ជាតិ
ពីនេះ ពីនោះ
ត្រី​ប៉ា​សេ​អ៊ី ជា​ត្រី​ទន្លេមេគង្គ​ដែលមាន​រសជាតិ​ឆ្ងាញ់ និង​តម្លៃ​ខ្ពស់
05, Jan 2019 , 2:44 pm        
រូបភាព
   ​ត្រី​ប៉ា​សេ​អ៊ី​។ រូបភាព​៖ ឈុត ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​
​ត្រី​ប៉ា​សេ​អ៊ី​។ រូបភាព​៖ ឈុត ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​
ដោយ:
​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ (Wonders of the Mekong) សូម​ណែនាំ​ត្រី​មាន​ស្រកា​មួយ​ប្រភេទ ដែល​រស់នៅក្នុង​ទឹកសាប ដែលមាន​រស់នៅ​ដោយ​កន្លែង​ក្នុង​អាង​ទន្លេមេគង្គ ក្នុងប្រទេស​កម្ពុជា ឡាវ វៀតណាម និង​ថៃ​។ ត្រី​ប៉ា​សេ​អ៊ី​ពេញវ័យ រស់នៅ​ផ្នែក​ខាងលើ​នៃ​អាង​ទន្លេមេគង្គ ខណៈ​ត្រី​ប៉ា​សេ​អ៊ី មិនទាន់​ពេញវ័យ ធ្វើចរាចរ​ចុះក្រោម​អាង​ទន្លេ​។ បន្ទាប់មក ពួកវា​ធ្វើចរាចរ​ឡើង​ចុះ​តាម​ទន្លេ​មេ ក្នុង​ចំនួន​ដ៏​ច្រើន​។

 
​ត្រី​ប៉ា​សេ​អ៊ី មានឈ្មោះ​វិទ្យាសាស្ត្រ (Mekongina erythrospila) រស់​នៅតាម​តំបន់​មានទឹក​ហូរ​លឿន និង​មាន​ថ្ម​។ វា​ស៊ី​ស្លែ រុក្ខជាតិ​ទឹក និង​ផ្ល​ង់​តុង​ជា​អាហារ​។ នៅក្នុង​ប្រទេស​កម្ពុជា ត្រី​ប៉ា​សេ​អ៊ី មាន​រស់នៅក្នុង​ខេត្តក្រចេះ ស្ទឹងត្រែង និង​រតនគិរី ដែលមាន​ទន្លេ (​ស​៣) ឆ្លងកាត់ គឺ​ទន្លេសេសាន ទន្លេសេកុង និង​ទន្លេស្រែពក​។ ចាប់ពី​ខែ វិច្ឆិកា ដល់ កុម្ភៈ ត្រី​ប្រភេទ​នេះ ធ្វើចរាចរ​ផ្លាស់​ទី​ចេញពី​តំបន់​កាំ​ពី នៃ​ស្រុក​សំបូរ ក្នុង​ខេត្តក្រចេះ ឆ្ពោះទៅ​ព្រំដែន​ឡាវ និង​ធ្វើចរាចរ​ចុះមក​វិញ នៅ​ខែឧសភា ដល់ក​ក្កដា​។​
 
​ត្រី​ប៉ា​សេ​អ៊ី ត្រូវបាន​គេ​កត់ត្រា​ចូលក្នុង​បញ្ជី​ក្រហម IUCN Red List (Near Threatened) ក្នុង​ឆ្នាំ ២០១១ ជា​ប្រភេទ​ត្រី​កំពុង​ខិតជិត​ជា​ប្រភេទ​ត្រី​រងគ្រោះ​។ បញ្ហា​ប្រឈម​ចំពោះ ត្រី​ប៉ា​សេ​អ៊ី មានដូចជា ការប្រែប្រួល​អាកាសធាតុ ការនេសាទ​ហួស​កម្រិត ការប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​ដោយ​ប្រើ​ចរន្តអគ្គិសនី​ឆក់ ដែល​គេ​និយម​ហៅថា ឆក់​ក្តៅ ឆក់​ត្រជាក់ ដែលជា​ឧបករណ៍​នេសាទ​ដ៏​គ្រោះថ្នាក់​បំផុត​សម្រាប់​មច្ឆជាតិ និង​ការសាងសង់​ទំនប់​វារិ​អគ្គីសនី សុទ្ធតែជា​បញ្ហា​ប្រឈម​ដល់​កំណើត​ពួកវា​។ ទៅ​ថ្ងៃ​អនាគត ប្រភេទ​ត្រី​ចំនួន​នៅក្នុង​ប្រទេស​កម្ពុជា អាច​នឹង​ឈានទៅ​ផុត​ពូជ បើ​ពុំមាន​ការចូលរួម​ពី​មជ្ឈដ្ឋាន​ទូទៅ ដើម្បី​ថែរក្សា​ការពារ​ធនធាន​មច្ឆជាតិ​ស្រុក​យើងទាំងអស់គ្នា​ទេនោះ​។ 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com