អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
សេ​អ៊ូ​ល និង​តូ​ក្យូ បន្ត​ផ្លែផ្កា​ដាក់គ្នា​ក្រោយ​មានការ​ប្រឈមមុខគ្នារ​វាង​នាវាចម្បាំង និង​យន្តហោះ​ល្បាត​
06, Jan 2019 , 3:06 pm        
រូបភាព
ដោយ:
រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល និង​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ នៅ​មិនទាន់មាន​ដំណោះស្រាយ​រួម​ជុំវិញ​ឧប្បទ្ទវហេតុ​នៃ​ការប្រឈមមុខគ្នា​រវាង​នាវាចម្បាំង​កូរ៉េខាងត្បូង និង​យន្តហោះ​ល្បាត​របស់​ជប៉ុន ដែល​បាន​កើតឡើង​តាំងពី​ចុងឆ្នាំ​២០១៨​មកម្ល៉េះ​នៅឡើយ​នោះទេ​។ ភាគី​ទាំងពីរ បន្ត​រក្សា​ជំហរ​មិន​ប្រែប្រួល​ក្នុងការ​ការពារ​ភាពត្រឹមត្រូវ​របស់ខ្លួន​ក្នុង​តំបន់​ប្រឈមមុខគ្នា​។



​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​នៅ​ថ្ងៃ​៤ មករា បានចេញ​ផ្សាយ​ឃ្លី​ប​វីដេអូ​ខ្លី​មួយ​ពាក់ព័ន្ធ​នឹង​សកម្មភាព​របស់ខ្លួន​ក្នុង​ថ្ងៃ​មាន​ឧ​ប្ប​ទ្ទ​ហេតុ​នៃ​ការ​ប្រ​ឈ​មុខ​គ្នា​រវាង​កងទ័ព​ទាំងពីរ នៅ​ថ្ងៃ​២០ ធ្នូ ដោយ​ថែម​បានទាមទារ​ឲ្យ​ជប៉ុន​បញ្ឈប់​បំភាន់​ការពិត និង​សុំ​ការ​អភ័យទោស​ពី​កូរ៉េខាងត្បូង​វិញ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ភ្នាក់ងារ​ព័ត៌មាន Yonhap​។​
 
​តាម​ការអះអាង​របស់​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង លោកស្រី Choi Hyun-soo  ឃ្លី​ប​វេ​ឌី​ដេ​អូ​នេះ មាន​គោលដៅ​ផ្តល់​ពី​អង្គហេតុ​ពិត​នៃ​ហេតុការណ៍ ពោល​គី​បញ្ជាក់​បង្ហាញថា​នាវាចម្បាំង​ទម្ងន់ ៣,២០០ តោន ប្រភេទ Gwanggaeto របស់​កូរ៉េខាងត្បូង ពិតជា​មិនបាន​បាញ់​ភ្លើង​រ៉ា​ដា​គំរាម​ទៅកាន់​យន្តហោះ​ល្បាត​របស់​ជប៉ុន​នោះទេ​។ ហើយ​បេសកកម្ម​របស់​នាវាចម្បាំង​កូរ៉េខាងត្បូង គឺជា​បេសកកម្ម​មនុស្សធម៌​ប៉ុណ្ណោះ​។ 
 
​លោកស្រី​អ្នកនាំពាក្យ បន្ថែមថា ការចេញផ្សាយ​របស់រ​ដ្ឋា​ភិ​បាល​កូរ៉េខាងត្បូង ក៏​ដើម្បី​ជាការ​បកស្រាយ​ទៅនឹង​ឃ្លី​ប​វីដេអូ​របស់​ជប៉ុន ដែល​បានចេញ​ផ្សាយ​មួយ​សប្តាហ៍​មុន​ដោយបាន​ចោទប្រកាន់​កូរ៉េខាងត្បូង ថា បាន​គំរាមកំហែង​ដល់​កងទ័ព​ខ្លួន និង​ធ្វើ​ឲ្យ​បណ្តាញ​សង្គម​ជាស​កល​រិះគន់​កូរ៉េខាងត្បូង​យ៉ាងខ្លាំង ក្រោយ​បានឃើញ​ឃ្លី​ប​វីដេអូ​របស់​ជប៉ុន​។ 
 
​ដើម្បី​ផ្សព្វផ្សាយ និង​បកស្រាយ​ពី​ការពិត​នៃ​ហេតុ​ការ​នៃ​ឧប្បទ្ទវ​ហេតុនេះ កូរ៉េខាងត្បូង មានបំណង​ផលិត​វីដេអូ​របស់ខ្លួន​ដដែល​នោះ​ជា​ប្រាំមួយ​ភាសា​បន្ថែមទៀត​លើ​វីដេអូ​ដែល​ទើបតែ​ចេញផ្សាយ​ជា​ភាសា​កូរ៉េ និង​អង់គ្លេស​ហើយ​នោះ​។ វីដេអូ ដែល​កូរ៉េខាងត្បូង ត្រៀម​ផលិត​នោះ​រួមមាន​ជា​ភាសា​ជប៉ុន ចិន បារាំង អេ​ស្ប៉ា​ញ រុស្ស៊ី និង​អារ៉ាប់​។ 
 
​តាម​ភ្នាក់ងារ​ព័ត៌មាន Yonhap នេះ គឺជា​រឿងចម្រូងចម្រាស់​ដ៏​ធ្ងន់ធ្ងរ​មួយ​ហើយ ដែល​រដ្ឋាភិបាល​ជប៉ុន និង​រដ្ឋាភិបាល​កូរ៉េខាងត្បូង មិន​ធ្លាប់​កើតមាន​។ កន្លងមក រដ្ឋាភិបាល​ទាំងពីរ ជា​ទម្លាប់​មិនត្រូវ​រូ​វ​គ្នា​តែ​លើ​រឿង​ប្រវត្តិសាស្ត្រ ដែល​កើតឡើង​ក្នុងអំឡុងពេល​សង្គ្រាមលោក​ប៉ុណ្ណោះ​៕  

Tag:
 ជប៉ុន​
  កូរ៉េខាងត្បូង​
© រក្សាសិទ្ធិដោយ thmeythmey.com