សង្គមជាតិ
អន្តរជាតិ
ការសិក្សា​៖ មាន​បងប្អូន​ស្រី​ដែល​និយាយ​ច្រើន ប្រៀបដូចជា​មាន​ថ្នាំ​បំបាត់​ភាព​តប់ប្រមល់​
06, Jan 2019 , 8:39 pm        
រូបភាព
ដោយ: ធីតា
​តើ​បងប្អូន​ស្រី​របស់​អ្នក ជា​មនុស្ស​និយាយ​ច្រើន​មែន​ទេ​? សូម​អរគុណ​គាត់​ទៅ ព្រោះ​បើតាម​ការសិក្សា​មួយ​របស់​អាមេរិក​បង្ហា​ញ មាន​ប្អូន ឬ​បងស្រី​និយាយ​ច្រើន ប្រៀបដូចជា​មាន​ឱសថ​ធម្មជាតិ​ព្យាបាល​រោគ​បំបាត់​ភាព​តប់ប្រមល់ ឬ​ភាព​តានតឹង​អារម្មណ៍ យ៉ាង​ដូច្នោះ​ដែរ​។​

 
​សាកលវិទ្យាល័យ Brigham Young របស់​អាមេរិក ចំណាយពេល​ជាច្រើន​ឆ្នាំ​ដើម្បី​សិក្សា​លើ​ទំនាក់ទំនង​ក្នុង​គ្រួសារ​នីមួយៗ​។ តាម​លទ្ធផល​ដែល​ផ្សាយ​នៅលើ Journal of Family Psychology លោក Alex Jenson សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​មួយ​នេះ បាន​អះអាងថា មាន​ប្អូនស្រី​នៅក្នុង​ផ្ទះ មុន​ខុសពី​មាន​ថ្នាំ​បំបាក់​ភាព​អផ្សុក និង​ភាព​តប់ប្រមល់​នោះឡើយ​។​
 
​លោក​បាន​បន្ថែមថា​៖ «​ប្អូនស្រី ជួយ​ឲ្យ​យើង​ផ្សារភ្ជាប់​ក្នុង​ទំនាក់ទំនង​សង្គម ហើយ​ដើរតួនាទី​វិជ្ជមាន​សម្រាប់​សុខភាព​ផ្លូវចិត្ត​របស់​យើង ហើយ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​នោះ គឺ​ការនិយាយ​ច្រើន​របស់​ពួកគាត់​ដែល​អាច​ប្រើ​ស្ថានការណ៍​ពី​អាក្រក់​ទៅ​ល្អ​»​។​
 
​កាលពី​ឆ្នាំ​២០០៩ ការសិក្សា​មួយ​របស់​សាកលវិទ្យាល័យ Ulster ក៏​រកឃើញ​លទ្ធផល​ដូចគ្នា​ផងដែរ ដោយ​កាលណោះ សាកលវិទ្យាល័យ​អៀរ​ឡង់​ខាងជើង​មួយ​នេះ បាន​សម្ភាស យុវជន​៥៧១​នាក់ ដែលមាន​អាយុ​ចន្លោះ​ពី​១៧​ដល់​២៥​ឆ្នាំ ដែល​សុទ្ធតែ​បាន​អះអាងថា ពួកគេ​មាន​អារម្មណ៍​រីករាយ​ពេល​ស្តាប់​សំឡេង​និយាយ​មិន​ឈប់រ​បស់បង​ប្អូនស្រី​។​
 
​ករណីនេះ ក្រុម​អ្នកស្រាវជ្រាវ​មិន​សំដៅលើ​បងស្រី ឬ​ប្អូនស្រី​នោះឡើយ ប៉ុន្តែ​អ្នកស្រី Laura Padilla-Walker ដែលជា​អ្នកដឹកនាំ​ការស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Brigham Young University បាន​លើកឡើងថា ប្អូនស្រី​ដែលមាន​អាយុ​១០​ឆ្នាំ ទៅ​១៤​ឆ្នាំ គឺជា​ក្មេង​ដ៏​មាន​ឥទ្ធិពល​បំផុត​លើ​ការបង្កើត​ភាព​រីករាយ​ប្រចាំថ្ងៃ ជាពិសេស​ការបំបាត់​អារម្មណ៍​ឯកោ ជាដើម​ភ័យខ្លាច​។ 
 
​ទោះបីជា​យ៉ាងណាក៏ដោយ ក្រុម​អ្នកស្រាវជ្រាវ ក៏​មិន​ច្រានចោល​វត្តមាន​បងប្អូន​ប្រុស​នោះដែរ ដោយ​ពួកគេ​សុទ្ធតែជា​ចំណែក​នាំ​ឲ្យ​មាន​ភាព​រីករាយ​ដល់​សមាជិក​ក្នុង​គ្រួសារ ប៉ុន្តែ​អ្វីដែល​ឪពុកម្តាយ​ត្រូវធ្វើ​នោះ គឺ​ការ​ប្រឹង​ទប់​ស្កាល់​កុំ​ឲ្យ​កូនៗ​មាន​ទម្លាប់​ឈ្លោះ ឬ​ដៀមដាម​គ្នា​។​
 
​ការសិក្សា​ដែល​បានចាប់ផ្តើម​តាំងពី​ឆ្នាំ​២០០៩​មក​នោះ ក៏​អាចមាន​ការខ្វះចន្លោះ​ផងដែរ ដោយ​ជាមួយគ្នា​នោះ ក្រុម​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ Brigham Young University បានលើកឡើង​ពី​គុណវិបត្តិ​ហ្គេម​វីដេអូ ក៏ដូចជា​ស្មា​ត​ហ្វូ​ន​ដែល​កាត់បន្ថយ​គ​ន្លាត​ទំនាក់ទំនង​ក្នុង​គ្រួសារ​៕
 

Tag:
 ចិត្តសាស្ត្រ​
  គ្រួសារ
© រក្សាសិទ្ធិដោយ thmeythmey.com