ជាតិ
បទយកការណ៍ / បទសម្ភាសន៍
និស្សិត​សាកលវិទ្យាល័យ ខូ​ណែ​ល សហរដ្ឋអាមេរិក​ទស្ស​ន​កិច្ច​តំបន់​អង្គរ​ស្វែងយល់​ពី​អរិយធម៌​ខ្មែរ​
06, Jan 2019 , 8:59 pm        
រូបភាព
 សៀមរាប​៖ រមណីយដ្ឋាន​អង្គរ បាន​ក្លាយជា​គំរូ​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​ដទៃទៀត ក្រោយ​រួច​ផុតពី​សង្គ្រាម​។ ជាមួយនឹង​ភាពល្បីល្បាញ​បែបនេះហើយ ទើប​រៀងរាល់​ឆ្នាំមាន​សិស្ស និង​និស្សិត​នៅតាម​បណ្ដា​ប្រទេស​នានា​ចុះមក​ធ្វើ​ទស្សនកិច្ច​សិក្សា ដើម្បី​ស្វែងយល់​ពី​ការងារ​គ្រប់គ្រង ក៏ដូចជា​អរិយធម៌​ខ្មែរ​ផងដែរ​។ នៅ​ដើមខែ​មករា និស្សិត​មកពី​សាកលវិទ្យាល័យ ខូ​ណែ​ល (Cornell) សហរដ្ឋអាមេរិក បាន​ចុះ​ធ្វើ​ទស្សនកិច្ច​សិក្សា ជា​ផ្នែក​មួយ​ដើម្បី​ស្វែងយល់​ពី​អរិយធម៌​ដ៏​រុងរឿង​របស់​ខ្មែរ​។​

 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​លោកស្រី អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប ដូចតទៅ​



 
​ដោយសារ​ចាប់អារម្មណ៍ និង​ចង់​ស្វែងយល់​ពី​អរិយធម៌​ខ្មែរ​នោះ និស្សិត​នៃ​សាកលវិទ្យាល័យ ខូ​ណែ​ល សហរដ្ឋអាមេរិក​ចំនួន ៩​រូប បានធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​ប្រទេស​កម្ពុជា ដោយ​ផ្តោតលើ​តំបន់​រមណីយដ្ឋាន​អង្គរ​ជា​គោល​។ ទស្សនកិច្ច​នេះ​ធ្វើឡើង​រយៈពេល​ជិត​២០​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី ១៨ មករា ឆ្នាំ​២០១៩ ដែល​ធ្វើឡើង​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ ប្រាសាទសម្បូរព្រៃគុក និង​ចុងក្រោយ​នៅ​រាជធានី​ភ្នំពេញ​។ កម្មវិធី​ទស្សនកិច្ច​សិក្សា​នេះ គឺជា​គម្រោង​កិច្ចសហប្រតិបត្តិការ​រ​វាង​អាជ្ញាធរ​ជាតិ​អប្សរា និង​សាកលវិទ្យាល័យ ខូ​ណែ​ល និង​មានការ​សម្របសម្រួល​មួយផ្នែក​ពី​មជ្ឈមណ្ឌល​ខេ​មរ​សិក្សា​។​
 
​លោក​បណ្ឌិត អ៊ា ដា​រិ​ទ្ធ ដែលជា​តំណាង​អាជ្ញាធរ​ជាតិ​អប្សរា​ចូលរួម​ទស្សនកិច្ច​សិក្សា​របស់​ក្រុមនិស្សិត​ខាងលើ​បានឱ្យដឹងថា នេះ​ជា​កិច្ចសហប្រតិបត្តិការ​ថ្មី​រវាង​អាជ្ញាធរ​ជាតិ​អប្សរា និង​សកល​វិទ្យាល័យ ខូ​ណែ​ល ដែល​បន្ដ​ពី​កិច្ចសហការ​ដែល​លោក​បាន​ទៅ​បង្រៀន​នៅ​សាកលវិទ្យាល័យ​នោះ​រយៈពេល ៦​ខែ​។ 
 
 
​អំឡុងពេល​ទៅ​បង្រៀន​នៅ​សហរដ្ឋអាមេរិក លោក​បណ្ឌិត អ៊ា ដា​រិ​ទ្ធ បាន​យក​មេរៀន​សំខាន់ៗ​ទាក់ទង​នឹង​អរិយធម៌​ខ្មែរ រួមមាន រឿង​ទឹក សិល្បៈ និង​នយោបាយ​នៃ​ប្រទេស​អាស៊ីអាគ្នេយ៍ រួម​និង​កុលាលភាជន៍​ដែលជា​ឯកទេស​ចម្បង​របស់លោក​បណ្ឌិត​ផងដែរ​។ ក្នុងការ​បង្រៀន​នោះបាន​ទាក់ទាញ​ចំណាប់អារម្មណ៍​និស្សិត​អន្ដរជាតិ ហើយ​ពួកគេ​បន្តធ្វើ​ទស្សនកិច្ច​ដោយផ្ទាល់​នៅពេលនេះ​។​
 
​តាម​ការសិក្សា​ស្រាវជ្រាវ​នាពេល​កន្លងមក ទឹក​មាន​ទំនាក់ទំនង​នឹង​អរិយធម៌​ខ្មែរ តួយ៉ាង​ទឹក​នៅ​ភ្នំ​គូលែន​ដែល​ពលរដ្ឋ​ខ្មែរ​តែង​មានជំនឿថា​មាន​ភាព​ស័ក្ដិ​សិទ្ធ ដ្បិត​ហូរ​កាត់​តាម​លិង្គ​មួយ​ពាន់ និង​រូប​ទេព​ផ្សេងៗ​ដែល​ត្រូវបាន​សង់​ឡើង​ដោយ​ព្រះមហាក្សត្រ​នៅ​សម័យ​កាលនោះ​។ សូម​ស្ដាប់​ការពន្យល់​បន្ថែម​របស់​លោក​បណ្ឌិត អ៊ា ដា​រិ​ទ្ធ​។​
 
​អ្នកគ្រូ ផាន់ ហាន់​ណា គ្រូបង្រៀន​ភាសា​ខ្មែរ​នៅ​សាកលវិទ្យាល័យ ខូ​ណែ​ល អស់​រយៈពេល​ប្រមាណ ១៥​ឆ្នាំ​មកហើយ និង​បានរួម​ដំណើរ​ជា​និស្សិត​ដែរនោះ​បានឱ្យដឹងថា ក្នុង​ទស្សនកិច្ច​សិក្សា​នៅ​ខេត្តសៀមរាប​និស្សិត​នឹង​ចុះ​កម្មសិក្សា​នៅ​រោង​សិប្បកម្ម​អា​ទី​សង់​អង្គរ តាម​ប្រាសាទ​មួយចំនួន​មាន​ប្រាសាទអង្គរវត្ត បាយ័ន តា​ព្រហ្ម បន្ទាយស្រី និង​ក្បាលស្ពាន​ជាដើម​។ និស្សិត​ដែល​ចូលរួម​ទស្សនកិច្ច​សិក្សា​នៅពេលនេះ​មាន​ចំនួន​៩​នាក់ ដែល​សិក្សា​លើ​ជំនាញ​ផ្សេងគ្នា ដូចជា​ផ្នែក​ប្រវត្តិសាស្ដ្រ សិល្បៈ ទឹក របាំ រូបវិទ្យា ពលរដ្ឋវិទ្យា​ជាដើម ដែល​ពួកគេ​កំពុង​សិក្សា​នៅ​ឆ្នាំ​ទី​៣ និង​ទី​៤​។​
 
 
​ជា​គ្រូបង្រៀន​ភាសា​ខ្មែរ អ្នកគ្រូ ផាន់ ហាន់​ណា កត់សម្គាល់​ឃើញថា មាន​និស្សិត​បរទេស​កាន់តែ​ច្រើនឡើង​ចាប់អារម្មណ៍​នឹង​មុខវិជ្ជា​មួយ​នេះ ខ្លះ​សិក្សា​ដើម្បី​ស្រាវជ្រាវ ខ្លះ​ចង់​ចេះ​អាន និង​សរសេរ ហើយ​ខ្លះទៀត​ក៏​ចង់​រៀន​ពី​ប្រវត្តិ​សិល្បៈ និង​អរិយធម៌​ខ្មែរ​ជាដើម​។​
 
​អ្នកដឹកនាំ​និស្សិត​ធ្វើ​ទស្សនកិច្ច សាស្ដ្រាចារ្យ កា​យ៉ា ម៉ាក​ហ្គូ​វ៉ាន់ នៃ​សាកលវិទ្យាល័យ ខូ​ណែ​ល ការជ្រើសរើស​យក​កម្ពុ​ជា​ជា​គោលដៅ​នៃ​ទស្សនកិច្ច​សិក្សា​នេះ គឺធ្វើឡើង​ដើម្បី​ប្រៀបធៀប​អរិយធម៌​ខ្មែរ និង​ឥណ្ឌូនេស៊ី ដែល​អ្នកគ្រូ​មាន​ជំនាញ​ច្បាស់លាស់​។ ហើយ​ការសិក្សា​នា​រយៈពេល​កន្លងមក បាន​បង្ហាញថា​អរិយធម៌​នៃ​ប្រទេស​ទាំង​២​នេះ​ដែល​រង​ឥទ្ធិពល​ពី​ឥណ្ឌា​ដូចគ្នា គឺមាន​ភាព​ប្រហាក់ប្រហែល​គ្នាច្រើន​ទាំង​ផ្នែក​សិល្បៈ និង​អរិយធម៌​។​
 
​ទាំង​អ្នកគ្រូ ផាន់ ហាន់​ណា និង​លោក​បណ្ឌិត អ៊ា ដា​រិ​ទ្ធ សុទ្ធសឹង​រំពឹងថា ក្រោយ​បញ្ចប់​ទស្សនកិច្ច​សិក្សា​របស់​ក្រុមនិស្សិត​សហរដ្ឋអាមេរិក​នេះ និស្សិត​ទាំងអស់​នឹង​បាន​យល់​បន្ថែម​ទាក់ទង​នឹង​ប្រវត្តិសាស្ដ្រ ប្រាសាទ សិល្បៈ ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ និង​ការគ្រប់គ្រង​បេតិកភណ្ឌ​នានា​របស់​កម្ពុជា​៕
 
 











© រក្សាសិទ្ធិដោយ thmeythmey.com