ជាតិ
ពីនេះ ពីនោះ
ផ្ទះ​អតីត​មេដឹកនាំ​ខ្មែរក្រហម​តា​ម៉ុក ក្លាយជា​រមណីយដ្ឋាន​ទេសចរណ៍​!
07, Jan 2019 , 10:25 am        
រូបភាព
ដោយ:
​ឧ​ត្ត​រ​មានជ័យ​៖ «​ផ្ទះ​តា​ម៉ុក​» ជា​រមណីយដ្ឋាន​មួយ ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ទៅ​ទស្សនា​ស្វែងយល់​ពី​ទិដ្ឋភាព​នៅ​ទីនោះ​។ «​ផ្ទះ​តា​ម៉ុក​» មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​អភិវឌ្ឍ ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ បើ​លោក​-​អ្នក ធ្វើដំណើរ​ពី​រង្វង់​មូល​អន្លង់វែង ឆ្ពោះទៅកាន់​ច្រក​ជាំ​ស្រងាំ​ប្រហែល ២​គីឡូម៉ែត្រ លោក​-​អ្នក នឹង​ឃើញ​ស្លាក​សរសេរថា «​រមណីយដ្ឋាន​ផ្ទះ​តា​ម៉ុក​»​។ បើតាម​ឯកសារ​របស់​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង «​ផ្ទះ​តា​ម៉ុក​» ត្រូវបាន​សាងសង់ឡើង​នៅ​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​១៩៩៣ លើ​ផ្ទៃដី ១,៦១៤​ហិកតា​។​«​ផ្ទះ​តា​ម៉ុក​» មាន​ចំនួន​៤​ផ្ទះ​៖



​ផ្ទះ​ទី​១ សាងសង់​នៅ​ឆ្នាំ​១៩៩៣ ធ្វើ​អំពី​ឈើ ប្រក់​ហ្វី​ប្រូ​ស៊ីម៉ង់ត៍ និង​ក្រាល​បេតុង​។ តា​ម៉ុក​ប្រើប្រាស់​ផ្ទះ​នេះ សម្រាប់​ជាទី​ស្នាក់​របស់គាត់​។​

ផ្ទះ​ទី​២ សាងសង់ឡើង​នៅ​ឆ្នាំ​១៩៩៤ ហើយ​បញ្ចប់​នៅ​ឆ្នាំ​១៩៩៦​។​

​ផ្ទះ​ទី​៣ មាន​ទំហំ​ធំ ដោយ​ធ្វើឡើង​សម្រាប់​ក្រុមគ្រួសារ​តា​ម៉ុក និង​អ្នកធ្វើដំណើរ​មកពី​ចម្ងាយ ដូចជា​ប្រជាជន​ដែល​មកសុំ​គោ​, ក្របី​, ស្រូវ​, អង្ករ និង​សម្ភារ​ផ្សេងៗ​។​

​ផ្ទះ​ទី​៤ ត្រូវបាន​សាងសង់ឡើង​នៅ​ឆ្នាំ​១៩៩៣​។ ផ្ទះ​នេះ ជា​រោង​បាយ​សម្រាប់​បុគ្គលិក និង​ចុងភៅ ដើម្បី​ស្នាក់នៅ​។​
​គួរបញ្ជាក់​ផងដែរ «​តា​ម៉ុក ឬ​តា​១៥» មានឈ្មោះ​ដើម ឈិ​ត ជឿន ឬ អ៊ុង ជឿន កើត​នៅ​ឆ្នាំ ១៩២៦ មាន​ស្រុកកំណើត​នៅ​ភូមិ​ប្រគាប ឃុំ​ត្រពាំង​ធំ​ត្បូង ស្រុក​ត្រាំកក់ ខេត្តតាកែវ ។ «​តា​ម៉ុក​» ទទួលមរណភាព​នៅ ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០០៦ អាយុ​៨០​ឆ្នាំ​៕

​សូម​អញ្ជើញ​ទស្សនា​រូបភាព​ពី «​រមណីយដ្ឋាន​ផ្ទះ​តា​ម៉ុក​» ដូចតទៅ​៖
































 

© រក្សាសិទ្ធិដោយ thmeythmey.com