មហាក្សត្រម៉ាឡេស៊ីព្រះចៅ មូហាម៉ាត់ទីប្រាំ (Yang di Pertuan Agong) បានសម្រេចព្រះទ័យដាក់រាជ្យជាផ្លូវការនៅថ្ងៃអាទិត្យទី ៦ ខែមករា ដោយមិនមានការបកស្រាយច្បាស់លាស់ពីបរមរាជវាំងម៉ាឡេស៊ីឡើយ។ គ្រងរាជ្យបានពីរឆ្នាំ ទ្រង់ក្លាយជាមហាក្សត្រដំបូងបំផុតក្នុងប្រវត្តិសាស្ត្រដែលដាក់រាជ្យទាំងមិនទាន់គ្រងរាជ្យគ្រប់អាណត្តិប្រាំឆ្នាំតាមកំណត់ផង។ បណ្តាស៊ុលតង់ម៉ាឡេស៊ីទាំងប្រាំបួនអង្គនឹងពិគ្រោះយោបល់ដើម្បីជ្រើសរើសក្សត្រថ្មីសម្រាប់ឡើងគ្រងរាជ្យបន្តនៅពេលនេះ។
ការដាក់រាជ្យរបស់ព្រះមហាក្សត្រម៉ាឡេស៊ីទី ១៥ ព្រះចៅ មូហាម៉ាត់ទីប្រាំ កំពុងធ្វើឲ្យមានការភ្ញាក់ផ្អើលក្នុងចំណោមប្រជាជនម៉ាឡេស៊ីចុងសប្តាហ៍កន្លងទៅ។ វាជាការដាក់រាជ្យរបស់ប្រមុខរដ្ឋជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រម៉ាឡេស៊ីសម័យទំនើបចាប់ពីទទួលបានឯករាជ្យពីអង់គ្លេសឆ្នាំ ១៩៥៧ ប៉ុន្តែជារួមការដាក់រាជ្យនេះមិនមានប៉ះពាល់ខ្លាំងដល់ដំណើរការជាប្រក្រតីនៃរដ្ឋាភិបាលបច្ចុប្បន្នទេ។
ការដាក់រាជ្យរបស់ព្រះចៅ មូហាម៉ាត់ទីប្រាំ ដែលជាស៊ុលតង់នៃរដ្ឋកេឡាន់តាន់ (Kelantan) នេះត្រូវបានរាជវាំងម៉ាឡេស៊ីទទួលស្គាល់។ ទីភ្នាក់ងារព័ត៌មានម៉ាឡេស៊ី Bernama ផ្សាយបែបដោយស្រង់សេចក្តីថ្លែងការណ៍រាជរាំងម៉ាឡេស៊ីន ប៉ុន្តែគួរឲ្យកត់សម្គាល់មន្ត្រីរាជវាំងមិនបានប្រកាសឲ្យដឹងពីមូលហេតុនៃការដាក់រាជ្យរបស់មហាក្សត្រឡើយ។
ថ្វីបើវាជារឿងគួរឲ្យភ្ញាក់ផ្អើកបន្តិចមែន ការសម្រេចដាក់រាជ្យធ្វើឡើង ក្រោយពេលដែលព្រះមហាក្សត្រ មូហាម៉ាត់ទីប្រាំ មានព្រះរាជអវត្តមានអស់រយៈពេលប្រហែលពីរខែមកហើយ ហើយក៏មានការចោទ ជាសំណួរញឹកញាប់ដែរ។ ព្រះរាជអវត្តមានពីរាជ្យបល្ល័ង្កកើតឡើងចាប់ពីខែវិច្ឆិកាក្រោមហេតុផលព្យាបាលព្រះរោគ ហើយទ្រង់ត្រូវយាងត្រឡប់ចូលបំពេញព្រះរាជកិច្ចវិញនៅថ្ងៃ ១ ខែមករា ប៉ុន្តែក្រោយមកក៏មានការប្រកាសពីការដាក់រាជ្យនេះតែម្តង។
ក្នុងសន្និសីទព័ត៌មានកាលពីថ្ងៃសុក្រសប្តាហ៍មុន មានការសាកសួរ នាយករដ្ឋមន្ត្រី មហាធៀ មហាម៉ាត់ដែរជុំវិញព្រះរាជ្យអវត្តមានរបស់ក្សត្រ មូហាម៉ាត់ទីប្រាំដែរ ប៉ុន្តែលោក មហាធៀ ឆ្លើយថា លោកក៏មិនបានដឹងពីបញ្ហាព្រះមហាក្សស្ថិតនៅទីណាទេ ប៉ុន្តែលោកក៏បានលឺពីពាក្យចរចាមអារ៉ាមច្រើនដែរទាក់ទិននឹងទ្រង់។.
-លាលែងព្រោះរៀបការជាមួយអតីតរាជិនីសម្រស់រុស្ស៊ី?
ពាក្យចចាមអារ៉ាមជាច្រើនដែលលោក មហាធៀ ក៏ដូចជាប្រជាជនម៉ាឡេស៊ីបានលឺនោះគឺទាក់ទិននឹងការរៀបអភិសេក។ ប្រព័ន្ធផ្សព្វផ្សាយបរទេសជាច្រើនបានផ្សាយថា មហាក្សត្រម៉ាឡេស៊ីព្រះចៅ មូហាម៉ាត់ បានរៀបអភិសេកជាមួយអតីតរាជិនីសម្រស់និងជាបរវកញ្ញារុស្ស៊ីឆ្នាំ ២០១៥ មានវ័យ ២៥ឆ្នាំ កញ្ញា Oksana Voevodina។ ទូរទស្សន៍រដ្ឋរុស្ស៊ី RT ផ្សាយថា ការរៀបអភិសេកនេះត្រូវបានរៀបចំឡើងយ៉ាងអធិកអធមនៅក្រុងម៉ូស្គូចុងខែកញ្ញា ហើយ Oksana បានប្តូរមកកាន់សាសនាឥស្លាម និងដាក់ឈ្មោះ Rihana។ មានការវាយតម្លៃថែមទៀតថា ការរៀបការជាមួយស្ត្រីរុស្ស៊ីនេះក៏ជាផ្នែកមួយនៃការឈានទៅដាក់រាជ្យដែរ។
យ៉ាងណាក៏ដោយ រាជវាំងម៉ាឡេស៊ីមិនបានទទួលស្គាល់ ឬបកស្រាយជាផ្លូវការពីពាក្យចរចាមអារ៉ាមនេះឡើយមកដល់បច្ចុប្បន្ន។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលម៉ាឡេស៊ីក៏មិនហ៊ានបកស្រាយដូចគ្នា។
តាមពិតទៅ ក្សត្រម៉ាឡេស៊ីព្រះចៅ មូហាម៉ាត់ទីប្រាំ ដែលទទួលបានការសិក្សានៅសាកលវិទ្យាល័យ Oxford និងមានព្រះជន្មត្រឹម ៤៩ ព្រះវស្សានេះ មិនមានមហេសីទេ។ ទ្រង់បានលែងលះជាមួយមហេសីតាំងពីឆ្នាំ ២០០៨ ម្ល៉េះ។ ករណីគ្មានមហេសីនេះក៏បានក្លាយជារឿងចម្រូងចម្រាសពេលដែលទ្រង់ត្រូវបានជ្រើសរើសឲ្យឡើងគ្រងរាជ្យ ដ្បិតថាវាលក្ខខណ្ខមួយសម្រាប់អង្គមហាក្សត្រដែរ។ ប៉ុន្តែចុងក្រោយ ទ្រង់ក្លាយជាមហាក្សត្រម៉ាឡេស៊ីដំបូងគេដែលគ្មានមហេសី។
ត្រឡប់មកវិញ ព្រះចៅ មូហាម៉ាត់ទីប្រាំ ទ្រង់ត្រូវបានជ្រើសរើស និងឡើងគ្រងរាជ្យជាផ្លូវការកាលពីខែធ្នូឆ្នាំ ២០១៦មក។ ទ្រង់ត្រូវគ្រងរាជ្យក្នុងរយៈពេលប្រាំឆ្នាំមុននឹងមានការបោះឆ្នោតក្នុងសន្និសីទស៊ុលតង់ ដើម្បីជ្រើសរើសប្រមុខរដ្ឋថ្មី។
ក្រោយការប្រកាសដាក់រាជ្យនេះ ព្រះចៅស៊ុលតង់នៃរដ្ឋប៉េរាក់ (Perak) Nazrin Muizzuddin Shah ដែលជាប្រមុខរដ្ឋរងនោះ ត្រូវកាន់កាប់តំណែងជាប្រមុខរដ្ឋស្តីទីសិន ទម្រាំស៊ុលតង់ប្រចាំរដ្ឋទាំងប្រាំបួនទូទាំងសហព័ន្ធម៉ាឡេស៊ីបើកសន្និសីទបោះឆ្នោតជ្រើសរើសប្រមុខរដ្ឋថ្មីទៀត។ ទោះជាតាមនីតិវិធី ព្រះចៅស៊ុលតង់ប្រចាំរដ្ឋប៉ាហាំង ត្រូវឡើងគ្រងរាជ្យបន្តពីព្រះចៅ មូហាម៉ាត់ទីប្រាំក៏ដោយ ក្រុមប្រឹក្សាស៊ុលតង់ខាងលើនេះមានសិទ្ធិប្តូរការសម្រេចចិត្តបាន។
-ការជ្រើសរើសមហាក្សត្រម៉ាឡេស៊ីធ្វើឡើងដោយរបៀបណា?
ថ្វីបើជារាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញក៏ដោយ ម៉ាឡេស៊ីមានលក្ខណៈខុសពីរបបរាជានិយមនៃប្រទេសដទៃទៀត។ ខុសត្រង់ថា ប្រមុខរដ្ឋសហព័ន្ធម៉ាឡេស៊ី ត្រូវផ្លាស់ប្ដូរគ្នារៀងរាល់ប្រាំឆ្នាំម្តងក្នុងចំណោមស៊ុលតង់នៃរដ្ឋទាំងប្រាំបួន របស់ម៉ាឡេស៊ី។
ការជ្រើសរើសព្រះមហាក្សត្រ គឺជាបុព្វសិទ្ធិរបស់ស៊ុលតង់ទាំងប្រាំបួននៃរដ្ឋទាំង ១៣របស់ម៉ាឡេស៊ី។ ស៊ុលតង់ទាំងអស់សម្រេចព្រះទ័យដោយផ្ទាល់ដើម្បីបែងចែកអាណត្តិនៃការគ្រងរាជ្យសម្បត្តិ ដែលមានរយៈពេលប្រាំឆ្នាំ ដើម្បីធានាថា ស៊ុលតង់ទាំងអស់សុទ្ធតែអង្គុយលើបល្ល័ង្គបានម្ដងដូចៗគ្នា។ មកដល់បច្ចុប្បន្ន មានតែស៊ុលតង់ Abdul Halim នៃរដ្ឋកេដា មួយអង្គប៉ុណ្ណោះដែលបានឡើងគ្រងរាជ្យពីរដងរាប់ចាប់ពីក្រោយសម័យអាណានិគមអង់គ្លេស។ លើកទីមួយទ្រង់គ្រងរាជ្យជាមហាក្សត្រទីប្រាំ ចាប់ពីឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៧៥ ហើយលើកទីពីរជាមហាក្សត្រទី ១៤ ចាប់ពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៦ ។
តាមពិតទៅ ការជ្រើសរើសធ្វើឡើងតាមរយៈជំនុំពិសេសឬ អាចហៅថា សន្និសីទនៃស៊ុលតង់ (Majlis Raja-Raja) ដែលត្រូវបានគេចាត់ទុកជាក្រុមប្រឹក្សាពិសេសផុតលេខមួយ ឬអាចនិយាយបានថា មានតែមួយលើលោកផង។ តាមមាត្រា ៣៨ នៃសហព័ន្ធម៉ាឡេស៊ីឆ្នាំ ១៩៥៧ សមាជិកក្រុមប្រឹក្សានេះមានស៊ុលតង់ទាំងប្រាំបួន និងអភិបាលរដ្ឋទាំងបួនមាន ប៉េណាំង (Penang), ម៉ាឡាកា (Malacca), សាបា (Sabah) និងសារ៉ាវ៉ាក់ (Sarawak)ផង។
អង្គជំនុំនេះជ្រើសរើសមហាក្សត្រថ្មី ដោយពឹងផ្អែកលើភាពចំណាស់របស់ស៊ុលតង់នីមួយៗ។ ក្រៅពីជ្រើសរើសក្សត្រ សនិ្នសីទនេះក៏មានអំណាចដកហូតរាជ្យរបស់មហាក្សត្រដែរ ក្នុងកាលៈទេសៈចាំបាច់នោះ។
ខាងក្រោមជារដ្ឋទាំងប្រាំបួនដែលមានស៊ុលតង់គ្រប់គ្រងនៅម៉ាឡេស៊ី ហើយលេខរៀងនេះធ្វើឡើងតាមព្រះជន្មព្រះចៅស៊ុលតង់នៃរដ្ឋនីមួយៗដូចខាងក្រោម៖
១.ណឺគឺរី សឹមប៊ីឡាន់ (Negeri Sembilan) គ្រប់គ្រងដោយស៊ុលតង់ Tunku Muhriz
២. សេឡាំងង័រ (Selangor) គ្រប់គ្រងដោយស៊ុលតង់ Sharafuddin Idris Shah
៣.ពឺលីស (Perlis) គ្រប់គ្រងដោយស៊ុលតង់ Syed Sirajuddin
៤. ទឺរេងហ្កានូ (Terengganu) គ្រប់គ្រងដោយស៊ុលតង់ Mizan Zainal Abidin
៥. កេដា (Keda)គ្រប់គ្រងដោយស៊ុលតង់ Sallehuddin
៦. កេឡាន់តាន់ (Kelantan) គ្រប់គ្រងដោយស៊ុលតង់ មូហាម៉ាត់ទីប្រាំ (Muhamad V) ដែលទើបដាក់រាជ្យ
៧. ប៉ាហាំង (Pahang)គ្រប់គ្រងដោយស៊ុលតង់ Ahmad Shah
៨. ចូហ័រ (Johor)គ្រប់គ្រងដោយស៊ុលតង់ Ibrahim Ismail
៩. ប៉េរ៉ាក់ (Perak) គ្រប់គ្រងដោយស៊ុលតង់ Nazrin Shah
ក្រោយប្រកាសឯករាជ្យពីអង់គ្លេស មហាក្សត្រម៉ាឡេស៊ីមានអំណាចលើសលុប ថ្វីបើម៉ាឡេស៊ីដឹកនាំតាមប្រព័ន្ធរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញក៏ដោយ។ ប៉ុន្តែក្រោយលោក មហាធៀ ឡើងកាន់អំណាចជានាយករដ្ឋមន្ត្រីឆ្នាំ ១៩៨១ អំណាចរបស់ព្រះចៅស៊ុលតង់តាមរដ្ឋ និងព្រះមហាក្សត្រផងនោះថមថយស្ទើរតែស្រុង។ លោក មហាធៀ បង្កើនអំណាចនីតិប្រតិបត្តិ ដោយចាប់ផ្តើមកែរដ្ឋធម្មនុញ្ញដើម្បីបន្ថយអំណាចរបស់ព្រះមហាក្សត្រ។ ជាក់ស្តែង វាមានការដកអំណាចជំទាស់លើច្បាប់ទាំងឡាយណាដែលអនុម័តដោយសភាឆ្នាំ ១៩៨៣ ហើយនិងដកហូតអភ័យឯកសិទ្ធិពិសេសរបស់ស៊ុលតង់ទាំងប្រាំបួនផង។ វាមានន័យថា ស៊ុលតង់ទាំងអស់ត្រូវប្រឈមនឹងការកាត់ទោសតាមច្បាប់ បើសិនជាប្រព្រឹត្តខុស។
តាមពិតទៅ ទំនាក់ទំនងរវាងលោក មហាធៀ នាយករដ្ឋមន្ត្រីបច្ចុប្បន្ន និងមហាក្សត្រដែលទើបដាក់រាជ្យនេះមិនសូវល្អប្រសើរឡើយ។ ការប្រទាំងប្រទើសគ្នាទើបកើតឡើងកាលពីខែមិថុនាអស់ពេលពីរសប្តាហ៍ ក្រោយរដ្ឋាភិបាលស្នើតែងតាំងអគ្គរាជអាជ្ញាដែលមិនមែនជាជនជាតិម៉ាឡេ។ ប៉ុន្តែចុងក្រោយ មហាក្សត្រ មូហាម៉ាត់ទីប្រាំសម្រេចព្រះទ័យទទួលសំណើរតែងតាំងនេះវិញ។
មុនមានការប្រកាសដាក់រាជ្យនេះ លោក មហាធៀ ទំនងជាផ្ញើសារព្រមានដល់ក្រុមគ្រួសាររាជវង្សានុវង្សដែរជុំវិញការប្រព្រឹត្តអំពើណាមួយដែលខុសច្បាប់ពីសំណាក់អ្នកមានអំណាចដែលគិតថាខ្លួននៅលើច្បាប់ឬមានអភ័យឯកសិទ្ធិពិសេសនោះ។ នាយករដ្ឋមន្ត្រីចាស់ជាងគេលើលោកនេះបានសរសេរក្នុងគេហទំព័រផ្ទាល់ខ្លួនថា តាមគោលការណ៍ នីតិរដ្ឋគ្មានការលើកលែងណាមួយចំពោះបុគ្គលទាំងអស់ទាំងក្សត្រ ទាំងមន្ត្រី និងទាំងរាស្ត្រ។ ប៉ុន្តែលោក មិនបានបកស្រាយឲ្យបានច្បាស់លាស់ឡើយ៕