨ នោះទេ​។ ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​មួយ​នេះ ប្រាប់​ឲ្យ​កម្ពុជា​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​លំហូរ​លុយ​ចេញពី​ធនាគារ ដែល​ពូន​ផ្ដុំ​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ ដែល​មិនមែនជា​វិស័យ​ផលិតកម្ម និង​ឲ្យ​ប្រយ័ត្ន​ពី​ការ​អាច​ធ្លាក់ចុះ​មកវិញ​នៃ​វិស័យនេះ​។  
 
​ការ​ពូន​ផ្ដុំ​លុយ​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ បង្ហាញថា​សេដ្ឋកិច្ច​ពឹងផ្អែក​ខ្លាំង​លើ​វិស័យនេះ​។ តែ​ការ​យកលុយ​ទៅ​ជះ​ក្នុង​វិស័យនេះ គឺមាន​លាយឡំ​នឹង​សកម្មភាព​ប្រថុយប្រថាន​ច្រើន ដែល​ការទិញ​លក់ ការផ្គត់ផ្គង់​ទាំងនោះ មិន​ផ្អែកលើ​តម្រូវការ​ជាក់ស្ដែង​។ ហើយ​ការលក់​មិន​ចេញ ឬ​ជាប់គាំង​កម្រិត​ណាមួយ នឹង​បង្ក​ជា​ហានិភ័យ​ដល់​វិស័យ​ធនាគារ​។​
 
​បើតាម​ទិន្នន័យ​សំណង់​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្រសួង​បានផ្ដល់​សិទ្ធិ​អនុញ្ញាត​សាងសង់​ចំនួន ២៨៦៧ គម្រោង ដែល​ប៉ាន់ស្មាន​ទុនវិនិយោគ ៥,២​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៨ ថយចុះ ១៨​ភាគរយ បើ​ធៀប​នឹង​ប្រាក់​វិនិយោគ ៦,៤​ពាន់​លាន​ដុល្លារ​លើ​គម្រោង ៣០៥២ កាលពី​ឆ្នាំ​២០១៧ ៕
 

Tag:
 សំណង់​
  អចលនទ្រព្យ​
  ធនាគារជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com