ជាតិ
សង្គមជាតិ
ក្រសួង​កិច្ចការនារី បង្កើត​ក្រុមការងារ​តាម​បណ្ដាញ​សង្គម ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ស្ត្រី​រងគ្រោះ​
06, Jan 2019 , 12:21 pm        
រូបភាព
រូបពីហ្វេសប៊ុកក្រសួង៖ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី
រូបពីហ្វេសប៊ុកក្រសួង៖ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី
ដោយ:
​ភ្នំពេញ​៖ ដើម្បី​ពង្រឹង​លទ្ធភាព​ក្នុងការ​សម្របសម្រួល និង​ជំរុញ​កិច្ច​អន្តរាគមន៍ ក៏ដូចជា​សេវា​ផ្ដល់ជូន​ដល់​ជនរងគ្រោះ​(​ស្ត្រី​)​ឱ្យទាន់​ពេលវេលា​នោះ ក្រសួង​កិច្ចការនារី បាន​បង្កើត​ក្រុមការងារ​តាមដាន​បណ្ដាញ​សង្គម (​ហ្វេ​ស​ប៊ុ​ក​) ក្នុង​ការទទួល​ព័ត៌មាន​ករណី​ហិង្សា​ទាក់ទង​ទៅនឹង​យេនឌ័រ​។ នេះ​បើតាម​សេចក្ដីប្រកាស​ក្រសួង​កិច្ចការនារី​។​


​ក្រសួង​កិច្ចការនារី បាន​បញ្ជាក់ថា រាល់​ករណី​អំពើហិង្សា​ទាក់ទង​ទៅនឹង​យេនឌ័រ សំដៅ​ទៅលើ​អំពើហិង្សា​នៅក្នុង​គ្រួសារ ការរំលោភ​សេពសន្ថវៈ ការ​បៀតបៀន​ផ្លូវភេទ និង​អំពើ​ជួញដូរ​ស្ត្រី​និង​ក្មេង​ស្ត្រី គឺជា​កិច្ច​ការដែល​ក្រសួង​ត្រូវ​ដោះស្រាយ​។​
 
«​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ទាន់ពេលវេលា និង​ច្បាស់លាស់  ក្រសួង​កិច្ចការនារី​នឹងមាន​លទ្ធភាព​គ្រប់គ្រាន់ ក្នុង​ការបន្ត​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ស្ថាប័ន​មាន​សមត្ថកិច្ច ក្នុងការ​ឆ្លើយតប​នឹង​បញ្ហា​នេះ​»​។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រសួង​។​
 
​ដើម្បីឱ្យ​ក្រុមការងារ​តាមដាន​លើ​បណ្ដាញ​សង្គម កាន់តែ​មានលទ្ធភាព​ទ​ទួលបាន​ព័ត៌មាន ដូច ដែល​បានលើកឡើង​ខាងលើ ជនរងគ្រោះ ក៏ដូចជា​សាធារណៈជន ចូលរួម​ផ្ដល់ព័ត៌មាន​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​កិច្ច​នារី​គឺ​៖ www.facebook.com/mowa.gov.kh ឫ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ទី​កិច្ច​នារី​រាជធានី​-​ខេត្ត​៕

Tag:
 កិច្ចការនារី​
 ​ យេនឌ័រ​
 ​ ហិង្សា
© រក្សាសិទ្ធិដោយ thmeythmey.com