ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សុខ ទូច ៖ កុំ​បារម្ភ​រឿង​ចិន​មក​វិនិយោគ​នៅ​កម្ពុជា ព្រោះ​កម្ពុជា​មានច្បាប់​
06, Jan 2019 , 7:39 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកលោក សុខ ទូច
រូបភាពពីហ្វេសប៊ុកលោក សុខ ទូច
 ភ្នំពេញ​៖ ផ្ទុយ​ពី​មជ្ឈដ្ឋាន​មួយចំនួន ព្រួយបារម្ភ​ពី​ការ​កំណើន​វិនិយោគ​ចិន​នៅ​កម្ពុជា​នោះ លោក សុខ ទូច មើលឃើញ​ពី​ភាព​វិជ្ជមាន​នៃ​ការវិនិយោគ​ចិន​នេះ​។ សម្រាប់​លោក សុខ ទូច ការវិនិយោគ​ចិន គឺជា​ផ្នែក​មួយ​នៃ​ដំណើរការ​អភិវឌ្ឍ​ប្រទេស ពោលគឺ​គ្មាន​អ្វីដែល​គួរ​ឲ្យ​ព្រួយបារម្ភ​ឡើយ​។ ប្រធាន​រាជបណ្ឌិត្យ​រូបនេះ ក៏បាន​ស្តីបន្ទោស​ឲ្យ​អ្នកវិភាគ​លើ​បញ្ហា​ចិន​នេះ​ផងដែរ​។​





 
​អ្នកវិភាគ​និង​រិះគន់​ចំពោះ​ការវិនិយោគ​ចិន​នៅ​កម្ពុជា​នេះ គឺ​មិនមែន​សុទ្ធតែ​ត្រឹមត្រូវ​នោះទេ​។ នេះ​ជាការ​លើកឡើង​របស់លោក សុខ ទូច ដែល​ចាត់ទុក​ការ​សម្តី​អ្នកវិភាគ​ទាំងនោះ ជាការ​ព្រួយបារម្ភ​ជ្រុល​ហួសពេក​។ ប្រធាន​រាជបណ្ឌិត្យសភា​រូបនេះ យល់ឃើញថា ការវិនិយោគ​ចិន​នៅ​កម្ពុជា គ្មាន​ចំណុច​ណា​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​ឡើយ ដរាបណា​ក្រសួងមហាផ្ទៃ នៅ​អនុវ
ត្ត​ច្បាប់​លើ​ជនបរទេស​។ ត្រង់ចំណុច​នេះ​លោក សុខ ទូច ចង់​បានន័យថា គ្មាន​វិនិយោគិន​បរទេស​ណា អាច​បំផ្លាញ​សន្តិសុខ​កម្ពុជា​បានឡើយ ព្រោះ​កម្ពុជា​មានច្បាប់​អនុវត្ត​ត្រឹមត្រូវ​។​
 
​ថ្លែង​ក្នុង​ប​ឋ​កថា​មួយ ស្តីពី «​រដ្ឋាភិបាល​ដើម​ស្រល់​» ដែល​រៀបចំឡើង​នៅ​រាជបណ្ឌិត្យសភាកម្ពុជា កាលពី​ថ្ងៃទី​០៥ ខែមករា ប្រធាន​រាជបណ្ឌិត្យសភា​រូបនេះ បាន​សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​សូម​ឲ្យ​អ្នក​វិភាព​ពិនិត្យ ពិចារណា​ឡើងវិញ ចេះតែ​បារម្ភ​ចិន​បែបនេះ ចិន​បែប​នោះ មាន​ចិន​ប៉ុន្មាន​នាក់​កាន់​អត្ត​សញ្ញាប័ណ​ខ្មែរ លិខិតឆ្លងដែន​ខ្មែរ បើ​មិនទាន់មាន​គឺ​គ្មាន​សិទ្ធ​ទិញ​ដី​ទេ  គឺមាន​សិទ្ធិ​ទិញ​ចាប់ពី​ជាន់​ទី​១​ទៅ ។​ដូច្នេះ​កុំ​កង្វល់ (​យើង​មាន​)​ច្បាប់ ច្បាប់​»​។​
 
​សម្រាប់​លោក សុខ ទូច ការវិនិយោគ​ចិន​យ៉ាងគំហុក​នៅ​កម្ពុជា គឺជា​ផ្នែក​មួយ​នៃ​ដំណើរការ​អភិវឌ្ឍ​ប្រទេស ពោលគឺ​មិន​ដូច​ចិន​ដែល​មកកាន់​កម្ពុជា កាលពី​អតីតកាល ដែល​នាំយក​មនោគមន៍វិជ្ជា​មក​ឲ្យ​កម្ពុជា​នោះទេ​។ 
 
«​ចិន​មក​លើក​ទី​១ ចិន​ហែល​ទឹក ហែល​មក​ទើ​នៅ​កន្លែង​ណា រស់នៅ​កន្លែង​ហ្នឹង ជាពិសេស​អ្នក​កំពង់ចាម​ពាក់កណ្ដាល​សុទ្ធតែ​ចិន ហែល​ទឹក​មក​។ ដំណាក់កាល​ទី​២​ចិន​យក​មនោគមវិជ្ជា​មក​ដាក់ ឆ្នាំ​១៩៧៥ ដល់ ១៩៧៩ ចិន​យក​មនោគមវិជ្ជា​មក​ដាក់ គឺ​មនោ​គម ម៉ៅ ប៉ុន្តែ​សម័យ​សតវត្ស​ទី​២១ សម័យ​តេ​ជោ សែន ចិន​មិនមែន​យក​ទាំងអស់​នឹង​មក​ដាក់​នោះទេ​។ ចិន​មក​យក​ផ្ទះ​៤០​ជាន់ ៦០​ជាន់ ៣០​ជាន់ ហើយ​កុំ​សង្ឃឹមថា​ចិន​យួរ​យកទៅ​វិញ យួរ​ទៅ​មិន​រួច​ទេ​។​ប៉ុន្តែ​(​ចិន​)​ត្រូវអនុវត្ត​ច្បាប់ ក្រសួងមហាផ្ទៃ​»​។​នេះ​ជាការ​លើកឡើង​របស់លោក សុខ ទូច ដែល​បាន​យក​ករណី​ចិន​នៅ​កម្ពុជា ទៅ​ប្រៀបធៀប​ប្រទេស​ដទៃ​ថា ប្រទេស​ក្នុង​ពិភពលោក​គឺមាន​ជន​ជាត​ចិន​ស់​នៅ​ទាំងអស់ មិន​ថា​សហរដ្ឋអាមេរិក​, ម៉ាឡេស៊ី និង​ថៃ ក៏មាន​ចិន​ដែរ​។​
 
​កន្លងមក​មាន​អ្នកវិភាគ​មួយចំនួន លើកឡើងថា ប្រជាជន​កម្ពុជា​នឹង​ក្លាយជា​ជនជាតិភាគតិច​នាពេលខាងមុខ តាមរយៈ​ការវិនិយោគ និង​លំហូរ​ជនជាតិ​ចិន​រស់នៅ​កម្ពុជា​។ ប៉ុន្តែ​ការលើកឡើង​នេះ ត្រូវបាន​មជ្ឈមណ្ឌល​សិក្សា​ចិន នៃ​រាជបណ្ឌិត្យសភាកម្ពុជា ចាត់ទុក​លើកឡើង​ទាំងនោះ ជាការ​ញុះញង់​។ 
 
​មជ្ឈមណ្ឌល​សិក្សា​ចិន​បានសរសេរថា​៖ «​ការលើកឡើង​ពី​ការព្រួយបារម្ភ​ខាងលើ មាន​ចរិត​ញុះញង់ និង​បង្កឱ្យមាន​ភាពចលាចល​សង្គម ដើម្បី​បង្វែរ​វិនិយោគ​ចិន ឱ្យ​ងាក​ទៅរក​ប្រទេសជិតខាង​។ ការ​ញុះញង់​នេះ អាច​រង​ឥទ្ធិពល​ល្បិច​របស់​ប្រទេសជិតខាង ឬ​ប្រទេស​ដែល​មិន​ចង់ឱ្យ​កម្ពុជា​មានការ​រីកចម្រើន​។​
 
​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយនេះ សន្ទុះ​វិនិយោគិន​ចិន បាន​សម្រុក​មករក​ស៊ី​យ៉ាងគំហុក​នៅ​កម្ពុជា ដែលមាន​ដល់​ទៅពាន់​គម្រោង​ក្នុង​មួយឆ្នាំៗ ហើយ​ភាគច្រើន​លើ​វិស័យ​អចលនទ្រព្យ និង​សំណង់ ក្រៅពី​វិស័យ​កាត់ដេរ វាយ​ន​ភណ្ឌ​។ ចំពោះ​លំហូរ​វិនិយោគ​ចិន​ច្រើន​នេះ វា​គឺជា​រឿង​មួយ​ល្អ សម្រាប់​ចរន្ត​សេដ្ឋកិច្ច​ក្នុងប្រទេស​។ នេះ​បើ​និយាយ​ផ្អែកទៅលើ​ទស្សន​សេដ្ឋកិច្ច​។ ប៉ុន្តែ​បើ​ពិនិត្យមើល​ទៅលើ​ភាពអវិជ្ជមាន​នៃ​ការវិនិយោគ​នេះ​វិញ វា​ក៏មាន​បញ្ហា​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ​។​
 
​សហ​ស្ថាបនិក​នៃ​វិទ្យាស្ថាន​កម្ពុជា សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ លោក ឈាង វណ្ណា​រិ​ទ្ធិ មើលឃើញថា ការវិនិយោគ​ចិន​នេះ មិនទាន់​ផ្ដល់​ប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​ច្រើន​នោះទេ ដោយសារ​ពួកគេ​នាំចូល​កម្មករ​ជំនាញ​មកពី​ប្រទេស​ចិន ហើយ​ខ្វះ​តម្លាភាព និង​ការចែករំលែក​ចំណេះ​ជំនាញ​ដល់ក​ម្មករ ក៏​នៅមានកម្រិត​ទាប​។ ជាពិសេស​បញ្ហា​វិនិយោគ​ចិន ដែល​ផ្ដោតលើ​កាស៊ីណូ ហើយ​នាំ​ផល​អវិជ្ជមាន​ដល់​កម្ពុជា​។​
 
​ដើម្បី​ទប់ស្កាត់​ផល​អវិជ្ជមាន​នៃ​ការវិនិយោគ​ចិន​នេះ រដ្ឋាភិបាល ត្រូវ​រៀបចំ​វិធានការ និង​យុទ្ធសាស្ត្រ​ទប់ស្កាត់​ការវិនិយោគ​បរទេស​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​កុំ​ឲ្យ​ជះឥទ្ធិពល​អាក្រក់​ក្នុងប្រទេស​នាពេលខាងមុខ​។​
 
​បច្ចុប្បន្ននេះ មាន​ប្រទេស​មួយចំនួន​ដូចជា ញូ​វ​ហ្សឺ​លែ​ន ម៉ាឡេស៊ី​ជាដើម បាន​ទប់ស្កាត់​ការវិនិយោគ​ចិន ក្នុងប្រទេស​របស់​ពួកគេ ដោយសារតែ​ពួកគេ​យល់ឃើញថា ការវិនិយោគ​ចិន​មួយចំនួន បាន​នាំ​ឲ្យ​មានការ​ផ្ទុះឡើង​តម្លៃ​អចលនទ្រព្យ ដែល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ខ្វះ​លទ្ធភាព ក្នុង​វិស័យនេះ​។ ជាពិសេស​បញ្ហា​បង្ក​អនាធិបតេយ្យ​ផ្សេងៗ​ទៀត ដែល​កើតចេញពី​ការវិនិយោគ និង​លំហូរ​ជន​ជាតិចិន​ក្នុងប្រទេស តាមរយៈ​ការវិនិយោគ​នេះ​។​
 
​សម្រាប់​លោក ឈាង វណ្ណា​រិ​ទ្ធិ កម្ពុជា​ក៏ត្រូវ​រៀនសូត្រ​ពី​ប្រទេស​ទាំងនោះ ដើម្បី​ទប់ស្កាត់​ភាពអវិជ្ជមាន​នៃ​ការវិនិយោគ​របស់​ចិន​នេះ ដែល​ធ្វើយ៉ាងណា​កុំ​ឲ្យ​ប៉ះពាល់​សេដ្ឋកិច្ច និង​ជីវភាព​ប្រជាជន​កម្ពុជា​៕
 

Tag:
 ​សុខ ទូច​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com