អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ស៊ី ជិន​ភីង ប្រាប់​កងទ័ព​ចិន​ឲ្យ​ត្រៀមខ្លួន​ប្រយុទ្ធ​ក្នុង​សមរភូមិ​គ្រប់ពេល​
05, Jan 2019 , 9:59 pm        
រូបភាព
​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង បាន​បញ្ជា​ឲ្យ​កងទ័ព​រំដោះប្រជាជន​ចិន ប្រឹងប្រែង​ពង្រឹងសមត្ថភាព​ដើម្បី​ប្រយុទ្ធ និង​ត្រូវ​ប្រាកដថា ពួកគេ​ត្រៀមខ្លួន​រួចហើយ​ដើម្បី​ចូលក្នុង​សមរភូមិ​។ បញ្ជា​នេះ​ដាក់ចេញ​ក្នុង​កិច្ចប្រជុំ​ជាមួយ​មន្ត្រី​យោធា​ជាន់ខ្ពស់​នៅ​ថ្ងៃទី​៤ ខែមករា​។ បើតាម​លោក ស៊ី ស្ថានការណ៍​ពិភពលោក​មិន​ទៀងទាត់ តម្រូវ​ឲ្យ​យោធា​ចិន​ត្រូវ​បង្កើន​កម្រិត​គុណភាព​របស់ខ្លួន និង​ត្រូវ​ប្រែប្រួល​ទៅតាម​ការវិវត្ត​ជាក់ស្ដែង​របស់​ប្រទេសជាតិ​ផង​។ 

 
​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​យោធា​មជ្ឈិម លោក ស៊ី ជិន​ភីង ដែលជា​ប្រធាន​គណៈកម្មការ​នេះ បាន​ប្រាប់​មន្ត្រី​យោធា​កំពូលៗ​ថា ពិភពលោក​ស្ថិតក្នុង​ដំណាក់​កាលដែល​ប្រែប្រួល​ឆាប់រហ័ស ហើយ​ចិន​វិញ​ក៏​ស្ថិតក្នុង​ដំណាក់កាល​សំខាន់​នៃ​ការអភិវឌ្ឍ​ខ្លួន​ដែរ​។ លោក ស៊ី ក៏​ព្រមាន​ពី​ការប្រថុយប្រថាន និង​បញ្ហា​ប្រ​ឈ​មុខ​ដែល​ទាំង​អាច​ប៉ាន់ស្មាន​បាន និង​ទាំង​មិនអាច​ស្មាន​បាន ដែល​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ Xinhua ។​
 
​ក្នុងន័យនេះ លោក ស៊ី ដែលជា​ប្រធានាធិបតី​ចិន​ដែរនោះ បាន​ណែនាំ​ឲ្យ​កងទ័ព​ចិន​មាន​យុទ្ធសាស្ត្រ​ថ្មីៗ​ស្របតាម​យុគសម័យ​ថ្មី និង​ត្រូវ​ស្វែងយល់​ឲ្យ​បាន​ច្បាស់​ពី​សន្តិសុខ​ជាតិ ក៏ដូចជា​និន្នាការ​នៃ​ការអភិវឌ្ឍ​ផងដែរ​។ លើសពីនោះ​ទៅទៀត យោធា​ចិន ក៏ត្រូវ​ប្រឹងប្រែង​ឲ្យ​បាន​ខ្លាំងក្លា​ក្នុងការ​ត្រៀមខ្លួន​ប្រយុទ្ធ សំដៅ​សម្រេច​ឲ្យ​ការងារ​ដែល​ដាក់​ដោយ​បក្ស និង​ប្រជាជន​។ 
 
​អគ្គមេបញ្ជាការ​កងទ័ព​រំដោះប្រជាជន​ចិន​រូបនេះ ក៏​សង្កត់ធ្ងន់​ពី​សមត្ថភាព​ក្នុងការ​ឆ្លើយតប​ឲ្យ​បាន​លឿន និង​មាន​ប្រសិទ្ធភាព​ទៅនឹង​ស្ថានភាព​បន្ទាន់ ពង្រឹងសមត្ថភាព​បញ្ជា​ប្រតិ​ប​ត្ត​ការ​យោធា​រួម បង្កើន​ឥទ្ធិពល​យោធា​សម័យថ្មី ក៏ដូចជា​ធ្វើ​លំ​ហាត់​យោធា​ក្រោម​ក្របខណ្ឌ​ធ្វើសង្គ្រាម​ដែរ​។ សម្រេច​ឲ្យ​បាន​គោលដៅ​នេះ លោក ស៊ី បង្គាប់​ឲ្យ​បក្ស និង​រដ្ឋាភិបាល​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ត្រូវ​ចូលរួម​គាំទ្រ​យោធា និង​ការអភិវឌ្ឍ​វិស័យ​ការពារជាតិ​។​
 
​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ លោក ស៊ី អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ក៏បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​មួយ ដែល​បង្កើត​ការហ្វឹកហាត់​ជាប្រចាំ​ក្នុង​ជួរ​កងទ័ព​។ តាម​បទបញ្ជា​នេះ កងទ័ព​រំដោះប្រជាជន​ចិន​ត្រូវបង្កើត​សមត្ថភាព​ប្រយុទ្ធ ហើយ​អង្គភាព​ទ័ព​ទាំងអស់​ត្រូវមាន​វគ្គប​ណ្ដុះ​បណ្ដាល​ឲ្យ​ទៀងទាត់​ដើម្បី​វាស់​ស្ទង់​សមត្ថភាព​កងទ័ព​។​
 
«​សមយុទ្ធ​យោធា ត្រូវធ្វើឡើង​ដោយ​ផ្អែកលើ​សេណារីយោ​ពិត និង​លើ​ស្ថានភាព​ស្មុគស្មាញ ព្រមទាំង​មានការ​ពង្រាយ​អាវុធ​គ្រប់​ប្រភេទ​មកពី​អង្គភាព​ផ្សេងៗ​។​» នេះ​ជាការ​ណែនាំ​ក្នុង​លិខិត​ដែលជា​បញ្ជា​ទីមួយ​របស់​គណៈកម្មកា​រ​យោធា​មជ្ឈិម​សម្រាប់​ឆ្នាំ​២០១៩ ៕ 
 
 
 
 

Tag:
 ចិន​
  ស៊ី ជិន​ភីង
© រក្សាសិទ្ធិដោយ thmeythmey.com