អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មន្ត្រី​ទូត​ហ្វីលីពីន ចង់ឃើញ​ហ្វីលីពីន ប្រកៀក​ស្មា​វៀតណាម​ផ្តល់យោបល់​ធ្វើ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​
06, Jan 2019 , 9:39 pm        
រូបភាព
ដោយ:
​អតីត​ប្រមុខ​ការទូត​ហ្វីលីពីន បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​របស់លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ គាំទ្រ និង​ចូលរួម​ផ្លាស់ប្តូរ​គំនិត​ជាមួយនឹង​រដ្ឋាភិបាល​វៀ​ត​ណា​ម ដើម្បី​ជា​មូលដ្ឋាន​កសាង​ក្រម​ប្រតិបត្តិ​ប​ត្តិ​សមុទ្រ​ចិន​ខាងត្បូង​រឹងមាំ និង​ការពារ​ផលប្រយោជន៍​ដល់​ប្រទេស​រង​ផលប៉ះពាល់​។ ការលើកឡើង​របស់​ប្រមុខ​ការទូត ធ្វើឡើង​ស្របពេល​ហ្វីលីពីន និង​ចិន កំពុង​តែមាន​ទំនាក់ទំនង​ត្រូវ​រូ​វ​គ្នា​ខ្លាំង​។​


​លោក Albert del Rosario អតីតរដ្ឋមន្ត្រី​ការបរទេស នៃ​រដ្ឋបាល​អតីត​ប្រធានាធិបតី Benigno Aquino ថ្មីៗ​នេះ បានផ្តល់​អនុសាសន៍​ដ​ល់​រដ្ឋបាល​របស់លោក​ប្រធាន​ធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ឲ្យ​គាំទ្រ និង​សហការ​ជាមួយនឹង​នឹង​រដ្ឋាភិបាល​វៀតណាម​ក្នុង​កិច្ចចរចា​ធ្វើ​ក្រម​សមុទ្រ​ចិន​ខាងត្បូង ដើម្បី​ការពារ​ផលប្រយោជន៍ ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​ចិន​។ 
​អតីតរដ្ឋមន្ត្រី​រូបនេះ បាន​ព្រមាន​ថា ចិន អាច​ប្រើប្រាស់​ក្រម​ប្រតិបត្តិ​ដែល​អាស៊ាន​និង​ចិន​កំពុងតែ​ចរចា​និង​កសាង​ដើម្បី​ផ្តល់​ភាពស្របច្បាប់​លើ​សកម្មភាព និង​តំបន់​សិប្បនិម្មិត​របស់ខ្លួន​មួយចំនួន​នៅ​សមុទ្រ​ចិន​ខាងត្បូង ប្រសិនបើ​ក្រម​ប្រតិបត្តិ​នេះ មិនត្រូវ​បានធ្វើ​ឡើង​គ្រប់​ជ្រុងជ្រោយ​នោះ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ហ្វីលីពីន Philstar នៅ​ថ្ងៃ​៣ មករា កន្លងទៅ​។​
 
« វា ច្បាស់​ណាស់​ថា ការចូលរួម​ពិគ្រោះ​យោបល់​ជាមួយ​វៀតណាម​លើ​បញ្ហា​នេះ នឹង​ផ្តល់ឱកាស​សម្រាប់​ហ្វីលីពីន​ក្នុងការ​ចែករំលែក និង​ទទួល​ដឹងលឺ​ទស្សនៈ​គ្នា​ទៅវិញទៅមក ដែល​អាច​ឈានដល់​ការឯកភាព​គ្នា​លើ​ផែនការ​សកម្មភាព​មួយ ដែល​ផ្តល់​ប្រយោជន៍​មិន​ត្រឹមតែ​ប្រទេស​ទាំងពីរ​ប៉ុណ្ណោះ​នោះទេ តែ​ប្រទេស​ដទៃទៀត​ផង​»​។ លោក​អតីតរដ្ឋមន្ត្រី សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​។ 
​អនុសាសន៍​របស់​អតីតរដ្ឋមន្ត្រី​ហ្វីលីពីន​រូបនេះ បង្ហាញឡើង បន្ទាប់ពី មានការ​លេចចេញ​ជំហរ​ថ្មី​របស់​វៀតណាម ដែលមាន​ចេតនា​ដាក់បញ្ចូល​បទបញ្ញត្តិ​មួយចំនួន​នៅក្នុង​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​ដែល​ភាគី​អាស៊ាន និង​ចិន កំពុងតែ​ចរចា​គ្នា​ក្នុង​ការដាក់​តាក់តែង​។ 
 
​តាម​ភ្នាក់ងារ​ព័ត៌មាន Reuters រដ្ឋាភិបាល​ក្រុង​ហាណូយ បានរៀបចំ​ប្រការ​មួយចំនួន ដោយ​មិន​ទទួលស្គាល់​កោះ​សិប្បនិម្មិត និង​តំបន់​ដែល​ចិន​ចាក់ដី​បន្ថែម​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ពោលគឺ​ចាត់ទុក​សកម្មភាព​រប​ស់​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​មិន​ស្របច្បាប់​។ វៀតណាម ថែមទាំង​ហាម​មិន​ឲ្យ​មានការ​កំណត់​ដែន​កំណត់​អត្តសញ្ញាណ​អាកាស និង​ការធ្វើ​សមយុទ្ធ​យោធា​នៅក្នុង​ដែនសមុទ្រ ដែល​ចិន កំពុងតែ​រៀបចំ​ធ្វើ​នោះ​។​
 
​គួរ​ជម្រាប​ផងដែរ​ថា សមុទ្រ​ចិន​ខាងត្បូង គឺជា​ដែនសមុទ្រ​ជម្លោះ​មួយ ដែលមាន​ភាគី​ពាក់ព័ន្ធ​រដ្ឋ​អាស៊ាន​រួមមាន ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម ជាមួយនឹង​ចិន​។ ចិន បានទាមទារ​គ្រប់គ្រង​តំបន់​ស្ទើរតែ​ទាំងស្រុង​នៃ​តំបន់​ជម្លោះ​ដោយយោង​តាម​ប្រវត្តិសាស្ត្រ​របស់ខ្លួន ខណៈ​រដ្ឋ​អាស៊ាន បានទាមទារ​ដោយ​យោងតាម​កត្តា​ច្បាប់​អន្តរជាតិ​។​
 
​ដោយសារ​ការខ្វែងគំនិត​គ្នា​លើក​ត្តា នៃ​ការទាមទារ​រួមទាំង​ការ​ប្រ​ឈ​មុខ​គ្នា​នៅក្នុង​តំបន់​ជម្លោះ​រហូតដល់​មានការ​ប្រឈម​មុខការ​ទូត យោធា និង​រួមទាំង​ហិង្សា​ផង​នោះ អាស៊ាន និង​ចិន បាន​ឯកភាព​ក្នុងការ​តាក់តែង​ក្រម​ប្រតិបត្តិ​មួយ​នៅក្នុង​តំបន់​នោះ ក្នុង​គោលបំណង​ដើម្បី​គ្រប់គ្រង​សកម្មភាព​ពាក់ព័ន្ធ​នានា​។ ភាគី​ទាំងពីរ បាន​ឯកភាពគ្នា​រួម​ហើយ​លើ​ក្របខណ្ឌ​នៃ​ក្រម​ប្រតិបត្តិការ ហើយ​បច្ចុប្បន្ន កំពុងតែបន្ត​ចរចា​គ្នា​ថា​តើ​គួរ​បញ្ចូល​លក្ខខណ្ឌ​បែបណា​ដើម្បី​ធានា​ផលប្រយោជន៍​ទាំងសងខាង​។ 
 
​តាមពិតទៅ មុនពេល​ហ្វីលីពីន ដឹកនាំ​ដោយ​រដ្ឋបាល​របស់លោក​ប្រធានាធិបតី ឌូ​ទើ​តេ ហ្វីលីពីន ហាក់ដូចជា​ស៊ីសង្វាក់​គ្នា​ជាមួយនឹង​វៀតណាម​ក្នុងការ​តទល់​ខ្លាំង ជាមួយ​ចិន​រួមទាំង​តាមរយៈ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​ផ្លូវការ និង​ការធ្វើ​កិច្ចសហប្រតិបត្តិការ​ដាក់​សម្ពាធ​តាមរយៈ​វេទិការ​អន្តរជាតិ​។ ក៏ប៉ុន្តែ​ក្រោយ​លោក​ប្រធានាធិបតី ឌូ​ទើ​តេ កាន់តំណែង ហ្វីលីពីន ហាក់​ស្អិតល្មួត​ទៅនឹង​ចិន​វិញ ហើយ​ថែមទាំង​មិន​ប្រើប្រាស់​សាលក្រម​ដែល​ម​ជ្ឈ​ត្ត​ការ​ក្រុងឡាអេ សម្រេច​ឲ្យ​ហ្វីលីពីន​ឈ្នះក្តី​ចិន​ទៀតផង​៕ 
 
 

Tag:
 ហ្វីលីពីន​
  វៀតណាម​
  ចិន​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com