លោក Alfonso Mendoza ជាជនអន្តោប្រវេសន៍វេណេស៊ុយអេឡាដែលបានទៅរស់នៅទឹកដីកូឡុំប៊ី។ គាត់កើតមកដោយគ្មានជើង និងត្រូវបានឪពុកម្តាយបោះបង់ចោល ប៉ុន្តែក្នុងជីវិតលោកមិនដែលបោះបង់ខ្លួនឯងនោះ ដោយតែងតែលើកឡើងថា «ជឿជាក់លើខ្លួនឯង»។
ក្នុងបទសម្ភាសមួយជាមួយ AFP លោក Mendoza ដែលចង់ឲ្យគេហៅរហស្សនាមលោកថា « Alca» បានលើកឡើងពីដំណើរផ្សងព្រេងដ៏សែនគ្រោះថ្នាក់ពីវេណេស៊ុយអេឡា ទៅកាន់ទឹកដីកូឡុំប៊ីជាមួយភរិយារបស់ខ្លួន ដោយលោកជិះក្តារបន្ទះ។ ទោះបីជាយ៉ាងណាក៏ដោយ លោករីករាយក្នុងដំណើរជីវិតរបស់ខ្លួន។
«ព្រះជាម្ចាស់មិនបានប្រទានជើងពីរដល់ខ្ញុំក៏ពិតមែន ប៉ុន្តែត្រូវបានជំនួសដោយសមត្ថភាពជំនាញ ដូចជាកីឡា តន្ត្រី និងការបង្រៀនពអប់រំពីជីវិត។ អ្វីដែលព្រះជាម្ចាស់ផ្តល់ឲ្យ ពិតជាអស្ចារ្យខ្លាំងណាស់»។ នេះជាការលើកឡើងរបស់លោក Alca ដែលបានយកសមត្ថភាពជំនាញរបស់ខ្លួនដើម្បីចិញ្ចឹមភរិយា និងកូនស្រី។
ពិការភាពមិនមែនជាឧបសគ្គសម្រាប់បុរសវ័យ២៥ឆ្នាំរូបនេះឡើយ។ រៀងរាល់ថ្ងៃ គាត់ជិះក្តារបន្ទះទៅរកលុយដោយច្រៀងរ៉េបកំដរអារម្មណ៍ភ្ញៀវនៅលើរថយន្តក្រុង។ បន្ថែមពីលើនេះ លោកក៏តែងតែទៅបង្រៀនយុវជនទាក់ទងនឹងមេរៀននៃជីវិតតស៊ូរបស់មនុស្សផងដែរ។
ជាមួយនឹងក្តារបន្ទះ យុវជន Mendoza អាចផ្លាស់ទីរកលុយពេញទីក្រុង Barranquilla ដែលលោក និងភរិយាចាត់ទុកក្រុងកំពង់ផែរបស់កូឡុំប៊ីនេះ ជាដែនកំណើតទីពីររបស់ខ្លួន។ ក្នុងមួយថ្ងៃ Mendoza អាចរកចំណូលត្រឡប់ទៅផ្ទះប្រមាណជាង១០ដុល្លារអាមេរិក ខណៈចំណូលកន្លងមកដែលរកបាននៅវេណេស៊ុយអេឡា គឺត្រឹមតែ៣០ដុល្លារ ប៉ុណ្ណោះក្នុង១ខែ។
ការសម្រេចចិត្តទៅរស់នៅកូឡុំប៊ី ពីព្រោះគ្រួសារលោកមិនរំពឹងថារស់នៅបានសុខក្នុងប្រទេសរបស់ខ្លួនដែលមានសង្គ្រាមនោះឡើយ។ បន្ថែមពីលើនេះ លោកត្រូវការផ្លាស់ប្តូរជីវិតឲ្យបានប្រសើរ មុនពេលកូនស្រី Auralys ចាប់កំណើត។ បើតាម AFP ទារិយា Auralys បានកើតកាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៧ ។
«នៅពេលដែលខ្ញុំដឹងថា ខ្លួនត្រូវក្លាយជាឪពុកគេ ដូច្នេះខ្ញុំត្រូវតែមករស់នៅកូឡុំប៊ី»។ នេះជាការបញ្ជាក់របស់លោក Mendoza ដោយអ្នកស្រី Mileidy Pena បន្ថែមថា ស្វាមីខ្លួនជាមេគ្រួសារដែលបំពេញតួនាទីបានល្អឥតខ្ចោះ ពោលគឺគាត់ឆ្លើយតបបានគ្រប់បែបយ៉ាងរាល់តម្រូវការគ្រួសារ។
Mendoza មិនចង់ឲ្យគ្រួសារជួបផលលំបាកដូចខ្លួនកាលពីតូចនោះឡើយ។ លោកត្រូវបានឪពុកម្តាយបោះបង់ចោល ហើយក្រោយមក ស្ថិតក្រោមការចិញ្ចឹមបីបាច់របស់ជីដូន ប៉ុន្តែជីដូនបានស្លាប់នៅពេល Mendoza អាយុបាន៩ឆ្នាំ។
ឆ្លងកាត់ជីវិតដ៏លំបាក ដោយធ្លាប់រងការរើសអើងនៅសាលា Mendoza ក៏ធ្លាប់គិតសម្លាប់ខ្លួនផងដែរនៅពេលអាយុដល់១៣ឆ្នាំ ប៉ុន្តែជីវិតរបស់គេបែរជាមានរស្មីឡើងវិញ ដោយសារតន្ត្រី និងការជួយជ្រោមជ្រែងពីមិត្តម្នាក់ដែលជួយគេឲ្យផ្លាស់ពីរទេះរុញ ទៅជិះក្តារបន្ទះវិញ។
បន្ទាប់ពីធ្លាប់លក់សំបុត្រសម្រាប់កម្មវិធីផ្សេងៗ និងសម្ភារសិប្បកម្មនានា Mendoza ពិនិត្យឃើញថា របរច្រៀងរ៉េបនៅលើរថយន្តក្រុងសាធារណៈ នឹងនាំឲ្យគេមានចំណូលកាន់តែប្រសើរ។ «ខ្ញុំមិនមានអ្វីត្រូវខ្មាសឡើយចំពោះការច្រៀងនៅលើរថយន្ត។ អ្វីដែលត្រូវខ្មាសនោះ គឺនៅពេលដែលខ្ញុំទៅដល់ផ្ទះ ហើយភរិយាប្រាប់ថា គ្មានកន្ទប និងសម្លៀកបំពាក់សម្រាប់កូនស្រីរបស់ខ្ញុំ។ ខ្ញុំជឿថា ជីវិតបច្ចុប្បន្នរបស់ខ្ញុំមានការប្រែប្រួលច្រើនណាស់ ដោយសារតែទំនួលខុសត្រូវ»។
ជាមួយគ្នានេះ Mendoza ជាវាគ្មិនដ៏មមាញឹកម្នាក់ផងដែរ ដែលតែងតែចូលរួមចែករំលែកពីជីវិតតស៊ូរបស់ខ្លួនជូនដល់កុមារ យុវជន និងគ្រូបង្រៀន។ លោកតែងតែប្រាប់អ្នកចូលរួមថា អាកប្បកិរិយាវិជ្ជមាន គឺត្រូវតែមានសម្រាប់មនុស្សគ្រប់រូប។
«Believe in Yourself!» (អ្នកត្រូវជឿជាក់លើខ្លួនឯង!) ជាសារណែនាំដ៏សំខាន់របស់លោក Mendoza ទៅកាន់អ្នកចូលរួម ជាពិសេសផ្អែកលើគំរូខ្លួនលោកផ្ទាល់ ដែលប្រឹងតស៊ូក្នុងឆាកជីវិត បើទោះបីជាព្រះមិនបានប្រទានជើងដល់គេក៏ដោយ៕