ជាតិ
កម្ពុជា នឹងធ្វើ​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​លើកដំបូង​នៅ​ខេត្តសៀមរាប​
04, Jan 2019 , 10:19 pm        
រូបភាព
លោក ឯក ថា អនុប្រធានអនុគណៈកម្មការផ្សព្វផ្សាយ និងសារព័ត៌មាន ក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC)
លោក ឯក ថា អនុប្រធានអនុគណៈកម្មការផ្សព្វផ្សាយ និងសារព័ត៌មាន ក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC)
​ភ្នំពេញ​៖ កម្ពុជា នឹងធ្វើ​ម្ចាស់ផ្ទះ និង​ជា​ប្រធាន លើ​កិច្ចប្រជុំ​ប្រកាស​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​(ACC) ផ្លូវការ នៅ​ថ្ងៃទី​១៥-១៦​មករា ក្នុង​ខេត្តសៀមរាប​។ កិច្ចប្រជុំ​នេះ មាន​អ្នកចូលរួម​ជាង​៣០០​នាក់ មកពី​ប្រទេស​ផ្សេងគ្នា ក្នុង​តំបន់​ដែលជា​សមាជិក​ICAPP​។

 
​លោក ឯក ថា អនុប្រធាន​អនុគណៈកម្មការ​ផ្សព្វផ្សាយ និង​សារព័ត៌មាន ACC បាន​និយាយ​ក្នុង​កិច្ចប្រជុំ​ជាមួយ​អ្នកសារព័ត៌មាន នា​ព្រឹក​ថ្ងៃទី​៤​មករា​ថា ACC ត្រូវបាន​បង្កើតឡើង​តាម​គំនិត​ផ្តួចផ្តើម​របស់ កម្ពុជា ចិន នេ​ប៉ាល់ និង​រុស្ស៊ី ហើយ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​ដ៏​ល្អប្រសើរ​នេះ គឺជា​ប្រវត្តិសាស្ត្រ​សម្រាប់ ICAPP និង​បណ្តា​គណបក្សនយោបាយ នៅ​អាស៊ី​។​
 
​លោក ឯក ថា បានបញ្ជាក់​ដូច្នេះ​ថា​៖ «  កម្ពុជា ចិន រុស្ស៊ី នេ​ប៉ាល់ ក៏​ជា​សមាជិក​សន្និសីទ​អន្តរជាតិ​នៃ​គណបក្សនយោបាយ​អាស៊ី​(ICAPP) ដែលមាន​សមាជិក​ជាង​៣៥០​រូប មកពី​ប្រទេស​៥២ នៅក្នុង​តំបន់​អាស៊ី ផងដែរ​»​។​


 
​លោក​បន្តថា គោលបំណង​នៃ​ការបង្កើត​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី គឺ​ដើម្បី​បង្ហាញ​ពី​ការយោគយល់​គ្នា​ទៅវិញទៅមក និង​ការផ្លាស់ប្តូរ​គ្នា​ទៅវិញទៅមក រវាង​សមាជិក​នៃ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី ទាំង​រូបិយ និង​អ​រូបិយ​។ លើសពីនេះ ដើម្បី​លើកកម្ពស់​តម្លៃ​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ដែលជា​ធនធាន​សំខាន់​មួយ​របស់​ពិភពលោក​។​
 
​បេតិកភណ្ឌ​ពិភព​កលោក ពិតជា​មានតម្លៃ​ណាស់ សម្រាប់​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​បង្ហាញ​ឲ្យ​ឃើញ​នៃ​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ក្នុង​អាស៊ី តាមរយៈ​ប្រើប្រាស់​វប្បធម៌​ជាយា​ន ក៏ដូចជា​ការផ្សាភ្ជាប់​គ្នា និង​ធ្វើ​ឲ្យ​តំបន់​អាស៊ី រស់នៅក្នុង​សុខដុមរ​នីយកម្ម​ជាមួយគ្នា​។​បើតាម​លោក ឯក ថា​។ 
 
​សូម​រម្លឹកថា កម្ពុជា​បានក្លាយ​ជា​ប្រធាន​នេះ ត្រូវបាន​បោះឆ្នោត​ជ្រើសតាំង ដោយ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក (WHC) ឲ្យ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​សម័យប្រជុំ​លើក​ទី​៣៧ របស់​គណៈកម្មាធិការ​នេះ ដែល​បាន​ប្រព្រឹត្ត​នៅ​ទីក្រុង​ភ្នំពេញ និង​ខេត្តសៀមរាប កាលពី​ខែមិថុនា ឆ្នាំ​២០១៣​។ ដោយមាន​ការចូលរួម​ពី​គណៈប្រតិភូ​អន្តរជាតិ​ជាង​១.៤០០​នាក់ មកពី​ជាង​១២០​ប្រទេស ជាមួយនឹង​វត្តមាន​របស់​អ្នកសារព័ត៌មាន​ជាច្រើន​រយ​នាក់​ផងដែរ​។​
 
​កត្តា​ដែល​ធ្វើ​ឲ្យ​កម្ពុជា ត្រូវបាន​ប្រទេស​ជា​សមាជិក​បោះឆ្នោត​ជ្រើសរើស ជា​ប្រធាន ACC​នេះ ដោយសារ​កម្ពុជា គឺជា​ប្រទេស​មហាអំណាច​ខាង​វប្បធម៌​។ ជាក់ស្តែង កម្ពុជា មាន​ប្រាសាទអង្គរវត្ត ប្រា​ទ​ព្រះវិហារ ប្រាសាទសំបូរព្រៃគុក​ជាដើម ដែល​ត្រូវបាន​ចុះបញ្ជី​នៅ​អង្គការ​បេតិកភណ្ឌ​ភព​លោក​។ ក្រៅពី​ប្រាសាទ កម្ពុជា ក៏បាន​ចុះបញ្ជី​បេតិកភណ្ឌ​អរូប​បិ​យ​មួយចំនួនទៀត ដូចជា របាំ​ព្រះ​រាជ្យទ្រព្យ ចាប៉ីដងវែង ល្ខោនខោល ល្បែង​ទាញ​ព្រាត និង​ល្ខោ​ក​ស្រមោល​ស្បែក​ធំ​ជាដើម​៕
 

Tag:
 វប្បធម៌​
  ACC
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com