សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
សហរដ្ឋអាមេរិក​និង​ចិន នឹង​រៀបចំ​ជំនួប​ពាណិជ្ជកម្ម​នាទី​ក្រុង​ប៉េកាំង​នា​សប្តាហ៍​ក្រោយ​
05, Jan 2019 , 6:00 pm        
រូបភាព
ដោយ:
​ប្រតិភូ​តំណាង​អាមេរិក​នឹងធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ចិន​នា​សប្តាហ៍​ក្រោយ ដើម្បី​រៀបចំ​កិច្ចពិភាក្សា​ក្នុង​គោលដៅ​បន្ធូរ​បន្ថយកម្តៅ​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​កំពុង​ឆាបឆេះ រវាង​មហា​យក្ស​សេដ្ឋកិច្ច​ទាំងពីរ​។ ហើយ​នេះ​នឹង​ក្លាយជា​ជំនួប​ទល់មុខ​លើកទីមួយ គិត​ចាប់ពី​ប្រទេស​ទាំងពីរ​បាន​យល់ព្រម​បង្កើត​បទ​ឈប់​បាញ់​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយគ្នា​។

 
​នៅ​ថ្ងៃ​សុក្រ​ទី​៤ ខែមករា ក្រសួងពាណិជ្ជកម្ម​ចិន​បានបញ្ជាក់​នៅលើ​វេ​ប​សាយ​របស់ខ្លួន​ថា ជំនួប​ទល់មុខ​គ្នា​រវាង​ភាគី​ចិន​និង​អាមេរិក នឹងធ្វើ​ឡើង​នា​ថ្ងៃទី​៧ និង​៨ ខែមករា ក្នុង​ទីក្រុង​ប៉េកាំង​។ ហើយ​គោលបំណង​នៃ​ជំនួប​នេះ​គឺ​ដើម្បី​អនុវត្ត​ការព្រមព្រៀង​មតិ​គ្នា​ដ៏​មាន​សារៈសំខាន់ ដែល​មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរបាន​ឈានដល់​។​
 
​សម្រាប់​ជំនួប​ក្នុង​ទីក្រុង​ប៉េកាំង​នាពេល​ខាងមុខនេះ ក្រុម​ប្រតិភូ​អាមេរិក​នឹងត្រូវ​ដឹកនាំ​ដោយ​អ្នកតំណាង​រង​ទទួលបន្ទុក​ការចចារ​ពាណិជ្ជកម្ម​អាមេរិក លោក Jeffrey Gerrish​។ កាលពី​ឆ្នាំមុន ចិន​និង​សហរដ្ឋអាមេរិក​បាន​ដំឡើង​ពន្ធ​នាំចូល​លើ​ទំនិញ​គ្នា​ទៅវិញទៅមក ដែល​គិត​ជា​ទឹកប្រាក់​ជាង ៣០០​ពាន់​លាន​ដុល្លារ​ឯណោះ​។ 
 
​ប្រធាន​ធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ផ្តួចផ្តើម​បង្កាត់​សង្គ្រាម​ពាណិជ្ជកម្ម​។ ត្រង់ចំណុច​នេះ លោក 
​ត្រាំ បាន​ចោទថា ចិន​បាន​អនុវត្ត​ការធ្វើ​ពាណិជ្ជកម្ម​គ្មាន​យុត្តិធម៌ ដោយបាន​ប្លន់​យក​ការងារ​ពី​ប្រជាជន​អាមេរិក ព្រមទាំង​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​លើ​រោងចក្រ​ក្នុងស្រុក​អាមេរិក​។ 
 
​យ៉ាងណាមិញ មេដឹកនាំ​ចិន ស៊ី ជិន​ភីង និង​លោក ដូ ណា​ល់​ត្រាំ បាន​យល់ព្រម​បង្កើត​បទ​ឈប់​បាញ់​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម ក្នុង​គោលដៅ​ដើម្បី​ទុកពេល​ឲ្យ​ភាគី​ទាំងពីរ ស្វះ​ស្វែងរក​ច្រក​ផ្លូវ​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម ដែល​ធ្វើ​ឲ្យ​ពិភពលោក​ភ័យព្រួយ​នេះ​៕ 

Tag:
 អាមេរិក​
  សង្គ្រាម​ពាណិជ្ជកម្ម​
  ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com