អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ក្រោយកាន់​កាប់​រដ្ឋសភា​វិញ តំណាងរាស្ត្រ​បក្ស​ប្រជាធិបតេយ្យ​អនុម័ត​ច្បាប់​ថវិកា​សំដៅ​បើក​រដ្ឋាភិបាល​ឡើងវិញ​
04, Jan 2019 , 5:04 pm        
រូបភាព
ប្រធានសភាតំណាងថ្មីលោកស្រី ណាន់ស៊ី ផេឡូស៊ី នៅពេលស្បថចូលកាន់តំណែងថ្ងៃព្រហស្បតិ៍ទី ៣ ខែមករា
ប្រធានសភាតំណាងថ្មីលោកស្រី ណាន់ស៊ី ផេឡូស៊ី នៅពេលស្បថចូលកាន់តំណែងថ្ងៃព្រហស្បតិ៍ទី ៣ ខែមករា
​សមាជិក​បក្ស​ប្រជាធិបតេយ្យ​ចាប់ផ្តើម​ចូលកាន់​កាប់​អាសនៈ​ភាគច្រើន​ក្នុង​សភាតំណាងរាស្ត្រ (House of Representatives) ជា​ផ្លូវការ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ដោយមាន​លោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី (Nancy Peloci) ជា​ប្រធាន​ផង​។ ស្បថ​ចូលកាន់​តំណែង​ភ្លាម សមាជិក​បក្ស​ប្រជាធិបតេយ្យ​ក៏​ប្រើ​អំណាច​បោះឆ្នោត​អនុម័ត​ច្បាប់​បញ្ចប់​ការ​«​បិទ​រដ្ឋាភិបាល​សហព័ន្ធ​»​ដែល​អូសបន្លាយ​អស់​ជាង ១០​ថ្ងៃ​ព្រោះ​ការខ្វែងគំនិត​គ្នា​រឿង​លុយ​សង់​ជញ្ជាំង​ព្រំដែន​ដែរ​។ ប៉ុន្តែ ភាគរយ​ច្រើន​ដែល​ច្បាប់​ត្រូវអនុម័ត​នេះ​នឹងត្រូវ​បញ្ជូន​ត្រឡប់មកវិញ​ដោយសារ​ព្រឹទ្ធសភា​ដឹកនាំ​ដោយ​បក្ស​សាធារណរដ្ឋ និង​សេត​វិមាន​បដិសេធ ព្រោះ​មិន​ទទួលបាន​លុយ​សង់​ជញ្ជាំង​។ ការ​ប្រទាញប្រទង់​គ្នា​រវាង​ស្ថាប័ន​នីតិប្រតិបត្តិ និង​ស្ថាប័ន​នីតិបញ្ញត្តិ​នឹង​កាន់តែ​កើនឡើង​ខ្លាំង​ចាប់ពីពេលនេះ​។


 
​សករាជ​នយោបាយ​ថ្មី​ចាប់ផ្តើម​នៅ​សភាតំណាងរាស្ត្រ​អាមេរិក ដោយ​ការ​ត្រឡប់មក​កាន់កាប់​អាសនៈ​ភាគច្រើន​រហូតដល់ ២៣៥ របស់​ក្រុមតំណាងរាស្ត្រ​បក្ស​ប្រ​ធិបតេយ្យ បន្ទាប់ពី​ឈ្នះឆ្នោត​ពាក់កណ្តាល​អាណត្តិ​កាលពី​ខែវិច្ឆិកា​។ លោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី ដែលជា​មេដឹកនាំ​បក្ស​ប្រជាធិបតេយ្យ និង​ជា​តំណាងរាស្ត្រ​ប្រចាំ​រដ្ឋ​កាលី​ហ្វ​រ​នីញ៉ា​នោះ ក៏​ទទួលបាន​សេចក្តីទុកចិត្ត​ក្រោម​សំឡេងគាំទ្រ ២២០ ពី​សមាជិកសភា​សរុប ៤៣៥​រូប ឲ្យ​ធ្វើជា​ប្រធានសភា (House Speaker) សម្រាប់​នីតិកាល​ទី ១១៦ ពី​ឆ្នាំ ២០១៩-២០២១ ដែរ​។ 
 
​មុន​មានការ​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត ក្នុង​បក្ស​ប្រជាធិបតេយ្យ​ក៏មាន​ចលនា​ប្រឆាំងនឹង​បេក្ខភាព លោកស្រី ផេ​ឡូ​ស៊ី ដែរ ហើយ​ពួកគេ​ចង់​ឲ្យ​មានការ​ផ្លាស់ប្តូរ​ក្បាលម៉ាស៊ីន​ដឹកនាំ​បក្ស​ប្រជាធិបតេយ្យ​ដែរ​។ ប៉ុន្តែ​ចុងក្រោយ លោកស្រី ផេ​ឡូ​ស៊ី នៅតែ​ទទួលបាន​ការគាំទ្រ​លើសលុប និង​កាន់តំណែង ប្រធានសភា​តំណាងរាស្ត្រ​ដែលមាន​អំណាច​បំផុត​លេខ​រៀង​ទី​បី​ក្នុង​បរិបទ​នយោបាយ​អាមេរិក​ចាប់ពីពេលនេះ​។ 
 
​ក្នុង​ថ្ងៃ​កាន់តំណែង​ទីមួយ​សមាជិក​បក្ស​ប្រជាធិបតេយ្យ​ដែល​ក្តោប​ក្តាប់​អាសនៈ​សភា​ភាគច្រើន​នោះបាន​ប្រញាប់​ជំរុញ​ការអនុម័ត​ច្បាប់​ធានា​ឲ្យ​មាន​ការបើក​រដ្ឋាភិបាល​សហព័ន្ធ​ឡើងវិញ​ដែរ ជាពិសេស​ដើម្បី​ឲ្យ​បុគ្គលិក​បម្រើ​ការងារ​ជាង ៨០​ម៉ឺន​នាក់​ដែល​រង​ផលប៉ះពាល់​ពី​ការបិទ​រដ្ឋាភិបាល​នោះបាន​ប្រាក់បៀវត្សរ៍​ឡើងវិញ​ដែរ​។ ចំណែក​ប្រធានរដ្ឋសភា​ថ្មី លោកស្រី ផេ​ឡូ​ស៊ី បាន​ថ្លែងប្រាប់​ទៅកាន់​បណ្តា​សមាជិកសភា​បក្ស​សាធារណរដ្ឋ និង​សេត​វិមាន​ជាពិសេស​លោក ត្រាំ តាមរយៈ​អ្នកសារព័ត៌មាន​ដែរ​ឲ្យ​បើក​រដ្ឋាភិបាល​ឡើងវិញ ហើយ​ត្រឡប់មក​ចូល​តុ​សន្ទនា​គ្នា​ឡើងវិញ​តាមបែប​មនុស្ស​ធំ​ចាស់ចិត្ត​ចាស់​គំនិត​លើ​ការរក្សាសន្តិសុខ​ព្រំដែន​។ 
 
​ក្រៅពីនេះ លោកស្រី ផេ​ឡូ​ស៊ី ក៏បាន​ផ្ញើលិខិត​មួយច្បាប់​ទៅ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ អញ្ជើញលោក​ឲ្យ​មក​ថ្លែង​សន្ទរកថា​ទៅកាន់​ប្រជាជាតិ (State of Union) ជា​លើក​ទី​ពីរ​ឲ្យ​បាន​មុន​ការបើក​អង្គប្រជុំ​សភា​រួម​នៅ​ថ្ងៃ ២៩ ខែមករា​ផង​។​
 
​ពីថ្ងៃ​នេះ​ទល់​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០២០ គេ​នឹង​ឃើញ​ការ​ប្រទាញប្រទង់​គ្នា​កាន់តែច្រើន​រវាង​ស្ថាប័ន​នីតិ​ប​ញ្ញ​តិ្ត ជាមួយនិង​ប្រធានាធិបតី​ដែល​ដឹកនាំ​អង្គនីតិប្រតិបត្តិ ហើយ​រឿងចម្រូងចម្រាស​ផ្សេងទៀត​ដូចជា​ការចាប់ផ្តើម​នីតិ​វិធីដក​តំណែង​ប្រធានាធិបតី​ក៏​អាច​នឹង​កើតឡើង​នៅ​សភា​តំណាង​ដូចគ្នា​។ 
 
-​បក្ស​ប្រជាធិបតេយ្យ​អនុម័ត​ច្បាប់​បើក​រដ្ឋាភិបាល​សហព័ន្ធ​ឡើងវិញ តែ​ទំនង​ត្រូវបញ្ជូន​ត្រឡប់មកវិញ​
​ដូច​បានបញ្ជាក់​ខាងដើម អំណាចនីតិបញ្ញត្តិ​ដែល​បក្ស​ប្រជាធិបតេយ្យ​មាន​គឺ ត្រូវ​ប្រើប្រាស់​ដំបូង​បំផុត​ដើម្បី​អនុម័ត​វិធានការ​ពីរ​ផ្សេងគ្នា​ដែល​ធានា​ការបើក​ឡើងវិញ​នូវ​រដ្ឋាភិបាល​សហព័ន្ធ​ដែល​ត្រូវបាន​បិទ​ដោយ​ផ្នែក​តាំងពី​ចុងខែ​ធ្នូ​មក​នោះ​។ រឿងចម្រូងចម្រាស​ជុំវិញ​លុយ​សង់​ជញ្ជាំង​ដែលជា​ដើមហេតុ​នៃ​ការបិទ​រដ្ឋាភិបាល​នោះ​ត្រូវដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​ដើម្បី​ជជែក​គ្នា​ពេល​ក្រោយ​។ 
 
​វិធានការ​ទីមួយ បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AFP គឺ កំណត់​​ថវិកាចំនួន​ប្រាំមួយ​ផ្សេងគ្នា​ដែល​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​សារពើពន្ធ​ឆ្នាំ ២០១៩ ដល់​បណ្តា​ទីភ្នាក់ងារ​រដ្ឋាភិបាល​ជាច្រើន​រួមមាន​រតនាគារ​, ក្រសួងការបរទេស និង​ក្រសួងយុត្តិធម៌​ជាដើម​។​
 
​សូម​ទាញ​ការចាប់អារម្មណ៍​បន្តិច​ថា ការបិទ​រដ្ឋាភិបាល​ដោយ​ផ្នែក (២៥​ភាគរយ​) ដោយសារ​លោក ត្រាំ ទារលុយ​សង់​ជញ្ជាំង​ក្នុង​ទំហំ​ជាង​ប្រាំ​ពាន់​លាន​ដុល្លារ ទាំង​ដែល​លោក​ធ្លាប់​អួតថា លុយ​សង់​ជញ្ជាំង​គឺ​ទារ​ពី​ម៉ិ​ក​ស៊ិ​ក​។  ការបិទ​រដ្ឋាភិបាល​នេះ​ប៉ះពាល់​ដល់​ក្រសួង​ចំនួន​ប្រាំបួន​ក្នុងចំណោម​ក្រសួង​ទាំងអស់ ១៥ ហើយ​ទីភ្នាក់ងារ​សំខាន់ៗ​ចំនួន​ច្រើនជាង​ដប់​ដែល​ត្រូវ​ផ្អាក​ដំណើរការ​។ បុគ្គលិក​បម្រើ​ការងារ​ទាំងអស់​ប្រហែល ប្រាំបី​សែន​នាក់​នឹងមិន​ទទួលបាន​ប្រាក់កម្រៃ ក្នុងនោះ​មាន ៤២ ម៉ឺន​នាក់​ត្រូវ​បន្តធ្វើ​ការងារ​ដោយ​គ្មាន​ប្រាក់កម្រៃ ខណៈ​៣៨ ម៉ឺន​នាក់​ផ្សេងទៀត​ត្រូវ​ផ្អាក​ការងារ​តែម្តង​។  
 
​ចំណែក​ច្បាប់​ទី​ពីរ គឺ​ផ្តល់​ហិរញ្ញវត្ថុ​បណ្តោះអាសន្ន​សម្រាប់​សម្រាប់​ក្រសួង​សន្តិសុខ​មាតុភូមិ (Homeland Security) ដល់​ត្រឹម​ថ្ងៃ ៨ ខែកុម្ភៈ​ប៉ុណ្ណោះ ដោយសារ​ក្រសួង​នេះ​ទទួលបន្ទុក​ការពារ​សន្តិសុខ​ព្រំដែន​។ វិធានការ​ស្នើឡើង​ដោយ​បក្ស​ប្រជាធិបតេយ្យ​នេះ​ផ្តល់​ថវិកា​ត្រឹម ១,៣​ពាន​លាន​ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​រក្សា​សន្តិសុខ​ព្រំដែន ហើយ​មិនមែនជា​លុយ​សង់​ជញ្ជាំង​ប្រវែង​ជិត ២០០​គីឡូម៉ែត្រ​តាម​ព្រំដែន​ម៉ិ​ក​ស៊ិ​ក​ទេ​។ ផ្ទុយទៅវិញ វា​ត្រូវ​ប្រើប្រាស់​សម្រាប់​ពង្រឹង​ការសង់​របង និង​ការ​យាមកាម​ឬ​ល្បាត​តាម​ព្រំដែន​ប៉ុណ្ណោះ​។ 
 
​យ៉ាងណា​ក៏ដោយចុះ គេ​អាច​ដឹង​ជាមុន​បាន ថា វិធាន​ការដែល​ត្រូវបាន​អនុម័ត​ដោយ​សភា​តំណាង​នឹងមិន​អាច​ឆ្លង​ព្រឹទ្ធសភា​រួច​ឡើយ ហើយ​ច្បាប់​នេះ​នឹងត្រូវ​រុញ​ត្រឡប់មក​សភា​តំណាង​វិញ​ដែរ​។ បច្ចុប្បន្ន អាសនៈ​ព្រឹទ្ធសភា​ភាគច្រើន​នៅតែ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​បក្ស​សាធារណរដ្ឋ​ដដែល​ក្រោយ​ការបោះឆ្នោត​ពាក់កណ្តាល​អ​ណ​ត្តិ​។ ដើម្បី​ឆ្លង​ផុត​ព្រឹទ្ធសភា ច្បាប់​ទាំងនោះ​ត្រូវការ​សំឡេងគាំទ្រ​ភាគច្រើន ៦០ លើ ១០០​សំឡេង​។  ប្រាកដ​ណាស់​ថា វា​គ្មាន​ហេតុផល​ដែល​ច្បាប់​រុញ​ពី​សភាតំណាងរាស្ត្រ​ត្រូវ​ព្រឹទ្ធសភា​អនុម័ត​ឡើយ បើសិនជា​ពួកគេ​មិន​ពេញចិត្ត​នោះ​។ មេដឹកនាំ​បក្ស​សាធារណរដ្ឋ​ដែលមាន​សំឡេង​ភាគច្រើន​នៅ​ព្រឹទ្ធសភា​លោក Mitch McConnell បានប្រកាស​រួចហើយ​ថា ព្រឹទ្ធសភា​នឹងមិន​ពិចារណា​ច្បាប់​ដែល​តំណាងរាស្ត្រ​បក្ស​ប្រជាធិបតេយ្យ​អនុម័ត​នេះឡើយ ដរាបណា​គ្មាន​ចំណាត់ការ​ណាមួយ​ដែល​ឆ្លើយតប​នឹង​ការទាមទារ​របស់​ប្រធានាធិបតី​។​
 
 មួយទៀត ទោះជា​ព្រឹទ្ធសភា​ព្រម​ទទួល​យកក្តី ​ច្បាប់ទាំងនោះ​នឹងត្រូវ​បញ្ជូនទៅ​ការិយាល័យ​ប្រធានាធិបតី​ដើម្បី​ចុះហត្ថលេខា​ប្រកាស​ឲ្យ​ប្រើប្រាស់​ទៀត​។ លោក ត្រាំ គំរាម​ហើយ​ថា កុំ​សង្ឃឹមថា លោក​នឹង​ព្រម​ទទួលយក​វិធានការ​របស់​បក្ស​ប្រជាធិបតេយ្យ​ឲ្យ​សោះ បើ​មិន​ផ្តល់​លុយ​ជាង ប្រាំ​ពាន់​លាន​ដុល្លារ​សម្រាប់​សង់​ជញ្ជាំង​ព្រំដែន​ទេនោះ​។ 
 
​តាម​ស្ថានភាព​ជាក់ស្តែង ការបិទ​រដ្ឋាភិបាល​នឹងត្រូវ​អូសបន្លាយ​ទៅមុខទៀត រហូតដល់​មានការ​ចរចា និង​ឯកភាពគ្នា​លើ​ចំណុចរួម​ណាមួយ​នៅពេល​ខាងមុខ​។ បក្ស​ប្រជាធិបតេយ្យ​ដឹងថា ច្បាប់​ដែល​ខ្លួន​អនុម័ត​មិន​ងាយ​នឹង​ឆ្លង​ផុត​ព្រឹទ្ធសភា​និង​ត្រូវ​ចុះហត្ថលេខា​ដោយ​ប្រធានាធិបតី​ស្រួលៗ​ឡើយ ប៉ុន្តែ​យ៉ាងហោចណាស់ វា​ក្លាយជា​សម្ពាធ​ថ្មី​សម្រាប់​បក្ស​សាធារណរដ្ឋ និង​ប្រធានាធិបតី​ដើម្បី​ឈានទៅដល់​ការធ្វើសម្បទាន​ថ្មី​ណាមួយ​។ ក្នុង​កាលៈទេសៈ​ដែល លោក ត្រាំ  និង​បក្ស​សាធារណរដ្ឋ​បន្ត​យក​រដ្ឋាភិបាល​សហព័ន្ធ​ជា​ចំណាប់ខ្មាំង​ដើម្បី​ធ្វើ​បង្ខំ​ឲ្យ​តំណាងរាស្ត្រ​ទាំងអស់​ផ្តល់​លុយ​សង់​ជញ្ជាំង​តាម​សំណើរ​ខ្លួន បក្ស​សាធារណរដ្ឋ​នឹង​ប្រឈម​បញ្ហា​កាន់តែច្រើន​ជាពិសេស​អាច​បាត់បង់​សំឡេងឆ្នោត​ក្នុងការ​បោះឆ្នោត​សភា និង​ប្រធានាធិបតី​ឆ្នាំ ២០២០​ថែមទៀត​។​
 
​សម្រាប់​លោក ត្រាំ ឯណោះ​វិញ បញ្ហា​គឺ​ការសង់​ជញ្ជាំង​តាម​ការសន្យា​ក្នុងពេល​ឃោសនា​។ បើសិនជា​លោក​ព្រម​ថយ​មួយ​ជំហាន ដោយ​យក​សំណុំរឿង​សង់លុយ​ជញ្ជាំង​ព្រំដែន​ទៅ​ជជែក​ដាច់ដោយឡែក ពី​ច្បាប់​កញ្ចប់​ថវិកា​ចាយវាយ​ប្រចាំឆ្នាំ​ទ្រទ្រង់​ដំណើរការ​ទីភ្នាក់ងា​រដ្ឋាភិបាល​សហ​ព័ន្ធ វា​ច្បាស់​ណាស់​ថា គ្មាន​ថ្ងៃ​ឡើយ​ដែល​លោក​អាច​បាន​លុយ​សង់​ជញ្ជាំង​ព្រំដែន​នោះ​។  
 
​ក្នុង​សារ Twitter របស់ខ្លួន​ដែល​បង្ហោះ​នៅ​ថ្ងៃ​ព្រហស្បតិ៍ លោក ត្រាំ បាន​បន្ទោស​បក្ស​ប្រជាធិបតេយ្យ​និ​ថ​ចោទប្រកាន់ថា បក្ស​នេះ​កំពុង​ព្យាយាម​បំបាក់​ប្រជាប្រិយភាព និង​ទប់ស្កាត់​ការសម្រេច​ឲ្យ​បាន​នូវ​សមិទ្ធផល​ដែល​លោក​បាន​សន្យា​មុន​ការបោះឆ្នោត​មកដល់​ឆ្នាំ ២០២០​។​
 
​លោក ត្រាំ ប្រកាស​បែបនេះ​៖ «​ការបិទ​រដ្ឋាភិបាល​គឺ​ព្រោះតែ​រឿង​បោះឆ្នោត​ប្រធានាធិបតី ឆ្នាំ ២០២០​។ បក្ស​ប្រជាធិបតេយ្យ​ដឹងថា ពួកគេ​មិនអាច​ឈ្នះ​ដោយ​ផ្អែកលើ​សមិទ្ធផល​របស់ ត្រាំ ឡើយ​។ ដូច្នេះហើយ​គេ​នាំគ្នា​បដិសេធ​ជញ្ជាំង និង​សន្តិសុខ​ព្រំដែន​ដេ​ល​យើង​ត្រូវការ​បំផុត​។ វា​ជា​រឿង​អាម៉ាស់​របស់​ប្រធានាធិបតី​។ សម្រាប់​ពួកគេ ភ្ជាប់​រឿង​ជញ្ជាំង​ទៅ​នយោបាយ​ឲ្យ​ខាងតែបាន​»​។ 
 
 
​យ៉ាងណាមិញ​ថ្ងៃ​សុក្រ​ទី ៤ ខែមករា មេដឹកនាំ​បក្ស​ប្រ​ធានា​ធិបតេយ្យ បក្ស​សាធារណរដ្ឋ  រួមជាមួយ​មន្ត្រី​សេត​វិមាន​នឹង​ជជែក​គ្នា​ជាថ្មីទៀត​ដើម្បី​ដោះស្រាយ​សមរម្យ​សម្រាប់​បញ្ហា​ចម្រូងចម្រាស​នេះ​។  គេ​មិនដឹង​ច្បាស់​ឡើយ​ថា មេដឹកនាំ​ទាំងនេះ​នឹង​អាច​ឈានដល់​ឯកភាពគ្នា​លើ​កិច្ចព្រមព្រៀង​ណាមួយ​បើក​រដ្ឋាភិបាល​ឡើងវិញ​ឬក៏​យ៉ាងណា​ឡើយ​៕
 

Tag:
 អាមេរិក​
  បក្ស​ប្រ​ធិបតេយ្យ​
  ជញ្ជាំង​ម៉ិ​ក​ស៊ិ​ក​
  ដូ​ណា​ល់ ត្រាំ​
  ណាន់​ស៊ី ផេ​ឡូ​ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com