អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ត្រាំ គំរាម​បិទ​រដ្ឋាភិបាល​រាប់​ឆ្នាំ ឬ​អាច​ប្រកាស​ភាពអាសន្ន បើ​នៅ​មិនបាន​លុយ​សង់​ជញ្ជាំង​ព្រំដែន​
05, Jan 2019 , 2:16 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​គំរាម​ជាថ្មី​នៅ​សប្តាហ៍​នេះ​ថា លោក​ត្រៀមខ្លួន​បិទ​រដ្ឋាភិបាល​ដោយ​ផ្នែក​បន្ត​ទៅមុខ​រាប់​ឆ្នាំ ឬ​អាច​ប្រកាស​ដាក់​រដ្ឋ​ក្នុង​ភាពអាសន្ន​ផង បើសិនជា​លោក មិនបាន​លុយ​សង់​ជញ្ជាំង​ព្រំដែន​ម៉ិ​ក​ស៊ិ​កជាង​ប្រាំ​ពាន់​លាន​ដុល្លារ​។


​ក្រោយ​ជំនួប​ទល់មុខ​ជាថ្មីទៀត​ជាមួយ​មេដឹកនាំ​បក្ស​ប្រជាធិបតេយ្យ និង​សាធារណរដ្ឋ​នៅ​ថ្ងៃ​សុក្រ​ទី ៤​ខែមករា លោក ដូ​ណា​ល់ ត្រាំ បានប្រកាស​ជាថ្មី​ប្រាប់​អ្នកនយោបាយ​ទាំងនោះ​ថា លោក​ត្រៀមលក្ខណៈ​សម្រាប់​ការបន្ត​បិទ​រដ្ឋាភិបាល​រយៈពេល​វែង​ដល់​រាប់​ឆ្នាំ​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ប្រធានាធិបតី​រូបនេះ​បាន​បញ្ជាក់ថា លោក​ហ៊ាន​ធ្វើ ក្នុងករណី​ដែល​លោក​មិនបាន​កញ្ចប់​ថវិកា​ប្រាំ​ពាន់​លាន​ដុល្លារ​ដើម្បី​សង់​ជញ្ជាំង​ព្រំដែន​តាម​ការទាមទារ​។ ប៉ុន្តែ​មេដឹកនាំ​រូបនេះ​សង្ឃឹមថា រឿង​អាក្រក់​នេះ​នឹង​មិនកើត​ឡើង​ទៅ​ចុះ​។ 
 
«​ពិត​ហើយ​ខ្ញុំ​ពិតជា​និយាយ​ដូច្នេះ​មែន​»​។ លោក ត្រាំ ប្រាប់​អ្នកកាសែត​នៅក្រៅ​សេត​វិមាន ហើយ​បន្តថា​៖« ខ្ញុំ​មិន​គិតថា វា​នឹង​កើតឡើង​ទេ ប៉ុន្តែ​ខ្ញុំ​ត្រៀមខ្លួន​ហើយ​។ ខ្ញុំ​សង្ឃឹមថា វា​នឹងមិន​បន្តទៅ​មុខ​ទេ​។ វា​ជា​ជា​អាច​បើក​ឡើងវិញ​ឆាប់ ហើយ​យើង​មាន​ការជជែក​ពិភាក្សាគ្នា​ពោរពេញ​ដោយ​ផ្លែផ្កា​»​។​
 
​ក្រៅពី​គំរាម​បិទ​រដ្ឋាភិបាល​ដោយ​ផ្នែក​រាប់​ឆ្នាំ លោក ត្រាំ ក៏​គំរាម​ប្រកាស​ភាពអាសន្ន​ថែមទៀត ដើម្បី​អនុញ្ញាត​ឲ្យ​មានការ​សាងសង់​ជញ្ជាំង​ដោយ​មិនចាំបាច់​ឆ្លង​សភា​។ ប៉ុន្តែ​វា​រឿងចម្រូងចម្រាស​មួយ ដោយសារ​រដ្ឋធម្មនុញ្ញ​អាមេរិក​ផ្តល់​អំណាច​ដោយ​ស្ថាប័ន​នីតិបញ្ញត្តិ​ក្នុង​ការអនុម័ត​ថវិកាជាតិ​។ ហើយ​បើសិនជា​លោក ត្រាំ បន្តធ្វើ​បែបនេះ សំណុំ​រឿងនេះ​នឹងត្រូវ​បញ្ជូនទៅ​កាត់សេចក្តី​នៅ​តុលាការ​ជាក់​ជាមិនខាន​។ ជុំវិញ​បញ្ហា​នេះ លោក ត្រាំ សង្កត់ធ្ងន់ថា លោក​មិន​ខ្លាច​នឹងធ្វើ​បែបនេះ​ទេ ព្រោះ​លោក​មានអំណាច ហើយ​វា​ជា​រឿង​សន្តិសុខ​ជាតិ​ផង​។ 
​លោក ត្រាំ អះអាង​បែបនេះ ស្រប​ពេលដែល​តំណាងរាស្ត្រ​បក្ស​ប្រជាធិបតេយ្យ​ចាប់ផ្តើម​ក្តោប​ក្តាប់​សភាតំណាងរាស្ត្រ​ជាថ្មី ហើយ​សភា​ក៏បាន​អនុម័ត​ច្បាប់​ថវិកា​ដើម្បី​បើក​រដ្ឋាភិបាល​វិញ​ដែរ​។ ប៉ុន្តែ​គ្មាន​ការអនុម័ត​កញ្ចប់​លុយ​សម្រាប់​សង់​ជញ្ជាំង​តាម​ការទាមទារ​របស់​លោក ត្រាំ​ឡើយ​។ 
 
​មេដឹកនាំ​សំឡេង​ភាគច្រើន​នៅ​ព្រឹទ្ធសភា​លោក Mitch McConnell បានប្រកាស​ហើយ​ថា ច្បាប់​ដែល​ត្រូវអនុម័ត​មិនអាច​ឆ្លង​ផុតពី​ព្រឹទ្ធសភា​ទេ ដរាបណា​គ្មាន​ការផ្តល់​លុយ​ប្រាំ​ពាន់​លាន​ដុល្លារ​សម្រាប់​សង់​ជញ្ជាំង​តាម​ការទាមទារ​របស់​លោក ត្រាំ​។ ដូច្នេះ វា​មានន័យថា រដ្ឋាភិបាល​នៅតែ​បន្ត​បិទ​ដោយ​ផ្នែក ហើយ​ច្បាប់​ថវិកា​ដែល​ត្រូវ​សភា​អនុម័ត​នោះ​ក៏​មិនអាច​ត្រូវបាន​បញ្ជូនបន្ត​ទៅកាន់​ព្រឹទ្ធសភា​ដើម្បី​បោះឆ្នោត​ឡើយ​។​
 
​យ៉ាងណាក៏ដោយ សម្តី​លោក ត្រាំ ហាក់​មាន​ភាពជឿជាក់ និង​សុទិដ្ឋិនិយម​ជាង​តំណាងរាស្ត្រ​បក្ស​ប្រជាធិបតេយ្យ​ជុំវិញ​ការអនុម័ត​កញ្ចប់​លុយ​សម្រាប់​សង់​ជញ្ជាំង​ព្រំដែន​។ ប្រធានរដ្ឋសភា​ថ្មី​លោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី និយាយថា លោកស្រី​បាន​ប្រាប់​ប្រធានាធិបតី ត្រាំ រួចរាល់​ហើយ​ថា គណបក្ស​ប្រជាធិបតេយ្យ​ទទួលស្គាល់ថា បញ្ហា​គ្រប់យ៉ាង​មិនអាច​ដោះស្រាយ​បានឡើយ បើសិនជា​រដ្ឋាភិបាល​មិនត្រូវ​បើក​ឲ្យ​ដំណើរការ​ឡើងវិញ​ទេនោះ​។ 
 
​សូម្បីតែ​សមាជិក​បក្ស​សាធារណរដ្ឋ​ក៏​ចាប់ផ្តើម​ធុញទ្រាន់​នឹង​ជំហរ​របស់លោក ត្រាំ ដែល​យក​រដ្ឋាភិបាល​ជា​ចំណាត់​ខ្មាំង​ដើម្បី​ទារលុយ​សង់​ជញ្ជាំង​នេះដែរ​។ ពួកគេ​ចង់​ឲ្យ​មាន​បញ្ជូន​ច្បាប់​ដែល​អនុម័ត​នៅ​ថ្ងៃ​ព្រហស្បតិ៍​សំដៅ​បើក​រដ្ឋាភិបាល​ឡើងវិញ​នោះ​ដាក់​ទៅ​បោះឆ្នោត​នៅ​ព្រឹទ្ធសភា និង​ឈានទៅ​បើក​រដ្ឋាភិបាល​ឡើងវិញ​ដែរ​។ 
 
​សូមបញ្ជាក់ថា ការបិទ​រដ្ឋាភិបាល​ដោយ​ផ្នែក (២៥​ភាគរយ​) ដោយសារ​លោក ត្រាំ ទារលុយ​សង់​ជញ្ជាំង​ក្នុង​ទំហំ​ជាង​ប្រាំ​ពាន់​លាន​ដុល្លារ ទាំង​ដែល​លោក​ធ្លាប់​អួតថា លុយ​សង់​ជញ្ជាំង​គឺ​ទារ​ពី​ម៉ិ​ក​ស៊ិ​ក​។  ការបិទ​រដ្ឋាភិបាល​នេះ​ប៉ះពាល់​ដល់​ក្រសួង​ចំនួន​ប្រាំបួន​ក្នុងចំណោម​ក្រសួង​ទាំងអស់ ១៥ ហើយ​ទីភ្នាក់ងារ​សំខាន់ៗ​ចំនួន​ច្រើនជាង​ដប់​ដែល​ត្រូវ​ផ្អាក​ដំណើរការ​។ បុគ្គលិក​បម្រើ​ការងារ​ទាំងអស់​ប្រហែល ប្រាំបី​សែន​នាក់​នឹងមិន​ទទួលបាន​ប្រាក់កម្រៃ ក្នុងនោះ​មាន ៤២ ម៉ឺន​នាក់​ត្រូវ​បន្តធ្វើ​ការងារ​ដោយ​គ្មាន​ប្រាក់កម្រៃ ខណៈ​៣៨ ម៉ឺន​នាក់​ផ្សេងទៀត​ត្រូវ​ផ្អាក​ការងារ​តែម្តង​៕ 
 

Tag:
 បក្ស​ប្រជាធិបតេយ្យ​
  ដូ​ណា​ល់ ត្រាំ​
  ជញ្ជាំង​ព្រំដែន
© រក្សាសិទ្ធិដោយ thmeythmey.com