ជាតិ
សេដ្ឋកិច្ច
មនុស្សជាងមួយម៉ឺននាក់គ្រោងចូលរួមក្នុងពិធីព្យុហយាត្រាលើកទី៤០ ថ្ងៃ៧មករា នៅខេត្តសៀមរាប
× សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប គ្រោងនឹងរៀបចំពិធីព្យុហយាត្រ អបអរខួប៤០ឆ្នាំ ថ្ងៃជ័យជំនះ៧មករា ដ៏ធំដែលមានអ្នកចូលរួមជាងម៉ឺននាក់។ នេះបើតាមអ្នកនាំពាក្យសាលាខេត្តសៀមរាប។
លោក លី សំរិទ្ធ អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តសៀមរាប បានប្រាប់សារព័ត៌មានថ្មីៗថា មនុស្សជាងមួយម៉ឺននាក់ គ្រោងនឹងចូលរួមក្នុងពិធីព្យុហយាត្រា ដើម្បីអបអរថ្ងៃ៧មករា ដែលឆ្នាំនេះជាខួបទី៤០ ដែលកម្ពុជាទទួលបានជ័យជំនះពីរបបកម្ពុជាប្រជាធិបតេយ្យ។ លោកបន្ថែមថា ពិធីនេះគ្រោងធ្វើនៅថ្ងៃទី១០ មករា ហើយគោលដៅសម្រាប់រៀបចំពិធីនេះ គឺធ្វើឡើងនៅលើសួនច្បារមុខមហាសណ្ឋាគារអង្គរ ក្រោមអធិបតីភាព សម្ដេច ទៀ បាញ់។
តាមការពន្យល់របស់លោក លី សំរិទ្ធ ហេតុផលដែលពិធីឆ្នាំនេះរៀបចំធំ ដោយសារជាគោលការណ៍របស់រាជរដ្ឋាភិបាល រាល់បុណ្យជាតិ រៀងរាល់៥ឆ្នាំម្ដងគឺតែងធ្វើអធិកអធម ដើម្បីអបអរសាទរសមនឹងតម្លៃនៃពិធីនោះ ហើយនេះជាជុំទី៨ហើយ សម្រាប់ថ្ងៃ៧ មករា។
សម្រាប់កម្មវិធីព្យុហយាត្រា តាមការពន្យល់របស់លោក លី សំរិទ្ធ គឺគ្រោងនឹងដង្ហែពីមុខសារមន្ទីរជាតិអង្គរ ឆ្ពោះទៅតំបន់ផ្សារចាស់ កាត់តាមផ្លូវវត្តបូព៌ បន្តមកផ្លូវស៊ីវុត្ថា និងត្រឡប់មកកន្លែងកម្មវិធីធំនៅមុខមហាសណ្ឋាគារ អង្គរវិញ។ អ្នកនាំពាក្យបន្ថែមថា ផ្លូវមួយចំនួននឹងត្រូវបិទបណ្ដោះអាសន្ន ដើម្បីសម្រួលដល់កម្មវិធីខាងលើ ហើយសន្ដិសុខក៏ត្រូវបានរៀបចំនៅទីតាំង និងតំបន់ជុំវិញប្រារព្ធពិធីផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com