ជាតិ
គ្រូសិល្បៈ​ល្ខោនខោល​ប្រឹងប្រែង​ផ្ទេរ​ចំណេះដឹង​សិល្បៈ​បុរាណ​នេះ​ទៅ​ក្មេងជំនាន់ក្រោយ​
07, Jan 2019 , 7:59 pm        
រូបភាព
សិល្បករល្ខោនខោលរៀបចំខ្លួនដើម្បីធ្វើការសំដែងនាល្ងាចសៅរ៍នៅក្នុងសមាគមសិល្បៈសុវណ្ណភូមិកាលពីថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០១៨។ (ទី អូលីស្សា/VOA)
សិល្បករល្ខោនខោលរៀបចំខ្លួនដើម្បីធ្វើការសំដែងនាល្ងាចសៅរ៍នៅក្នុងសមាគមសិល្បៈសុវណ្ណភូមិកាលពីថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០១៨។ (ទី អូលីស្សា/VOA)
ដោយ: VOA
​នៅលើ​ឆាក​ពិសេស​មួយ​នៅ​ខេត្តកណ្តាល​គ្រូរបាំ​ដែល​ពាក់​ខ្មុក​បាន​សម្តែង​សិល្បៈ​បុរាណ​មួយ​គឺ​ល្ខោនខោល​។​

 
​នៅ​ប្រទេស​កម្ពុជា​សព្វថ្ងៃ​មាន​គ្រូរបាំ​ល្ខោនខោល​សល់​ពី​សម័យ ប៉ុល ពត តែ​ប្រាំ​នាក់​ប៉ុណ្ណោះ​ដែល​កំពុង​ព្យាយាម​ផ្ទេរ​ចំណេះដឹង​ខាង​របាំ​ល្ខោនខោល​ដល់​ក្មេងជំនាន់ក្រោយ បន្ទាប់ពី​របាំ​នេះ​ត្រូវបាន​លុបបំបាត់​ស្ទើរតែ​ទាំងស្រុង​ដោយ​ពួក​ខ្មែរក្រហម​នៅ​ទសវត្សរ៍​១៩៧០​។ 
 
​គ្រូរបាំ​នេះ​នៅក្នុង​ក្រុម​សិល្បៈ​ល្ខោនខោល​វត្ដ​ស្វាយ​អណ្តែត​។ កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០១៨ ល្ខោនខោល​ត្រូវបាន​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូណេស្កូ​ដែល​តម្រូវ​ឲ្យ​មានការ​ការពារ​ជាបន្ទាន់​។​
 
​សិល្បៈ​ល្ខោនខោល​ខ្មែរ​ចំណាស់​ច្រើន​សតវត្សរ៍​មកហើយ​នេះ មាន​ចារ​នៅលើ​ជញ្ជាំង​ប្រាសាទ​អង្គរ​។ អ្នករាំ​ល្ខោនខោល​ច្រើន​ជា​បុរស ទាំង​តួ​ប្រុស ទាំង​តួ​ស្រី​។ ចំណេះដឹង​អំពី​សិល្បៈ​ល្ខោនខោល​ត្រូវបាន​បង្រៀន​តៗ​គ្នា​ពី​ឪពុក​ទៅ​កូន​ដោយ​ការនិយាយ​ប្រាប់​។​
 
​កំឡុង​របប​ខ្មែរក្រហម​ពី​ឆ្នាំ​១៩៧៥​ដល់​១៩៧៩ សិល្បករ សិល្បការិនី តន្ត្រីករ និង​អ្នក​ផលិត​ខ្សែភាពយន្ត​ជាច្រើន​ត្រូវបាន​សម្លាប់​ក្នុងចំណោម​រងគ្រោះ​រវាង​ពី​១​លាន​៧​សែន​នាក់​ទៅ​២​លាន​២​សែន​នាក់​ក្នុង​អំពើ​ប្រល័យពូជសាសន៍​។​
 
​ក្នុងចំណោម​សិល្បៈ​ល្ខោនខោល​៨​ក្រុម មានតែ​ក្រុម​សិល្បៈ​ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត​មួយ​ទេ​ដែល​នៅសល់​ក្រោយ​សម័យ​ខ្មែរក្រហម​។​
 
​លោក ស៊ុន រិទ្ធី អាយុ​៤៨​ឆ្នាំ​ឆ្នាំ​ជា​គ្រូបង្ហាត់​និង​ជា​អ្នក​សម្តែង​ម្នា​ក់នៅ​ក្រុម​សិល្បៈ​ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត​។ លោក​កំពុង​ព្យាយាម​ផ្ទេរ​ចំណេះដឹង​ឲ្យ​ទៅ​ក្មេងជំនាន់ក្រោយ​។​
 
​លោក​និយាយថា​៖ « ជីដូន​ជីតា​របស់ខ្ញុំ​បាន​ថែរក្សា​ល្ខោនខោល​បន្ត​ពី​ជីតា​របស់គាត់​។ ឥឡូវនេះ​ដល់​វេន​ខ្ញុំ​ត្រូវ​ខំ​បង្រៀន​កូនសិស្ស​ដើម្បី​កុំ​ឲ្យ​សិល្បៈ​នេះ​បាត់បង់​»​។​
 
​លោក​បន្ថែមថា ជីតា​និង​ឪពុក​របស់លោក​ជា​អ្នករាំ​ល្ខោនខោល​នៃ​ក្រុម​សិល្បៈ​ដែលមាន​សមាជិក​ជាង​២០​នាក់ ដែលមាន​អ្នករាំ​និង​ក្មេងៗ​អាយុ​រវាង​ពី​៦​ឆ្នាំទៅ​១៥​ឆ្នាំ​។​
 
​លោក ស៊ុន រិទ្ធី ដែល​បាន​រៀន​រាំ​ល្ខោនខោល​តាំងពី​អាយុ​១៤​ឆ្នាំ​បាន​ឲ្យ​ដឹងថា​៖ «​នៅ​សម័យ​ខ្មែរក្រហម ខ្ញុំ​នៅ​ក្មេង​។ គេ​មិន​ឲ្យ​រៀន​រាំង​ទេ ដូន​នេះ​ល្ខោនខោល​ត្រូវ​សាបសូន្យ​»​។ 
 
​លោក ស៊ុន រិទ្ធី និង​គ្រូរបាំ​បួន​នាក់​ទៀត​មាន​ភារកិច្ច​សំខាន់​មួយ​គឺ​បង្រៀន​កូនសិស្ស​វ័យក្មេង​៦​ម៉ោង​ក្នុង​មួយថ្ងៃ​ពីរ​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​ដោយ​សង្ឃឹមថា ពួកគេ​នឹង​បន្ត​ថែរក្សា​កេរតំណែល​ល្ខោនខោល​តទៅទៀត​។​
 
​កូនសិស្ស​ម្នាក់​ឈ្មោះ ពុម មេត្តា អាយុ​១១​ឆ្នាំ​បាន​និយាយរ​រៀបរាប់​ដោយ​រំភើព​អំពី​ចលនា​ក្បាច់​រាំ​ល្ខោនខោល ដោយ​និយាយថា «​ដំបូង​ខ្ញុំ​រៀន​ពត់​ដៃ​និង​ជើង​របស់ខ្ញុំ ហើយ​បន្ទាប់មក​ខ្ញុំ​បាន​រៀន​ក្បាច់​រាំ​ជា​តួយក្ស​កាន់ដំបង​»​។​
 
​គ្រូបង្ហាត់​និង​កូនសិស្ស​កំពុង​ខិតខំ​ប្រឹងប្រែង​ត្រៀម​ទៅ​សម្តែង​នៅតាម​ទីក្រុង​ផ្សេងៗ រួមមាន​រាជធានី​ភ្នំពេញ​និង​ខេត្តសៀមរាប​។​
 
​ក្រុម​សិល្បៈ​ល្ខោនខោល​ថ្មី​ក្រុម​ពីរ​ទៀត​ក៏​ត្រូវបាន​បង្កើតឡើង​ផងដែរ​នៅ​ខេត្តកំពង់ធំ​និង​នៅ​សាល​មហោស្រព​ជាតិ ខណៈ​របាំ​នេះ​ត្រូវបាន​បង្រៀន​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com