កីឡាជាតិ
ជាតិ
អត្ត​ព​លិ​ក​ជាតិ​និង​អន្តរជាតិ​ជាង​១​ពាន់​នាក់​ចូលរួម​រត់​កម្សាន្ត និង​ថ្មើរជើង​ប្រវត្តិសាស្ត្រ​នៅ​អន្លង់វែង​
05, Jan 2019 , 9:42 am        
រូបភាព
ដោយ: ថ្មីៗ
ឧ​ត្ត​រ​មានជ័យ​៖ អត្ត​ព​លិ​ក​ជាតិ​និង​អន្តរជាតិ​ជាង​១​ពាន់​នាក់​ចូលរួម​រត់​កម្សាន្ត​និង​ថ្មើរជើង​ប្រវត្តិសាស្ត្រ​នៅ​តំបន់​តស៊ូ​ចុងក្រោយ​នៃ​របប​របប​ខ្មែរក្រហម​នៅ​អន្លង់វែង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ក្រៅពី​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​មក​ទស្សនា​តំបន់​ទេសចរណ៍​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ព្រឹត្តិការណ៍​នេះ រៀបចំឡើង​ដើម្បី​អបអរ​ខួប​លើក​ទី​៤០​នៃ​ជ័យជម្នះ​៧​មករា និង​ខួប​២០​ឆ្នាំ​នៃ​ការបញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​។​

 
​រមណីយដ្ឋាន​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ផ្ទះ​តា​ម៉ុក បាន​ក្លាយជា​ទីតាំង​ចាប់ផ្តើម​នៃ​ព្រឹត្តិការណ៍​រត់​កម្សាន្ត និង​ថ្មើរ​ប្រវត្តិសាស្ត្រ​ឆ្ពោះទៅកាន់​តំបន់​ប្រវត្តិសាស្ត្រ​ចុងក្រោយ​នៃ​របប​ខ្មែរក្រហម​។ សម្រាប់​ព្រឹត្តិការណ៍​រត់​កម្សាន្ត​៣​គីឡូម៉ែត្រ​នៅ​ព្រឹក​ថ្ងៃទី​៥ ខែមករា​នេះ មាន​អត្ត​ព​លិ​ក​ជាតិ​និង​អន្តរជាតិ​ជាង​១​ពាន់​នាក់​ចូលរួម ដែល​អត្ត​ព​លិ​ក​ភាគច្រើន​ជា​សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​អន្លង់វែង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ចំណែក​អត្ត​ព​លិ​ក​បរទេស​ភាគច្រើន​មកពី​ប្រទេស​ថៃ​។  
 
 
​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​លោក វ៉ា​ត់ ចំរើន បាន​បញ្ជាក់ថា ព្រឹត្តិការណ៍​នេះ​រៀបចំឡើង​ដើម្បី​អបអរ​ខួប​លើក​ទី​៤០​នៃ​ជ័យជម្នះ​៧​មករា និង​ខួប​២០​ឆ្នាំ​នៃ​ការបញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា ក្រោយ​របប​ខ្មែរក្រហម​ឆ្នាំ​១៩៩៨​។ មួយវិញទៀត គឺ​ដើម្បី​ទាក់​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​ឲ្យ​មក​ទស្សនា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ក៏ដូចជា​អប់រំ និង​បញ្ជ្រាប​ការយល់ដឹង​ពី​អនុស្សាវរីយ៍​ជូរចត់​នៃ​របប​ខ្មែរក្រហម​ដល់​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​។ 
 
 
​សម្រាប់​លោក វ៉ា​ត់ ចំរើន នេះ​ជា​ឱកាស​សម្រាប់​ភ្ញៀវទេសចរ​ក្នុងការ​សិក្សា​ឲ្យ​បាន​ស៊ីជម្រៅ​ពី​ការបញ្ចប់​សង្គ្រាមស៊ីវិល​នៃ​របប​ចុងក្រោយ​របស់​ខ្មែរក្រហម​។ «​យើង​សហការ​ជាមួយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដែល​ស្រាវជ្រាវ​ពី​ប្រវត្តិ​របប​ខ្មែរក្រហម គាត់​នឹង​នៅចាំ​ទីនោះ ហើយ​គាត់​នឹង​ផ្សព្វផ្សាយ អប់រំ​ដល់​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ ជាមួយ​មន្ទីរ​ទេសចរ​ណ៍​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​កាន់កាប់​នៅ​ទីនោះ​។ យើង​នឹង​ប្រាប់​ពី​ការបញ្ចប់​សង្គ្រាម​ចុងក្រោយ​របស់​ខ្មែរក្រហម ការបែកបាក់ និង​បញ្ចប់​អង្គ​ការចាត់​តាំងរបស់​ខ្មែរក្រហម និង​មូលហេតុ​នៃ​បញ្ហា​ជាដើម​»​។ នេះ​ជាការ​លើកឡើង​របស់លោក វ៉ា​ត់ ចំរើន​។ 
  
 
​បន្ទាប់ពី​ការរត់​កម្សាន្ត​៣​គីឡូម៉ែត្រ គឺ​ការដើរ​ថ្មើរជើង​ចម្ងាយ​៥​គីឡូម៉ែត្រ​នៅលើ​ជួរ​ភ្នំ​ដងរ៉ែក​ឆ្ពោះទៅកាន់​តំបន់​ប្រវត្តិសាស្ត្រ​ចុងក្រោយ​នៃ​របប​ខ្មែរក្រហម​។ នៅ​ទី​នោះដែរ ក៏មាន​ការសម្តែង​សិល្បៈ​ពាក់ព័ន្ធ​នឹង​របប​ខ្មែរក្រហម​ផងដែរ​។ ការ​ថ្មើរជើង​នេះ ចេញដំណើរ​ពី​ច្រក​អន្តរជាតិ​ជាំ​ទៅកាន់​ប៉ូ​យ​តា​ម៉ុក និង​បញ្ចប់​នៅ​មជ្ឈមណ្ឌល​ប្រ​វិត្ត​សាស្ត្រ​កម្ពុជា​។ 
 
​ព្រឹត្តិការណ៍​រត់​កម្សាន្ត និង​ថ្មើរជើង​ប្រវត្តិសាស្ត្រ​នេះ​រៀបចំ​ដោយ​ក្រសួងទេសចរណ៍ សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​និង​រដ្ឋបាលខេត្ត​ឧ​ត្ត​រ​មានជ័យ​៕  
 












Tag:
 រត់ប្រណាំង​
  ថ្មើរជើង​ប្រវត្តិសាស្ត្រ​
  អន្លង់វែង​
  ឧ​ត្ត​រ​មានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com