អន្តរជាតិ
នយោបាយអន្តរជាតិ
រោងចក្រអាលុយមីញ៉ូមវៀតណាមរងផលប៉ះពាល់ ដោយសារការនាំចូលពីចិន
× ការនាំចូលអាលុយមីញ៉ូមដែលមានតម្លៃថោកពីចិន កំពុងបង្កជាផលប៉ះពាល់ដល់បណ្តាក្រុមហ៊ុនផលិតអាលុយមីញ៉ូមក្នុងស្រុកវៀតណាម ដ្បិតពួកគេព្រួយបារម្ភថា ពួកគេនឹងពុំអាចមានសមត្ថភាពប្រកួតប្រជែងជាមួយនឹងការនាំចូលបែបនេះបានឡើយ។
ដោយព្រួយបារម្ភថាពុំអាចប្រកួតប្រជែងជាមួយអាលុយមីញ៉ូមនាំចូលពីចិន ម្ចាស់ក្រុមហ៊ុនផលិតអាលុយមីញ៉ូមមួយនៅទីក្រុងហាណូយ លោក Nguyen Hong Linh បានគូសបញ្ជាក់ថា លោកពុំអាចសម្រេចចិត្តក្នុងការពង្រីកផលិតកម្មរបស់រោងចក្រលោកទៀតឡើយ ទោះបីជាលោកមានធនធានក៏ដោយ ។ យោងតាមសារព័ត៌មានក្នុងស្រុកវៀតណាម VnExpress លោកបានបកស្រាយបែបនេះ៖ «ក្រុមហ៊ុនខ្ញុំ ជាមួយបណ្តាក្រុមហ៊ុនផលិតអាលុយមីញ៉ូមផ្សេងទៀត បានចាប់ផ្តើមកាត់បន្ថយផលិតកម្មរបស់ពួកយើង ចាប់តាំងពីដើមឆ្នាំមកម្ល៉េះ»។
ជុំវិញរឿងនេះ អ្នកជំនាញបានព្រមានថា ចិនអាចនឹងនាំចូលទំនិញតម្លៃថោកៗនៅក្នុងបរិមាណដ៏ច្រើនទៅកាន់ប្រទេសវៀតណាម។ មិនត្រឹមតែអាលុយមីញ៉ូមប៉ុណ្ណោះទេ ចិនក៏អាចនាំចូលដែកថែប និងផលិតផលឧស្សាហកម្មផ្សេងៗទៀតផងដែរ ខណៈកំពុងជាប់គាំងក្នុងសង្គ្រាមពាណិជ្ជកម្មរបស់ចិនជាមួយអាមេរិក។
ក្រោយពីសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិន បានផ្ទុះឡើងក្នុងឆ្នាំ២០១៨មក សហរដ្ឋអាមេរិកបានដំឡើងពន្ធលើអាលុយមីញ៉ូមរបស់ចិនដែលនាំចូលទៅកាន់ទីផ្សារអាមេរិក ដោយបានអះអាងថា ការនាំចូលផលិតផលចិនបានប៉ះពាល់ដល់ក្រុមហ៊ុនក្នុងស្រុករបស់អាមេរិក។ ជាលទ្ធផល ក្រុងប៉េកាំងដែលក្តោបក្តាប់ការផ្គត់ផ្គង់អាលុយមីញ៉ូមប្រមាណជាងពាក់កណ្តាលនៃការផ្គត់ផ្គង់ពិភពលោក បានស្វះស្វែងទីផ្សារនាំចេញទៅកាន់បណ្តាប្រទេសជិតខាងខ្លួន ក្នុងនោះក៏មានវៀតណាមផងដែរ។
ទិន្នន័យផ្លូវការពីរដ្ឋាភិបាលវៀតណាម បង្ហាញថា ទំនិញចិនស្មើនឹង៣០ភាគរយនៃការនាំចូលអាលុយមីញ៉ូមរបស់វៀតណាម។ តួលេខនេះបានកើតឡើង៣ដង ក្នុងរយៈពេលត្រឹមតែ២ឆ្នាំចុងក្រោយនេះ។ ហើយការនាំចូលពីទីផ្សារបរទេសផ្សេងទៀត ដែលត្រូវបានស្គាល់ថា អាលុយមីញ៉ូមមានគុណភាពខ្ពស់ ដូចជា អាល្លឺម៉ង់ និងកោះតៃវ៉ាន់ មានត្រឹមតែ២ភាគរយប៉ុណ្ណោះ។
យ៉ាងណាមិញ អាជ្ញាធរវៀតណាម កាលពីថ្មីៗនេះ បានបញ្ជាក់ថា ខ្លួនកំពុងបើកការស៊ើបអង្កេតថា តើការនាំចូលអាលុយមីញ៉ូម បង្កផលប៉ះពាល់ដល់អ្នកផលិតរបស់វៀតណាមឬយ៉ាងណានោះ។ ខណៈមានការ ព្រួយបារម្ភថា វៀតណាមអាចក្លាយជាទីតាំងបោះចោលរបស់របរចាស់ៗរបស់ចិននោះ លោក Nguyen Trung Tien ប្រធាននាយកដ្ឋានស្ថិតិពាណិជ្ជកម្មនៃការិយាល័យស្ថិតិទូទៅវៀតណាត បានបញ្ជាក់ថា អាជ្ញាធរពាក់ព័ន្ធនឹងធ្វើអន្តរាគមន៍ដើម្បីការពារកុំឲ្យរឿងនេះកើតឡើងបានឡើយ៕
Tag:
វៀតណាម
រោងចក្រអាលុយមីញ៉ូម
ចិន
© រក្សាសិទ្ធិដោយ thmeythmey.com