ជាតិ
សង្គមអន្តរជាតិ​
អាយុ​១០៧​ឆ្នាំ​ទៅហើយ លោកតា Anthony នៅតែ​បន្ត​អាជីព​ជាជាង​កាត់សក់​
05, Jan 2019 , 10:59 pm        
រូបភាព
ដោយ: ធីតា
 លោកតា Anthony Mancinelli បានចាប់ផ្តើម​អាជីព​ជាជាង​កាត់សក់​តាំងពី​ឆ្នាំ​១៩២២​មកម្ល៉េះ​។ បច្ចុប្បន្ន​បុរស​ចំណាស់​អាមេរិក​រូបនេះ មាន​វ័យ​ដល់​ទៅ​១០៧​ឆ្នាំ ប៉ុន្តែ​គាត់​មិនដែល​បោះបង់រ​បរកាន់​កន្ត្រៃ​ចោល​ឡើយ​។​

 
​មាន​ដើមកំណើត​អ៊ីតាលី លោក Anthony បានចាប់ផ្តើម​រៀន​យក​អាជីព​ជាជាង​កាត់សក់​នៅ​អាមេរិក តាំងពី​អាយុ​១១​ឆ្នាំ​។ ៩៦​ឆ្នាំក្រោយ លោក​នៅតែ​បំពេញការងារ​ដដែល​នេះ នៅក្នុង​ហាង​មួយ​តាម​បណ្តោយ​ផ្លូវ​មួយ​នៃ​ក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក​។​
 
​កើត​ក្នុង​គ្រួសារ​ដែលមាន​កូន​៨​នាក់ លោក Anthony បាន​រៀន​យក​អាជីព​កាត់សក់​តាំងពីក្មេង​ក្នុង​គោលបំណង​សម្រាល​បន្ទុក​ឪពុកម្តាយ​របស់ខ្លួន​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន RTL ដោយ​បុរស​វ័យ​១០៧​ឆ្នាំ​រូបនេះ អះអាងថា ជាការ​ងារ​ដែល​លោក​ធ្វើ​ប្រកបដោយ​ឆន្ទៈ​។​
 

​លោក​អាច​កាត់សក់​យកតាម​ម៉ូត​គ្រប់​សម័យ​កាលដែល​ខ្លួន​បាន​ឆ្លងកាត់ ជាពិសេស​ទសវត្សរ៍​ឆ្នាំ​១៩៦០ និង​ឆ្នាំ​១៩៨០ ដ៏​ពេញនិយម​។ ទោះបីជា​លោក​តាម​មាន​វ័យ​ចំណាស់​ក៏ដោយ ប៉ុន្តែ​គាត់​មាន​ម៉ូយ​ជាប្រចាំ​។​
 
​បច្ចុប្បន្ន លោកតា Anthony មាន​សុខភាព​ល្អប្រសើរ ហើយ​លោក​កាន់តែ​ល្បីល្បាញ​បន្ថែមទៀត​នៅក្នុង​តំបន់ បន្ទាប់ពី​សៀវភៅ​កំណត់ត្រា​ពិភពលោក Guinness World Records បាន​ចុះឈ្មោះ​លោក​ក្នុង​បញ្ជី​ក្នុងនាម​ជា «​អ្នក​កាត់សក់​ដែលមាន​វ័យ​ចំណាស់​ជាងគេ​បំផុត​លើ​ពិភពលោក​»៕

 

Tag:
 កាត់សក់
© រក្សាសិទ្ធិដោយ thmeythmey.com