ស្រុកអន្លង់វែងក្នុងខេត្តឧត្តរមានជ័យ នឹងក្លាយជាទីតាំងរៀបចំព្រឹត្តិការណ៍កីឡារត់ប្រណាំង និងថ្មើរជើងអន្តរជាតិប្រវត្តិសាស្ត្រនាពេលអនាគត។ វាជាផលិតកីឡាទេសចរណ៍មួយដ៏សំខាន់ ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យមកទស្សនាតំបន់ទេសចរណ៍ក្នុងខេត្តនេះ។ គម្រោងនេះ បន្ទាប់ពីទទួលបានជោគជ័យសម្រាប់ព្រឹត្តិការណ៍ថ្មើរជើងប្រវត្តិសាស្ត្រទៅកាន់តំបន់ចុងក្រោយនៃរបបខ្មែរក្រហមកាលពីសៅរ៍ទី៥ ខែមករា ឆ្នាំ២០១៩។
ក្រោយទទួលបានជោគជ័យលើសការរំពឹងទុកពីចំនួនអ្នកចូលរួមព្រឹត្តិការណ៍«ថ្មើរជើងប្រវត្តិសាស្ត្រ»ទៅកាន់តំបន់ចុងក្រោយនៃរបបខ្មែរក្រហមកាលពីពេលថ្មីៗ អន្លង់វែង ដែលជាទីតាំងបង្កប់ដោយប្រវត្តិសាស្ត្រពីឆ្នាំ១៩៧០-១៩៨៩ នឹងក្លាយជាទីតាំងរៀបចំព្រឹត្តិការណ៍កីឡារត់ប្រណាំង និងថ្មើរជើងប្រវត្តិសាស្ត្រលក្ខណៈអន្តរជាតិនាអនាគត។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
ព្រឹត្តិការណ៍នេះ នឹងក្លាយជាផលិតផលទេសចរណ៍ដ៏មានប្រជាប្រិយក្នុងការរួមចំណែកជួយទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យមកទស្សនាតំបន់ទេសចរណ៍នានានៅខេត្តឧត្តរមានជ័យ។ លើសពីនេះ វានឹងជួយបង្កើនសេដ្ឋកិច្ចខេត្តនេះ តាមរយៈការជួយរកចំណូលបន្ថែមឲ្យប្រជាពលរដ្ឋមានជីវភាពកាន់តែប្រសើរឡើង និងជួយផ្នែកសុខភាពជាដើម។
ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានក្រោយព្រឹត្តិការណ៍«ថ្មើរជើងប្រវត្តិសាស្ត្រ»លោក វ៉ាត់ ចំរើន មានប្រសាសន៍ដូច្នេះថា៖«យើងសង្កេតឃើញថា ព្រឹត្តិការណ៍នេះមានអ្នកចូលរួមយ៉ាងផុសផុល និងសប្បាយរីករាយ។ ដូច្នេះនៅឆ្នាំក្រោយយើងដាក់ទិសដៅថា នឹងរៀបចំព្រឹត្តិការណ៍រត់កម្សាន្ត និងដើរថ្មើរជើងឆ្ពោះមកកាន់តំបន់ប្រវត្តិសាស្ត្រជាលក្ខណៈអន្តរជាតិ ដែលជាផលិតផលកីឡាទេសចរណ៍អន្តរជាតិ»។
លក្ខខណ្ឌអំណោយផលផ្នែកអាកាសធាតុ បរិយាកាស អមដោយព្រៃប្រឹក្សានៅលើជួរភ្នំដងរ៉ែកធ្វើឲ្យពើយតាម៉ុក(ផ្ទះកណ្តាលតាម៉ុក) ដែលស្ថិតក្នុងស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ ក្លាយជាទីតាំងសក្តានុពល សម្រាប់ការសមាធិ និងសង្រួមអារម្មណ៍សម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។ កម្មវិធីទាំងនេះ ក៏ស្ថិតក្នុងគម្រោងនៃការបង្កើតព្រឹត្តិការណ៍កីឡាទេសចរណ៍ខាងលើផងដែរ។
សម្រាប់ព្រឹត្តិការណ៍ថ្មើរជើងប្រវត្តិសាស្ត្រទៅកាន់តំបន់ចុងក្រោយនៃរបបខ្មែរក្រហមកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩ បានទាក់ទាញអត្តពលិកជាតិនិងអន្តរជាតិជាង១ពាន់នាក់ចូលរួម។ ចំនួននេះ កើនឡើងលើសការរំពឹងទុក ដែលជាហេតុនាំឲ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យយ៉ាងធំធេងស្ទើរមិននឹកស្មានដល់។
ព្រឹត្តិការណ៍ដែលរៀបចំដោយក្រសួងទេសចរណ៍សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានិងរដ្ឋបាលខេត្តឧត្តរមានជ័យមួយនេះ ចែកចេញជាពីរផ្នែក គឺរត់កម្សាន្តចម្ងាយ៣គីឡូម៉ែត្រ ដែលចេញដំណើរពីរមណីយដ្ឋានប្រវត្តិសាស្ត្រផ្ទះតាម៉ុកទៅកាន់រង្វង់មូលផ្សារអន្លង់វែងរួចត្រឡប់មកបញ្ចប់នៅទីចេញដំណើរ។ ការដើរថ្មើរជើងប្រវត្តិសាស្ត្រចម្ងាយ៦គីឡូម៉ែត្រ ដោយចេញដំណើរពីច្រកអន្តរជាតិជាំ(កម្ពុជា-ថៃ)ទៅកាន់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ឬពើយតាម៉ុក រួចត្រឡប់មកវិញ។
ព្រឹត្តិការណ៍នេះ រៀបចំឡើងដើម្បីអបអរខួបលើកទី៤០នៃជ័យជម្នះ៧មករា និងខួប២០ឆ្នាំនៃការបញ្ជប់សង្គ្រាមស៊ីវិលនៅកម្ពុជា។ មួយវិញទៀត គឺដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនាតំបន់ទេសចរណ៍ក្នុងខេត្តឧត្តរមានជ័យ និងផ្សព្វផ្សាយពីតំបន់ទេសចរណ៍ក្នុងខេត្តនេះជាដើម៕