ភ្នំពេញ៖ កញ្ញា សេង រាសី បានដើរតាមគន្លងនៃក្តីសុបិនខ្លួន រហូតដល់ក្លាយទៅជានាយិកាប្រតិបត្តិអង្គការសីលការ (SILAKA Cambodia) ដែលមានបេសកកម្មលើកកម្ពស់ការចូលរួមដោយស្មើភាពក្នុងអភិបាលកិច្ចសាធារណៈ ជាពិសេសការលើកកម្ពស់សិទ្ធិស្ត្រីក្នុងសង្គម។ អាយុត្រឹម៣០ឆ្នាំប៉ុណ្ណោះ កញ្ញា រាស៊ី ទទួលភារកិច្ចដ៏ធំនេះ បន្តពីអ្នកស្រី ធីតា ឃឹះ ដែលជាស្ថាបនិក ហើយដឹកនាំសីលការអស់ជាង២០ឆ្នាំ។
«ខ្ញុំ និងក្រុមការងារបន្តបេសកកម្ម និងចក្ខុវិស័យដែលមានស្រាប់របស់អង្គការជាពិសេសលើការពង្រឹងសមភាពយេនឌ័រ និងអភិបាលកិច្ចល្អ។ ខ្លួនខ្ញុំផ្ទាល់ពិតជាចង់ឃើញអ្នកទទួលផលរបស់សីលការ ជាពិសេសស្ត្រីក្លាយជាអ្នកដឹកនាំក្នុងសហគមន៍របស់ពួកគាត់ តាមរយៈវគ្គបណ្តុះបណ្តាល និងការពង្រឹងភាពក្លាហាន...»។ នេះជាការអះអាងរបស់កញ្ញា សេង រាសី ដែលកាន់តំណែងជានាយិកាប្រតិបត្តិរបស់អង្គការសីលការចាប់តាំងពីដើមខែធ្នូ ឆ្នាំ២០១៨មក។
ពិតជាមិនងាយស្រួលនោះឡើយសម្រាប់ កញ្ញា រាសី ដែលត្រូវរ៉ាប់រងការងារបន្តពីអ្នកស្រី ធីតា ឃឹះ ស្ថាបនិកដែលបានដឹកនាំអង្គការអស់រយៈពេលជាង២០ឆ្នាំ។ ប៉ុន្តែកូនទីបីក្នុងចំណោមបងប្អូនស្រីទាំង៤នាក់នៃគ្រួសារអាជីវករក្នុងរាជធានីរូបនេះ បង្ហាញពីឆន្ទះខ្ពស់របស់ខ្លួនក្នុងការដឹកនាំស្ថាប័ន ដោយអនុវត្តតាមគោលការណ៍កន្លងមក។
សេង រាសី បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញផ្នែកជំនួញ និងគ្រប់គ្រងរដ្ឋបាល និងបន្តសិក្សាអនុបណ្ឌិតលើជំនាញហិរញ្ញវត្ថុអន្តរជាតិនៅសាកលវិទ្យាបញ្ញាសាស្ត្រកម្ពុជា។ នារីវ័យក្មេងរូបនេះចាប់ផ្តើមធ្វើការនៅអង្គការសីលការក្នុងឆ្នាំ២០១២ ដោយទទួលបន្ទុកជាជំនួយការនាយិកាប្រតិបត្តិ ជាពិសេសជួយការងារផ្នែកកិច្ចការអាស៊ាន។
មុននឹងក្លាយជានាយិកានៃអង្គការសីលការ រាសី បានប្រឈមបញ្ហាជាច្រើន ចាប់តាំងពីពេលដែលបានឈានជើងប្រឡូករឿងកិច្ចការសង្គម ក្នុងនាមជាសកម្មជនសិទ្ធិមនុស្សមួយរូប។ កើតក្នុងគ្រួសារដែលប្រកបរបរអាជីវកម្ម ការងារបច្ចុប្បន្នរបស់ រាសី ហាក់ដូចជាឆ្ងាយពេកហើយពីសកម្មភាពប្រចាំថ្ងៃរបស់ឪពុកម្តាយ។ នៅក្នុងសង្គម សកម្មជនការពារសិទ្ធិមនុស្សរូបនេះ ក៏ទទួលបាននូវការថ្នាំងថ្នាក់ពីមនុស្សមួយចំនួនផងដែរ ជាពិសេសអ្នកដែលមាននិន្នាកានយោបាយ។
ថ្វីដ្បិតមានការប្រឈមច្រើនក៏ពិតមែន ប៉ុន្តែរាសី មិនដែលធ្លាប់មានគំនិត បោះបង់ការងារនេះចោល ឡើយ។ «គ្រប់ពេលដែលខ្ញុំបាក់ទឹកចិត្ត ខ្ញុំតែងតែមើលឃើញក្រុមគោលដៅដែលបានធ្វើការជាមួយកន្លងមក ពួកគាត់ក្លាហាន ហ៊ានងើបឈរឡើងវិញ និងអាចធ្វើឲ្យខ្លួនមានសម្លេងនៅក្នុងសង្គម។ ទាំងនេះហើយជាកម្លាំងយ៉ាងធំសម្រាប់ខ្ញុំ ក្នុងការធ្វើកិច្ចការទាំងនេះ ក្នុងជាសកម្មជនសិទ្ធិមនុស្ស ពិសេសសិទ្ធិស្រី្តនេះ។ ខ្ញុំចង់បំបែកភាពស្ងៀមស្ងាត់របស់ស្ត្រីដែលរងគ្រោះដោយអំពើហិង្សា ដើម្បីឲ្យពួកគាត់ហ៊ានងើបឡើងតស៊ូ និងឈានដល់ថ្នាក់សម្រេចចិត្ត»។ នេះជាការអះអាងរបស់កញ្ញា រាសី។
រាសី បានបន្តថា ការធ្វើការងារក្នុងសង្គមស៊ីវិលនេះ គឺត្រូវការបេះដូងខ្លាំង ក្នុងស្រលាញ់សង្គម និងគិតថាខ្លួនឯងជាផ្នែកមួយនៃការផ្លាស់ប្តូរភាពវិជ្ជាមាននៃសង្គម ការអភិវឌ្ឍសង្គមឈានទៅចីរភាព ទើបកញ្ញា រាសីអាចឈរក្នុងដំណែកនេះបានទេ។
ឆ្លងកាត់រឿងរ៉ាវជាច្រើនជាមួយអង្កការសីលការ និងការស្វែងយល់ពីស្ថានភាពស្ត្រីនៅក្នុងតំបន់គោលដៅអស់រយៈពេលជិត៦ឆ្នាំ កន្លងមក កញ្ញា រាសី បានក្លាយជានាយិកាថ្មីទាំងវ័យក្មេង។ លើសពីនេះការទទួលស្គាល់ និងគាំទ្រពីគ្រួសាររបស់ខ្លួន និងសង្គម បានជំរុញឲ្យកញ្ញា រាសី កាន់តែខិតខំធ្វើការងារនេះ ពិសេសពាក់ព័ន្ធទៅនឹងសិទ្ធិស្ត្រី បន្ថែមទៀត៕