អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
នាយករដ្ឋមន្ត្រី​វៀតណាម បេ្ត​ជ្ញា​ប្រែក្លាយ​វៀតណាម​ជា​ប្រទេស​អភិវឌ្ឍ​កសិកម្ម​ល្អ​បំផុត​លើ​លោក​ត្រឹម ១០​ឆ្នាំ​
06, Jan 2019 , 5:30 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ហាណូយ បាន​ប្តេជ្ញាចិត្ត​ក្នុងការ​ប្រែក្លាយ​ប្រទេស​របស់ខ្លួន​ឲ្យ​ទៅជា​ប្រទេស​មានការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ល្អ​បំផុត​ក្នុងចំណោម​ប្រទេស​ទាំង​១៥​លើ​ពិភពលោក​ក្នុង​រយៈពេល​១​ទសវត្សរ៍​ទៅមុខ​។ ក្រុង​ហាណូយ ហ៊ាន​អះអាង​បែបនេះ ដោយ​មើលឃើញ​ពី​សមិទ្ធផល​មួយឆ្នាំ​កន្លងមក និង​សក្តានុពល​កសិកម្ម​រប​ស់​វៀតណាម​ដែរ​។​




​នាឱកាស​នៃ​ការ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង​ប្រកាស​ដាក់​ការងារ​អាទិភាព​ឆ្នាំ​២០១៩​នៃ​ក្រសួងកសិកម្ម និង​អភិវឌ្ឍ​ជនបទ​វៀតណាម​នៅ​ថ្ងៃ​០៣ មករា​កន្លងទៅ លោកនាយក​រដ្ឋមន្ត្រី Nguyễn Xuân Phúc បាន​មានការ​រំពឹង​ខ្ពស់​លើ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម និង​សុវត្ថិភាព​ចំណី​វៀតណាម ដែល​អាចធ្វើ​ឲ្យ​រដ្ឋ​អាស៊ីអាគ្នេយ៍​មួយ​ក្លាយជា​ប្រទេស​ឈានមុខ​គេ​ខាង​វិស័យ​កសិកម្ម​លើ​ពិភពលោក​។​
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​វៀតណាម Vietnam News នាយករដ្ឋមន្ត្រី​ខាងលើ បានលើកឡើង​ពី​សមិទ្ធផល​គួរកត់សម្គាល់​ក្នុង​រយៈពេល​១២​ខែ ក្នុង​ឆ្នាំ​២០១៨ ដែល​រួមមាន​ទាំង​ការទទួលបាន​ចំណាត់ថ្នាក់​ទី​ពីរ ក្នុងនាម​ជា​ប្រទេស​នាំចេញ​ផលិតផល​កសិកម្ម​ន​នៅ​អាស៊ីអាគ្នេយ៍​, ការកសាង​សង្វាក់​ផលិតកម្ម និង​សុវត្ថិភាព​អាហារ​លើ​មុខទំនិញ​រាប់ពាន់​មុខ និង​បានរៀបចំ​វេទិកា​សម្រាប់​លើកកម្ពស់​វិស័យ​កសិកម្ម​ជូន​ដល់​កសិករ​ជាដើម​។​
 
​បន្ថែម​ពី​ការលើកឡើង​ពី​សមិទ្ធផល​របស់​ប្រទេស លោកនាយក​រដ្ឋមន្ត្រី ក៏បាន​លើកយក​បញ្ហា​ដែល​ត្រូវ​ដោះស្រាយ​នៅក្នុង​ជំហាន​បន្ទាប់​ដើម្បី​ធ្វើ​ឲ្យ​វិស័យ​កសិកម្ម​វៀតណាម​កាន់តែ​ល្អប្រសើរ និង​លេចធ្លោ​ក្នុង​ឆាក​អន្តរជាតិ​។ បញ្ហា​ក្នុង​វិស័យ​កសិកម្ម​ដែល​លោក​បាន​គូសបញ្ជាក់​រួមមាន​ទាំង​កម្លាំង​ពលកម្ម​, ភាពមិន​ទាន់​គ្រប់​ជ្រុងជ្រោយ​នៃ​ការអនុវត្ត​គោលនយោបាយ​កសិកម្ម​នៅតាម​តំបន់ និង​ការបំពុល​បរិស្ថាន​ជាដើម​។​
 
​លោកនាយក​រដ្ឋមន្ត្រី ថែមទាំង​ដាក់​គោលដៅ​សម្រាប់​ពេល ដប់ឆ្នាំ​ទៅមុខ ដោយ​នឹងធ្វើ​ឲ្យ​វិស័យ​កសិកម្ម​វៀតណាម​ស្ថិតនៅ​ក្នុងចំណោម​ប្រទេស​១៥ ដែលមាន​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​បំផុត​របស់​ពិភពលោក​។ ហើយ​ដើម្បី​ធ្វើ​ឲ្យ​ចក្ខុ​វិស័យនេះ ក្លាយជា​ការពិត​បាន លោកនាយក​រដ្ឋមន្ត្រី បាន​ប្តេ​ជា្ញ​ធានា​ពី​ភាពល្អប្រសើរ​នៃ​ប្រព័ន្ធ​ច្បាប់ និង​លុបបំបាត់​បទ​ប​ញ្ញ​តិ្ត​ក្នុង​វិស័យ​កសិកម្ម ដែលមាន​ច​រិ​ក​លក្ខណៈ​ដើរ​ថយក្រោយ និង​ថែមទាំង​យកចិត្តទុកដាក់​លើ​បច្ចេកវិទ្យា​វិទ្យាសាស្ត្រ​ផង​។​
 
​ទាក់ទង​នឹង​ច្បាប់​និង​បទបញ្ញត្តិ នាយករដ្ឋមន្ត្រី​រូបនេះ​ពន្យល់ថា វា​ជា​រឿង​ចាំបាច់​ដែល​វៀតណាម​ត្រូវ លើកស្ទួយ​ការកែទម្រង់​គម្រូ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ឡើងវិញ កំណត់​ប្រភេទ​ផលិតផល​កសិកម្ម​ចម្បងៗ​នៅ​ថ្នាក់ជាតិ ខេត្ត និង​ថ្នាក់មូលដ្ឋាន​។ 
 
​ចំណុច​បន្ទាប់ រដ្ឋាភិបាល​ត្រូវ​ធានា​ឲ្យ​បាន​នូវ​ប្រសិទ្ធភាព​ព្យាករណ៍​ទីផ្សារ​កសិកម្ម ធានា​តុល្យភាព​នៃ​ការផ្គត់ផ្គង់​និង​តម្រូវការ អភិវឌ្ឍ​ទីផ្សារ​ថ្មី​សម្រាប់​កសិកម្ម និង​បន្ត​កសាង​ម៉ាក​ឬ​ពាណិជ្ជ​នាម​សម្រាប់​ផលិតផល​កសិកម្ម​វៀតណាម​ដូចជា​អង្ករ​, ត្រី​, សាច់​, បន្លែ និង​ផលិត​ផ្សេងទៀត​ដែរ​។ 
 
​ចុងក្រោយ គឺ​ការ​បញ្ជៀប និង​ជំរុញ​ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ទាំង​ជីវសាស្ត្រ និង​វិទ្យាសាស្ត្រ​ច្នៃប្រឌិត​ជាដើម ក្នុង​បរិបទ​នៃ​សម័យ​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី​បួន (Industrial Revolution 4.0)​។ បន្ថែម​ពី​នោះ ការស្រាវជ្រាវ និង​ប្រើប្រាស់​ប្រភេទ​ទិន្នន័យ និង​បញ្ញា​សិប្បនិម្មិត (AI) ជា​រឿង​អាទិភាព​សម្រាប់​ការអភិវឌ្ឍ​កសិកម្ម​វៀតណាម​ដូចគ្នា​៕
 

Tag:
 វៀតណាម​
  កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com