ជាតិ
សង្គមជាតិ
ភូមិ​ចំនួន​៤ នៅ​ស្រុក​មណ្ឌលសីមា បាន​រង​ការប៉ះពាល់​ដោយសារ​រលក​សមុទ្រ​បោកបក់​
05, Jan 2019 , 12:59 pm        
រូបភាព
ដោយ:
​ភូមិ​ចំនួន ៤ ដែល​ស្ថិតនៅតាម​បណ្ដោយ​ឆ្នេរ​បាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង​បាន​រង​ការប៉ះពាល់ ដោយសារ​រលក​ធំៗ​បាន​បោកបក់​មកលើ ដែល​ធ្វើ​ឲ្យ​ច្រាំង​ទប់ទឹក​ក៏ត្រូវ​ទឹក​វាយបំបាក់​ផងដែរ ទើប​ជាហេតុ​ធ្វើឱ្យ​ទឹក​ហូរ​ដល់​ដល់​ផ្លូវ​កំពុងតែ​ធ្វើ​ចរាចរណ៍​។ បញ្ហា​នេះ​អាជ្ញាធរ​កំពុង​ធ្វើ​អ​ន្តា​គម​ន៍ និង​បញ្ចៀស​ការកកស្ទះ​នៅតាម​ផ្លូវ ដែល​រង​ការប៉ះពាល់​។ នេះ​បើតាម​ការ​ឱ្យដឹងពី​លោក ហាក់ ឡេង អភិបាលស្រុក​មណ្ឌលសីមា​។​


​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​នា​ព្រឹក​នេះ លោក ហាក់ ឡេង បាន​និយាយថា នៅពេលនេះ​រូបលោក និង​អាជ្ញាធរ​នៅក្នុង​មណ្ឌលសីមា កំពុងតែ​សម្រួល​ចរាចរណ៍ និង​ផ្អាករ​ថត​យន្ត​ធុន​ធំ​ឆ្លងកាត់​សិន ពីព្រោះ​ទឹកបាន​ហូរ​ដល់​ផ្លូវ ដែល​អាចធ្វើឱ្យ​ខូចខាត​ផ្លូវ​បាន​។ ប៉ុន្តែ​រថយន្ត​តូចៗ​អាចធ្វើ​ដំណើរ​បានជា​ធ​ម្ម​តា​។ 
  
 
​អភិបាលស្រុក​មណ្ឌលសីមា បាន​បន្ថែមថា អាជីវករ​ដែល​លក់ដូ​រ​នៅតាម​បណ្តោយ​ឆ្នេរ ត្រូវបាន​ជម្លៀស​ទៅ​ទីទួល​បណ្ដោះអាសន្ន ហើយ​យ៉ាងយូ​២-៣​ថ្ងៃ នឹង​អាច​បើក​អាជីវកម្ម​ដូច​សភាព​ដើម​វិញ​។ «​សម្រាប់​បញ្ហា​នេះដែរ​មិន​ខុសគ្នា​ឡើយ​កាលពី​ឆ្នាំមុនៗ ក៏​ធ្លាប់​កើតមាន​បែបនេះ​ដែរ​»​។ នេះ​ការបញ្ជាក់ លោក ហាក់ ឡេង ដែល​បាន​បន្ថែមថា ទឹកសមុទ្រ​ថ្ងៃនេះ​អាច​ស្រក​ចុះ ហើយ​ស្អែក​នឹងមិន​ហក់​ឡើង​ទៀត​ទេ​។ ប៉ុន្តែ​បើ​ទឹក​នៅតែ​បន្ត​ឡើង​ទៀត អាជ្ញាធរ​នៅតែ​បន្តធ្វើ​កិច្ច​នេះ​ទៀត​រហូត​ដូច​សភាព​ដើម​វិញ​។ 
 
​លោក ហាក់ ឡេង បា​នស​ង្គ​ត់​ធ្ងន់​ថា ការកើតឡើង​រលក​ធំៗ​នេះ​បណ្ដាលមកពី​ចំហាយ​ខ្យល់​ពី​ប្រទេសជិតខាង​(​ថៃ​) បាន​មកដល់​កម្ពុជា ហើយ​ការប៉ះពាល់​នេះ​នៅតាម​បណ្តា​យ​ឆ្នេរ​បាក់​ខ្លង​ប្រមាណ ៥​រយ​ម៉ែត្រ​។ ចំពោះ​សំរាម​តូច​-​ធំ ឫ​ដើមឈើ​ដែល​បាន​បាក់​ហូរ​នៅលើ​ឆ្នេរ​នោះ អាជ្ញាធរ​បាន​សម្អាត និង​យកចេញ​អស់ហើយ​។​
 
​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​២​មករា កម្ពុ​ជាមាន​អាកាសធាតុ​ត្រជាក់ ដោយសារ​ជ្រលង​សម្ពាធ​ខ្ពស់ បានចាប់ផ្តើម​ចុះខ្សោយ និង​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង មាន​កើត​នូវ​ព្យុះ​ឈ្មោះ​ប៉ា​ប៊ុ​ក​(PABUK) ប្រចាំឆ្នាំ​២០១៩​។ ព្យុះ​នេះ នឹង​វិវត្តន៍​ខ្លួន​ទៅជា​ព្យុះ​ទី​ហ្វុ​ង (TY PABUK) រួច​បន្តដំណើរ​ទៅ​ភាគខាងត្បូង​នៃ​ប្រទេស​ថៃ​។ 
​ជាមួយគ្នានេះ  ក្រសួង​បាន​សូម​ឲ្យ​ប្រជា​នេសាទ អ្នកធ្វើដំណើរ​តាម​សមុទ្រ ជា ពិសេស​កងទ័ព​ដែល​ឈរជើង​នៅតាម​បណ្តា​កោះ​នានា សូម​បង្កើន​ភាព​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ព្យុះ​នេះ ដែល​អាច​បង្ក​អាចមាន​ភ្លៀង​លាយឡំ​ជាមួយ​ខ្យល់​បក់បោក​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ ចាប់ពី​ថ្ងៃទី​៣-៤ មករា ឆ្នាំ​២០១៩៕
 










Tag:
 កោះកុង
© រក្សាសិទ្ធិដោយ thmeythmey.com