អត្ថបទពាណិជ្ជកម្ម
សុខភាព​ភ្នែក​កុមារ​នៅតាម​សាលារៀន នៅតែ​ជា​អាទិភាព​ចម្បង​សម្រាប់​ក្រសួង​អប់រំ និង​កម្មវិធី​ជាតិ​សុខភាព​ភ្នែក​នៃ​ក្រសួងសុខាភិបាល​
04, Jan 2019 , 5:12 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៩ នេះ  វិទ្យាស្ថាន​ស្តារ​គំហើញ​ប្រាយ​អ៊ិន ហូល​ឌិន (Brien Holden Vision Institute Foundation) បាន​ចុះ​ពិនិត្យ​ភ្នែក និង​វាស់​វ៉ែនតា ជូន​សិស្សានុសិស្ស​វិទ្យាល័យ​វត្ត​កោះ ក្នុង​រាជធានី​ភ្នំពេញ​។ សកម្មភាព​នេះ មានការ​ចូលរួម​ពី  លោកស្រី គឹម សេដ្ឋា​នី  រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​,​លោកស្រី វេជ្ជបណ្ឌិត ឆាយ គឹម​សុទ្ធា​វី  ប្រធាន​នាយកដ្ឋាន​សុខភាព​សិក្សា​,​លោក​សាស្ត្រាចារ្យ ចក្ខុ​បណ្ឌិត ដោរ សីហា  អនុប្រធាន​កម្មវិធី​ជាតិ​សុខភាព​ភ្នែក​, លោក គង់ នាត នាយក​ប្រចាំ​ប្រទេស  វិទ្យាស្ថាន​ស្តារ​គំហើញ​ប្រាយ​អ៊ិន​ហូល​ឌិន​,​មន្ត្រី​តំណាង​មន្ទីរអប់រំ​រាជធានី និង  លោកគ្រូ​-​អ្នកគ្រូ​ជាច្រើន​នាក់​ផងដែរ​។
 
​សកម្មភាព ពិនិត្យ​ភ្នែក​ជូន​សិស្សានុសិស្ស​នាពេលនេះ​(School Screening) ត្រូវបាន​ធ្វើឡើង ដោយ​ក្រុម​អ្នកបច្ចេកទេស ជា​ចក្ខុ​មាត្រ​ការី (​លោកចក្ខុ​មាត្រ​ការី ជា សីលា និង​លោកស្រី​ចក្ខុ​មាត្រ​ការី ឌា​ន ម៉ាលី​ស​) និង​សហការី របស់​វិទ្យាស្ថាន​ស្តារ​គំហើញ​ប្រាយ​អ៊ិន​ហូល​ឌិន ដោយមាន​ការសហការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា នាយកដ្ឋាន មន្ទីរអប់រំ សា​ម៉ី​សាលា និង​កម្មវិធី​ជាតិ​សុខភាព​ភ្នែក​នៃ​ក្រសួងសុខាភិបាល ក្រោម ជំនួយ​ឧបត្ថម្ភ​ថវិកា ពី LIONS CLUBS INTERNATIONAL FOUNDATION ។ 


 
​គួររំលឹកថា វិទ្យាស្ថាន​ស្ថា​រ​គំហើញ​ប្រាយ​អ៊ិន​ហូល​ឌិន បាន​ចាប់​អនុវត្តន៍​កម្មវិធី​ពិនិត្យ​ភ្នែក​សិស្សានុសិស្ស និង​លោកគ្រូ​-​អ្នកគ្រូ​តាម​សាលា​វិទ្យាល័យ អនុវិទ្យាល័យ និង​បឋមសិក្សា មួយចំនួន នៅ​រាជធានី​ភ្នំពេញ ចាប់ពី​ឆ្នាំ​២០១០​មក​។ មកទល់ពេលនេះ កម្មវិធី​នេះ​បាន បណ្តុះបណ្តាល លោកគ្រូ អ្នកគ្រូ និង​មន្ត្រី​នាយកដ្ឋាន​សុខភាព​សិក្សា​/​ក្រសួង​អប់រំ អំពី​ការយក​គំហើញ​បឋម ការផ្សព្វផ្សាយ​សារ​សុខភាព​ភ្នែក និង​បាន​ពិនិត្យ​ភ្នែក​ជូន​សិស្សានុសិស្ស​និង​លោកគ្រូ អ្នកគ្រូ ចំនួន ៥៥,៥៦៨​នាក់ ដោយ​ទទួលបាន​លទ្ធផល​យ៉ាង​ល្អប្រសើរ​។  
 
​លោក គង់ នាត នាយក វិទ្យាស្ថាន​ស្តារ​គំហើញ​ប្រាយ​អ៊ិន​ហូល​ឌិន​ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែងថា កម្មវិធី​ពិនិត្យ​ភ្នែក​កុមារ​តាម​សាលារៀន​នេះ​មាន​គោលបំណង​សំខាន់ៗ រួមមាន​១.​រក​ឲ្យ​ឃើញ​កុមារ​ដែលមាន​បញ្ហា​កំហុស​កំ​ណុំ​រូបភាព (​ភ្នែក​មី​ញ៉ូ​ប​) បញ្ហា​កំសោយ​គំហើញ ដើម្បី​កែតម្រូវ​បាន​ត្រឹមត្រូវ និង​ទាន់ពេល​។ ២.​ផ្សព្វផ្សាយ​ជា​សាធារណៈ ពី​ផលប្រយោជន៍​នៃ​ការពិនិត្យ​ភ្នែក​។ និង​៣. បញ្ជូន​ទៅកាន់​សេវា​ថែទាំ​ភ្នែក​ផ្សេងៗ​ទៀត​ដែល​សមស្រប​ប្រសិនបើ​មាន​។ លោក​បន្ថែមថា​៖«​កម្មវិធី​នេះ ក៏ត្រូវ​បានធ្វើ​ឡើង​ដើម្បី​ឆ្លើយតប​ទៅ នឹង​បញ្ហា​ភាព​ពិការភ្នែក ដែល​បណ្តាលមកពី​កំហុស​កំ​ណុំ​រូបភាព និង​គាំទ្រ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សម្រាប់ គ្រប់គ្រង និង​បង្ការ​ភាព​ពិការភ្នែក ២០១៦-២០២០ របស់​ក្រសួងសុខាភិបាល និង​រួមចំណែក​ឆ្លើយតប​គោលនយោបាយ​សុខភាព​សិក្សា របស់​ក្រសួង​អប់រំ​ផងដែរ​។ លោក​គង់ នាត ក៏បាន​អំពាវនាវ ដល់​ឪពុកម្តាយ អ្នកអាណាព្យាបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ទាំងអស់ ចូលរួម​អន្តរាគមន៍​ចំពោះ​សុខភាព​ភ្នែក​ទាំងអស់គ្នា ពិសេស​សុខភាព​ភ្នែក​កុមារ​។    
 

 
​ឆ្លៀត​ក្នុងឱកាស​នៃ​ការចុះ​ត្រួតពិនិត្យ​សកម្មភាព​ពិនិត្យ​ភ្នែក​នេះ 
 
​នៅក្នុង​កម្មវិធី​នេះដែរ លោកស្រី គឹម សេដ្ឋា​នី រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែងអំណរគុណ​ដល់​ម្ចាស់ជំនួយ  LIONS CLUBS INTERNATIONAL FOUNDATION  និង​វិទ្យាស្ថាន​ស្ថា​រ​គំហើញ​ប្រាយ​អ៊ិន​ហូល​ឌិន កម្មវិធី​ជាតិ​សុខភាព​ភ្នែក​នៃ​ក្រសួងសុខាភិបាល ដែល​សហការគ្នា ក្នុងការ​ជួយសង្គ្រោះ​ដល់​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ​ដែលមាន​បញ្ហា​សុខភាព​ភ្នែក​។ លោកស្រី ក៏បាន​ស្នើ​ឲ្យ​បន្ត​កិច្ចសហការ​ជាមួយ​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ផ្សេងទៀត ដើម្បី​ជួយសង្គ្រោះ​ដល់​សិស្ស ដែលមាន​បញ្ហា​ភ្នែក​ផងដែរ​។ ទន្ទឹមនឹង​រំឭក​ឲ្យ​សិស្សានុសិស្ស​ខិតខំ​រៀនសូត្រ លោកស្រី គឹម សេដ្ឋា​នី ក៏​អំពាវនាវ​ឲ្យ​ពួកគេ យកចិត្តទុកដាក់​ពី​បញ្ហា​សុខភាព​ខ្លួន​ផង ជាពិសេស​បញ្ហា​សុខភាព​ភ្នែក​នេះ​តែម្តង​។​
 
​ចំណែក​លោក​សាស្ត្រាចារ្យ ដោរ សីហា អនុប្រធាន​កម្មវិធី​ជាតិ​សុខភាព​ភ្នែក ដែលមាន​វត្តមាន​ក្នុង​កម្មវិធី​នៅ​ព្រឹក​នេះដែរ បាន​លើកឡើងថា កម្មវិធី​ពិនិត្យ​ភ្នែក​សិស្ស​តាម​សាលារៀន​នេះ មាន​សារៈសំខាន់​ណាស់ ដែល​អាច​ស្រាវជ្រាវ​រកឃើញ​កុមារ មាន​ភ្នែក​មី​ញ៉ូ​ប (​បញ្ហា​កំហុស​កំ​ណុំ​រូបភាព​)​។ «​តាម​ការពិនិត្យ  ផ្ទាល់​នៅថ្ងៃនេះ សូម្បីតែ​កុមារ​ផ្ទាល់ មាន​អាយុ​ដល់​ទៅ ១៥ ឬ ១៦​ឆ្នាំ (​រឺ​រៀន​ដល់​ថ្នាក់​ទី ៩ ឬ​ទី​១០) ទៅហើយ មិនដឹងថា​ខ្លួនឯង​មាន​មី​ញ៉ូ​ប​ផង​» ។ ជំនួស​ឲ្យ​កម្មវិធី​ជាតិ​សុខភាព​ភ្នែក លោក ដោរ សីហា បាន​ប្តេជ្ញា​គាំទ្រ​សកម្មភាព​ពិនិត្យ​ភ្នែក​កុមារ និង​គម្រោង​ស្រាវជ្រាវ​តាម​សាលារៀន​នេះ និង​លើកទឹកចិត្ត​ឲ្យ​យក​លទ្ធផល​ពី​ការងារ​នេះ ជា​ឧបករណ៍ ក្នុងការ​ពង្រីក​ការផ្សព្វផ្សាយ យល់ដឹង​សុខភាព​ភ្នែក ការធ្វើផែនការ​សុខភាព​ភ្នែក និង​ការដាក់​យុទ្ធសាស្ត្រ​សុខភាព​ភ្នែក​បន្តបន្ទាប់​ទៀត​៕    










​ម្ចាស់ជំនួយៈ SPONSOR 


 
(​អត្ថបទ​ពាណិជ្ជកម្ម​)  
      
 
 

© រក្សាសិទ្ធិដោយ thmeythmey.com