អន្តរជាតិ
អ្នកការទូត​កូរ៉េខាងជើង​ប្រចាំ​ប្រទេស​អ៊ីតាលី​លាក់ខ្លួន​និង​សុំ​សិទ្ធិ​ជ្រកកោន​
04, Jan 2019 , 7:59 pm        
រូបភាព
ដោយ: VOA
​អ្នកការទូត​កូរ៉េខាងជើង​ប្រចាំ​ប្រទេស​អ៊ីតាលី​ម្នាក់​បាន​លាក់ខ្លួន និង​កំពុង​សុំ​សិទ្ធិ​ជ្រកកោន​នៅក្នុង​ប្រទេស​លោកខាងលិច​។ នេះ​បើ​យោងតាម​មេធាវី​កូរ៉េខាងត្បូង​ម្នាក់​។ លោក Kim Min-ki បាន​និយាយថា លោក​និង​អ្នកច្បាប់​ផ្សេងទៀត​បានទទួល​ដំណឹង​ពី​ទីភ្នាក់ងារ​ស៊ើប​ការសម្ងាត់​ជាតិ​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​លោក​ឯកអគ្គរដ្ឋទូត Jo Song Gil និង​ភរិយា​របស់លោក​បាន​ចាក​ចេញពី​ស្ថានទូត​ប្រចាំ​ទីក្រុង​រ៉ូម​កាលពី​ខែវិច្ឆិកា​ដោយ​មិនបាន​ជូនដំណឹង​អ្វី​ឡើយ​។​

 
​សារព័ត៌មាន JoongAng Ilbo របស់​កូរ៉េខាងត្បូង​បាន​ដកស្រង់​ពី​ប្រភព​ការទូត​មិន​ស្គាល់​អត្តសញ្ញាណ​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ដែល​បាន​និយាយថា លោក Jo​បាន​ស្នើសុំ​សិទ្ធិ​ជ្រកកោន​នៅក្នុង​ប្រទេស​លោកខាងលិច ប៉ុន្តែ​មិនបាន​បញ្ជាក់​អំពី​ប្រទេស​ណា​នោះទេ និង​ថា​ឥឡូវនេះ​លោក​ស្ថិតក្រោម​ការ​គាំពារ​ពី​រដ្ឋាភិបាល​អ៊ីតាលី​។​
 
​ការសុំ​សិទ្ធិ​ជ្រកកោន​របស់​អ្នកការទូត​ជាន់ខ្ពស់​កូរ៉េខាងជើង​នេះ​នឹង​ក្លាយជា​រឿង​អាម៉ាស់​បំផុត​សម្រាប់​មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un ជា​អ្នក​ដែល​ព្យាយាម​តាំងខ្លួន​ឯង​ថា​ជា​អ្នក​ជះ​ឥទ្ធិ​ល​ដ៏​សំខាន់​នៅលើ​ឆាក​ភូមិសាស្ត្រ​នយោបាយ​។ លោក​Jo ដែលមាន​វ័យ​៤៨​ឆ្នាំ​បាន​ម​ប្រើ​ការងារ​ជា​អគ្គរដ្ឋទូត​ប្រចាំ​ប្រទេស​អ៊ីតាលី​ចាប់តាំងពី​ខែតុលា ឆ្នាំ​២០១៧​មក​។​
 
​លោក​បាន​ចូល​ជំនួស​កន្លែង​លោក​អគ្គរដ្ឋទូត Mun Jong Nam ជា​អ្នក​ដែល​ត្រូវបាន​បណ្តេញ​ចេញពី​ប្រទេស​អ៊ីតាលី បន្ទាប់ពី​កូរ៉េខាងជើង​បាញ់​សាកល្បង​នុយក្លេអ៊ែរ ដែលជា​ការរំលោភ​លើ​សេចក្តីសម្រេច​របស់​អង្គការសហប្រជាជាតិ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com