គ្មានឡើយគុណសម្បត្តិនៃថ្ងៃ៧មករា នៅក្នុងក្រសែភ្នែករបស់ក្រុមមនុស្សដែលមិនគាំទ្ររដ្ឋាភិបាល ជាពិសេសក្រុមអ្នកប្រឆាំង។ ពួកគេ បានបញ្ចេញមតិផ្សេងៗលើបណ្តាញសង្គមហ្វេសប៊ុក ក្នុងន័យរិះគន់និងចំអកឲ្យថ្ងៃ៧មករា ស្របពេលគណបក្សកាន់អំណាច និង រដ្ឋាភិបាលកម្ពុជា កំពុងប្រារព្ធពិធីអបអរសាទរយ៉ាងឱឡារិក។
លោក សម រង្ស៊ី ដែលទើបនឹងឡើងកាន់តំណែងជាប្រធានស្តីទីនៃអតីតគណបក្សសង្គ្រោះជាតិ មិនត្រឹមតែមិនឲ្យតម្លៃថ្ងៃ៧មករានោះទេ តែលោក ថែមទាំងវាយប្រហារថែមទៀត។ លោក បានសរសេរយ៉ាងដូច្នេះថា៖«៧មករា១៩៧៩ លោក ហ៊ុន សែន ត្រូវបានបន្តុបឲ្យធ្វើជាមេដឹកនាំ ដោយកងទ័ពវៀតណាមឈ្លានពាន»។
ចំណែក លោក អេង ឆៃអ៊ាង អនុប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ បានបង្ហោះរូបពីអតីតកាលមួយសន្លឹក ដែលរូបនោះ មានមេដឹកនាំកម្ពុជា ដូចជាសម្តេច ជា ស៊ីម សម្តេច ហេង សំរិន និង សម្តេច ហ៊ុន សែន ជាដើម ដោយអមជាមួយនឹងសារបដិសេធថ្ងៃ៧មករា។ លោក បានសរសេរយ៉ាងដូច្នេះថា៖«ម្ចាស់នៃថ្ងៃ៧មករា១៩៧៩ មិនមែនមនុស្សនៅក្នុងរូបថតនេះទេ គឺ វៀតណាម។ មនុស្សទាំងអស់នេះ គ្រាន់តែជាតួអង្គ ដែលវៀតណាមលើកបន្តុប....»។
ដោយឡែក លោក គឹម សុខ អ្នកវិភាគនយោបាយ ដែលបានភៀសខ្លួនទៅរស់នៅក្នុងប្រទេសហ្វាំងឡង់ ក៏បង្ហាញទស្សនអវិជ្ជមានចំពោះថ្ងៃ៧មករាដែរ។ លោក បានសរសេរថា៖«ថ្ងៃទី៧មករា១៩៧៩ ត្រូវប្រជារាស្ត្រខ្មែរភាគច្រើននិងមជ្ឈដ្ឋានប្រទេសសេរី មើលឃើញថាជាថ្ងៃដែលកងទ័ពវៀតណាមប្រមាណ២០ម៉ឺននាក់ លើកមកលុកលុយកម្ពុជា»។
ទោះជាមេដឹកនាំនៃអតីតគណបក្សប្រឆាំងនិងអ្នកវិភាគ មើលមិនឃើញតម្លៃយ៉ាងណាក៏ដោយ តែថ្ងៃ៧មករានេះ មានន័យជ្រាលជ្រៅណាស់សម្រាប់រដ្ឋាភិបាលនិងគណបក្សកាន់អំណាច។
ក្នុងពិធីអបអរសាទរថ្ងៃ៧មករាលើកទី៤០នេះ សម្តេច ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖«ប្រជាជនកម្ពុជា បានប្រសិទ្ធនាមថា ថ្ងៃទី៧មករា គឺជាថ្ងៃកំណើតទីពីរ។ បើគ្មានជ័យជម្នះ៧មករា ក៏យើងគ្មានអ្វីៗ នៅថ្ងៃនេះដែរ។ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ ដែលគ្មានជនណាឬកម្លាំងណា អាចមកបំភ្លៃឬបំផ្លាញបានឡើយ»។
ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏មិនភ្លេចដែរពីគុណបំណាច់របស់វៀតណាម។ មេដឹកនាំកម្ពុជា បានលើកឡើងបែបនេះថា៖«ឈរលើមូលដ្ឋាននេះ ក្នុងនាមប្រជាជនកម្ពុជា ខ្ញុំព្រះករុណាខ្ញុំ សូមថ្លែងអំណរគុណជាអនេកប្បការ ជូនចំពោះបក្សកុម្មុយនីស្តវៀតណាម ក៏ដូចជាជូនចំពោះរដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម ដែលបានឆ្លើយតបទៅនឹងការអំពាវនាវរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្នុងការតស៊ូរំដោះប្រទេស និងប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ និងបានបន្តជួយទប់ស្កាត់មិនឲ្យរបបនេះ វិលត្រឡប់មកវិញបាន។ គុណូបការៈដ៏ថ្លៃថ្លានេះ ត្រូវបានចារទុកជានិច្ចនៅក្នុងប្រវត្តិសាស្ត្រជាតិកម្ពុជា»។
រីឯលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច អះអាងថា បើគ្មានការជួយអន្តរាគមន៏ទាន់ពេលវេលាពីកងទ័ពស្ម័គ្រចិត្តវៀតណាមនោះទេ ប្រជាជនកម្ពុជា ពិតជាមិនអាចរួចជីវិតនិងបានបង្កើតកូនចៅតជំនាន់មកដល់សព្វថ្ងៃនេះឡើយ។ លោក បានសរសេរក្នុងបណ្តាញទំនាក់ទំនងតេឡេក្រាមយ៉ាងដូច្នេះថា៖«ប្រជាជនកម្ពុជាទាំង១៦លាននាក់ គ្មានពេលបំភ្លេចថ្ងៃជាសច្ចធម៌ប្រវត្តិសាស្ត្រនេះបានជាដាច់ខាត ទោះក្នុងកាល:ទេស:ណាក៏ដោយ»។
អ្នកនាំពាក្យរូបនេះ បន្តថា អ្នកដែលប្រឆាំងនឹងថ្ងៃ៧មករា មានតិចតួចបុណ្ណោះ ហើយលោក ចាត់ទុកថា ជារឿងធម្មតានៅក្នុងសង្គមប្រជាធិបតេយ្យ។ លោក សង្កត់ថា៖«អ្នកភាគតិច គ្មានឥទ្ធិពលអ្វីមកទប់ស្កាត់ការគាំទ្រថ្ងៃ៧មករារបស់ប្រជាជនកម្ពុជា នៅទូទាំងប្រទេសបានឡើយ»៕