អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក លី សៀន​ឡុង​៖ ដើម្បី​ឲ្យ​ប្រទេសជាតិ​ជោគជ័យ ចំណេះដឹង​តែមួយ​មុខ​គឺ​មិន​គ្រប់គ្រាន់​ទេ
06, Jan 2019 , 1:19 pm        
រូបភាព
ដោយ:
នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង នៅ​ថ្ងៃទី​៥ មករា បាន​និយាយថា សិស្ស​ដែល​កំពុង​សិក្សា​នៅក្នុង​សាលារៀន​នៅ​សិង្ហ​បុរី  កំពុង​ត្រូវបាន​បណ្តុះបណ្តាល​មិន​ត្រឹមតែ​ចំណេះដឹង និង​ជំនាញ​ដើម្បី​អាច​ចិញ្ចឹមជីវិត​ខ្លួនឯង​ប៉ុណ្ណោះ​ទេ​។ ប៉ុន្តែ​ពួកគេ​ក៏ត្រូវ​បាន​សាលា​ជួយ​បង្ហាត់បង្រៀន ដើម្បី​អភិវឌ្ឍ​បុគ្គលិកលក្ខណៈ និង​គុណ​តម្លៃ​ថែម​ទៀតផង​។

 
​លោកនាយក​រដ្ឋមន្ត្រី លី សៀន​ឡុង បាន​បញ្ជាក់ថា ដើម្បី​ឲ្យ​សិង្ហ​បុរី​ទទួលបាន​ជោគជ័យ​បាន​នោះ  មាន​ត្រឹមតែ​ចំណេះដឹង​ជ្រៅជ្រះ និង​ឧស្សា​ព្យាយាម នៅ​មិនទាន់​គ្រប់គ្រាន់​ទេ តែ​ប្រជាជន​សិង្ហ​បុរី​ទាំងអស់​ក៏ត្រូវ​មានគុណ​តម្លៃ​ដ៏​មាន​សារសំខាន់​ផងដែរ​។ នេះ​ជា​លើកឡើង​របស់លោក លី សៀន​ឡុង នៅក្នុង​កម្មវិធី​ប្រគល់​រង្វាន់​សិស្ស​ពូកែ​នៅ​សាលាបឋមសិក្សា​មួយ​ឈ្មោះថា  Townsville​។ នេះ​បើតាម​សារព័ត៌មាន Straits Times ។ 
 
​បន្ថែម​ពីនេះ លោក លី សៀន​ឡុង បានបញ្ជាក់​ទៀតថា សិស្ស​គ្រប់រូប​ត្រូវ​ឈ្វេងយល់​ពី​ពិភពលោក​ខាងក្រៅ និង​ស្គា​ល់ពី​តម្លៃ​នៃ​សមាគមន៍ និង​អត្តសញ្ញាណ​នៃ​ប្រជាជាតិ​ខ្លួន​។  ហើយ​ពួកគេ​ក៏ត្រូវ​តែមាន​ភាព​ភាព​ក្លៀវក្លា និង​ការតាំង​ចិត្ត​យ៉ាង​មុតមាំ​ផងដែរ ដើម្បី​ជម្នះ​ភាពលំបាក​, ការពារ​ខ្លួនឯង និង​ជោគជ័យ​ទៅមុខ​។ ម្យ៉ាងវិញទៀត ក្នុងនាម​ជា​សិស្ស ពួកគេ​ត្រូវ​ក្តោប​យក​ឱកាស​សិក្សា​ឲ្យ​បាន​ច្រើន​បំផុត​ទាំង​ចំណេះដឹង និង​គុណ​តម្លៃ  ពី​គ្រូបង្រៀន​និង​មិត្តភក្តិ​របស់​ពួកគេ​។ 
 
​យោងតាម​សារព័ត៌មាន​ដដែល​នេះ លោក លី សៀន​ឡុង ក៏​លើកឡើង​ពី​កំណែទម្រង់​ប្រព័ន្ធ​អប់រំ​របស់​សិង្ហ​បុរី​កាលពី​ថ្មីៗ​នេះ ដែល​នឹង​ជួយ​ឲ្យ​ការសិក្សា​រៀនសូត្រ មាន​ប្រសិទ្ធិភាព​កាន់តែខ្លាំង​ថែមទៀត​។  ទន្ទឹមនឹង​គ្នា​នេះដែរ  លោក​ក៏បាន​លើកទឹកចិត្ត​ឲ្យ​ឪពុកម្តាយ​របស់​សិស្ស  ឈ្វេងយល់​ពីអ្វី​ដែល​រដ្ឋា​ភិ​បាល​កំពុង​ព្យាយាម​សម្រេច និង​ចូលរួម​ជួយ​គាំទ្រ​គោលដៅ​របស់​ក្រសួង​ផងដែរ​។ 
 
​គួរបញ្ជាក់​ផងដែរ កំណែទម្រង់​ប្រព័ន្ធ​អប់រំ​របស់​សិង្ហ​បុរី​កាលពី​ថ្មីៗ​នេះ​គឺ​រួមមាន​ដូចជា កាត់បន្ថយ​ការដាក់បន្ទុក​ធ្ងន់ធ្ងរ​ពេក​លើ​លទ្ធផល​សិក្សា​របស់​សិស្ស​, កាត់បន្ថយ​ពេលវេលា​លើ​កម្មវិធីសិក្សា ដោយ​ឲ្យ​សិស្ស​ផ្តោតលើ​ការសិក្សា​បែប​ស៊ីជម្រៅ  ព្រមទាំង​ជួយ​សិស្ស​ឲ្យ​យល់ដឹង​ពី​ភាពទាក់ទង​គ្នា រវាង​មាតិកា​នៅក្នុង​សៀវភៅ និង​ពិភពលោក​ខាងក្រៅ​ថែមទៀត​ផង​៕
 
 
 
 
 

Tag:
 លី​សៀន​ឡុង​
  សិង្ហ​បុរី
© រក្សាសិទ្ធិដោយ thmeythmey.com