ជាតិ
នយោបាយជាតិ
លោក ហ៊ុន ម៉ានី៖ «៤០ឆ្នាំក្រោយ យុវជនបន្តវេន គួរតែថ្លឹងថ្លែងពីប្រវត្តិសាស្ត្រ»
× ភ្នំពេញ៖ ក្នុងពិធីគោរពវិញ្ញាណក្ខន្ធនាមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក លោក ហ៊ុន ម៉ានី បានលើកឡើងថា យុវជនបន្តវេន គួរតែថ្លឹងថ្លែងពីរឿងប្រវត្តិសាស្ត្រ។ បើតាមលោក ហ៊ុន ម៉ានី ក្នុងនាមជាយុវជន ជាអ្នកបន្តវេនទៅអនាគត ត្រូវខំប្រឹងប្រែង និងមានជំហរមួយឲ្យច្បាស់លាស់ ជាពិសេសត្រូវដឹងពីប្រវត្តិសាស្ត្រ និងការពារដាច់ខាត។
ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានរៀបចំពិធីគោរពវិញ្ញាណក្ខន្ធនេះ ក្នុងគោលបំណងជំរុញឲ្យយុវជនជំនាន់ក្រោយ យល់ដឹងពីសោកនាដកម្ម និងការលះបង់របស់អ្នកជំនាន់មុន ដែលប្រឹងប្រែងតស៊ូដើម្បីប្រទេសជាតិ។ ដ្បិតកន្លងហួស៤០ឆ្នាំក្រោយហើយក្តី ប៉ុន្តែវាជារឿងរ៉ាវប្រវត្តិសាស្ត្រមួយ ដែលលោក ហ៊ុន ម៉ានី ជំរុញឲ្យអ្នកបន្តវេនចងចាំពីប្រវត្តិសាស្ត្រនេះ។
ថ្លែងក្នុងពិធីគោរពវិញ្ញាណក្ខន្ធអ្នកស្លាប់នៅក្នុងរបប ប៉ុល ពត នៅថ្ងៃទី ៦ មករា នាមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ដែលមានអ្នកចូលរួម៥០០នាក់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារូបនេះ បានលើកឡើងយ៉ាងដូច្នេះថា៖ «ក្នុងនាម ជាយុវជនខ្មែរជំនាន់ក្រោយ មិនគួរណាភ្លេចនូវអ្វីដែលជាសោកនាដកម្មរបស់ប្រជាជនខ្មែរនោះទេ ជាពិសេសអ្វីជាអតីតកាល យុវជនគួរតែស្វែងយល់»។
ទោះជាការរៀបចំពិធីគោរពវិញ្ញាណក្ខន្ធនេះ ត្រូវបានគេវាយតម្លៃថា វាជាផ្នែកមួយនៃការទាញយកផលប្រយោជន៍របស់គណបក្សប្រជាជនក្តី ប៉ុន្តែលោក ហ៊ុន ម៉ានី ក៏ស្នើឲ្យអ្នកនិយាយបែបនេះ មានការថ្លឹងថ្លែងឲ្យបានច្បាស់ពីការលះបង់របស់អ្នកជំនាន់មុន សម្រាប់ប្រទេសជាតិ។
« យុវជនដែលជាអ្នកបន្តវេននាពេលអនាគត គួរបន្តសិក្សាស្វែងយល់ និងឈានដល់ការគិតគូរមួយដោយខ្លួនឯង។ យុវជនបន្តវេន គួរធ្វើយ៉ាងណាគិតគូរ និងមិនបំភ្លេចសោកនាដកម្មនេះ ដែលប្រែក្លាយទៅជាការអប់រំមួយ ដោយមិនឲ្យមានការវិលត្រឡប់នៃសោកនាដកម្ម»។ នេះបើតាមលោក ហ៊ុន ម៉ានី ដែលអះអាងថា អង្គភាពខ្លួនជាស្ថាប័នក្រៅរដ្ឋាភិបាល ដែលបង្កើតឡើងមក សម្រាប់បំភ្លឺផ្លូវយុវជនឲ្យយល់ដឹងពីប្រវត្តិសាស្ត្រប៉ុណ្ណោះ។
កាលពីចុងខែវិច្ឆិកា ២០១៨កន្លងទៅ លោក ហ៊ុន ម៉ានី ក៏បានរៀបចំកម្មវិធី៤០Kmទៅកាន់ប្រវត្តិសាស្ត្រ ។ នៅពេលសួរលោក ហ៊ុន ម៉ានី ថា លោកគិតតែរឿងរ៉ាវប្រវត្តិសាស្ត្រ ហើយហាក់មិនបានគិតពីដំណើរឆ្ពោះទៅមុខសោះ? លោក ហ៊ុន ម៉ានី បានឆ្លើយតបយ៉ាងដូច្នេះ៖ «ស.ស.យ.ក បានរៀបចំកម្មវិធីជាច្រើនទាំងប្រវត្តិសាស្ត្រ និងកម្មវិធីបណ្ដុះចំណេះដឹងយល់យុវជនទៅអនាគត ហើយស.ស.យ.ក មិនដែលគិតតែអតីតកាលទេ ប៉ុន្តែយើងខំប្រឹងប្រែងធ្វើទាំងអស់»។
សូមបញ្ជាក់ថា នេះជាឆ្នាំទី ៨ហើយ ដែលសហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំកម្មវិធីគោរពវិញ្ញាណក្ខន្ធជូនជនរងគ្រោះក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នៅមុនថ្ងៃ ៧ មករា៕
Tag:
ហ៊ុន ម៉ានី
ប្រវត្តិសាស្ត្រ
យុវជនបន្តវេន
© រក្សាសិទ្ធិដោយ thmeythmey.com