ជាតិ
​​​ន​យោ​បាយ​ជាតិ​
GDP ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិចារណា ដោយមាន​ទស្សន​វែងឆ្ងាយ មុន​សម្រេច​លុប​បឹង​តោ​មោក​
05, Jan 2019 , 1:42 pm        
រូបភាព
​ភ្នំពេញ​៖ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) ជំទាស់​ការសម្រេច​រប​ស់​រដ្ឋាភិបាល ដែល​អនុញ្ញាតិ​ឲ្យ​មានការ​អភិវឌ្ឍ​លើ​គម្រោង​បង្កើត​ផ្សារ និង​ចំណតរថយន្ត​នៅ​បឹង​តា​មោក ចំនួន​២០​ហិកតា កាលពីពេល​ថ្មីៗ​នេះ​។ គណបក្ស​មួយ​នេះ ចាត់ទុក​ការ​លុប​បឹង​មួយផ្នែក​នេះ គឺជា​ការធ្វើ​ឲ្យ​បាត់បង់​សោ​ភ័​ណ្ឌ​ភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។​


​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន យល់ឃើញថា ការផ្លាស់ប្តូរ​ទីផ្សារ​បន្លែ​ទៅ​ជាយក្រុង គឺជា​រឿង​ល្អ ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​ក្នុង​ក្រុង និង​គ្រប់គ្រង​គុណភាព​បន្លែ​ផ្លែឈើ​មាន​ប្រសិទ្ធិភាព​។ ក៏ប៉ុន្តែ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន មិន​គាំទ្រ​ការ​លុប​បឹង​តា​មោក ដែលជា​បឹង​ធម្មជាតិ​ខ្នាត​ធំ​ចុងក្រោយ​នៅ​រាជធានី​ភ្នំពេញ ដើម្បី​បង្កើត​ផ្សារ​បន្លែ​ទេ​។​
 
«​ការរក្សា​បឹង​ធម្មជាតិ​ចុងក្រោយ​នេះ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការគ្រប់គ្រង​រាជធានី ដើម្បី​សោភ័ណភាព និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​រស់នៅ​ភ្នំពេញ​»​។ នេះ​ជាការ​លើកឡើង​របស់​គ​ណ​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន​។​
 
​ជាមួយគ្នានេះ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន អំពាវនាវ​ឲ្យ​រាជរដ្ឋាភិបាល​ពិចារណា​ឡើងវិញ ដោយ​យកចិត្តទុកដាក់ និង​មាន​ទស្សន​វែងឆ្ងាយ​ក្នុងការ​សម្រេច​លុប​បឹង​តា​មោក​ផងដែរ​។​
​សារព័ត៌មាន​ថ្មីៗ មិនទាន់​អាចទាក់ទង​ទៅ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដើម្បី​សុំ​ការអត្ថាធិប្បាយ​បន្ថែម ជុំវិញ​ការលើកឡើង​ខាងលើ​នេះឡើយ​។​
 
​ទាក់ទង​នឹង​ករណី​បឹង​តា​មោក​នេះ រដ្ឋាភិបាល បានសម្រេច​បង្កើត​ផ្សារ​ថ្មី​មួយ នៅ​បឹង​តា​មោក មាន​ទំហំ​២០​ហិកតា​។ ក្នុង​លិខិត​ស្តីការគណៈរដ្ឋមន្ត្រី ដែល​ទើប​បែកធ្លាយ​កាលពីពេល​ថ្មីៗ​នេះ បាន​បញ្ជាក់ថា ការសម្រេច​បង្កើត​ផ្សារ​ថ្មី​នេះ គឺ​ក្នុង​បំណង​ប្តូរ​ផ្សារ​ដើម​គរ​ទៅ​ទីនោះ​វិញ ដោយយោង​តាម​ចំណារ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។​
​ជុំវិញ​បញ្ហា​នេះ លោក នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ បាន​និយាយថា រដ្ឋបាល​រាជធានី​ភ្នំពេញ គ្មាន​គម្រោង​រុះរើ​ផ្សារ​ដើម​គរ​ទាំងស្រុង ហើយ​ប្រគល់​ឲ្យ​ក្រុមហ៊ុន​ឯកជន វិនិយោគ​នោះទេ​។ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ថ្ងៃទី​៤ មករា លោក នួន ផា​រ័ត្ន បាន​និយាយ​ដូច្នេះ​៖«​សូមបញ្ជាក់​ឲ្យ​ច្បាស់​ថា រដ្ឋបាល​រាជធាន​ភ្នំពេញ មិនមាន​គោលបំណង​រុះរើ​ផ្សារ​ដើម​គរ​ទេ​។ បើ​មាន ដាច់ខាត យើង​ត្រូវតែ​ពិគ្រោះ​យោបល់​ជាមួយ​បងប្អូន​អាជីវករ​ទាំងអស់​»​។​
 
​អភិបាលរង​រូបនេះ បកស្រាយ​ថា អ្វីដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ នឹងធ្វើ​នោះ គឺ​បង្កើត​ផ្សារ​ថ្មី​មួយ នៅ​បឹង​តា​មោក ដើម្បី​ឲ្យ​អាជីវករ លក់​បោះ​ដុំ​បន្លែ​ផ្លែឈើ និង ធ្វើជា​ចំណតរថយន្ត​។  លោក សង្កត់ធ្ងន់ថា គោលបំណង​នៃ​ការបង្កើត​ផ្សារ​ថ្មី នៅ​បឹង​តា​មោក គឺ​ដើម្បី​សម្រួល​ចរាចរណ៍ និង​ការពារ​បរិស្ថាន​។ លោក បន្ថែមថា កន្លងមក ការលក់​បន្លែ​ផ្លែឈើ​និង​របស់​ផ្សេងៗ​ទៀត នៅតាម​ដងផ្លូវ ជាប់​ផ្សារ​ដើម​គរ បានធ្វើ​ឲ្យ​កកស្ទះ​ចរាចរណ៍​និង​ប៉ះពាល់​ដល់​បរិស្ថាន​៕

Tag:
 GDP
  បឹង​តា​មោក
© រក្សាសិទ្ធិដោយ thmeythmey.com