ជាតិ
អ្នកនាំពាក្យ​៖ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ​មិនទាន់ចរចាផ្លូវការ​ពី​គណបក្ស​ខ្មែរ​រួបរួម​ជាតិ សម្រាប់​ការរួបរួម​ជាថ្មី​
07, Jan 2019 , 8:59 pm        
រូបភាព
​ភ្នំពេញ​៖ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មិនទាន់ចរចា​ផ្លូវការ​ពី​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បើសិនជា​មានបំណង​ចង់​រួម​នយោបាយ​សាជាថ្មី​ពិតមែន​។ ការលើកឡើង​របស់​គ​ណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច​នេះ ធ្វើឡើង​ក្រោយពី​លោក ញឹក ប៊ុនឆៃ ប្រកាស​ពី​បំណង​ចង់​បង្រួបបង្រួម​អ្នករាជានិយម​ឡើងវិញ​។​


 
​អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​លោក ណុប សុធា​រិ​ទ្ធ ដែល​បានដឹង​ពី​ដំ​ណឺង​នេះ​ដែរនោះ បាន​និយាយថា គណបក្ស​លោក​មិន​បដិសេធ​បំណង​របស់លោក ញឹក ប៊ុនឆៃ ដែល​ចង់​រួបរួម​អ្នកនយោបាយ​រាជានិយម​វិញ​ឡើយ​។ ដ្បិត​គណបក្ស​ទាំងពីរ​ធ្លាប់​បែក​គ្នា​ពីរលើក​ហើយ​ក្តី ប៉ុន្តែ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ក៏​ប្រកាស​មិន​ប្រកាន់​ទាស់​នឹង​រឿង​អតីតកាល​នេះដែរ​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក ណុប សុធា​រិ​ទ្ធ បាន​និយាយ​ដូច្នេះ​ថា​៖«​មកដល់ពេលនេះ យើង​មិនទាន់​បានទទួល​ការស្នើសុំ​ជា​ផ្លូវការ​ពី​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​នៅឡើយ​ទេ​។ ប៉ុន្តែ​គណបក្ស​យើង​ក៏​មិន​ជំទាស់​បំណង​គណបក្ស​ដែល​ចង់​រួបរួម​ជា​គណបក្ស​យើង​ដែរ​។ គណបក្ស​យើង​បើកចំហរ​ទទួលយក​គ្រប់​គណបក្សនយោបាយ​ទាំងអស់ ដែល​ចង់​រួមរស់​ជាមួយ​យើង​»​។​
 
​កាលពី​ថ្ងៃទី​៥ មករា លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​និយាយថា ផ្ទៃក្នុង​គណបក្ស​ទាំងពីរ ចង់​ឲ្យ​មានការ​រួបរួមគ្នា​ណាស់ ហើយ​ចំណុច​មួយចំនួន ក៏មាន​ការជជែក​គ្នា​ខ្លះ​ដែរ ប៉ុន្តែ​នៅជាប់​គាំង​ត្រង់ សម្ដេច​នរោត្តម រណឫទ្ធិ នៅ​ប្រឈួន​ប៉ុណ្ណោះ​។​
 
​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​ថ្លែង​នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​ក្រុមប្រឹក្សាឃុំ -​សង្កាត់​គណបក្ស យ៉ាង​ដូច្នេះ​ថា​៖«​ការរួបរួម​រវាង​គ​ណ​បក្ស​ទាំងពីរ គឺ​ចំនួន​បី​ដង​ហើយ ប៉ុន្តែ​លើក​នេះ រួបរួម​ទៀត គណបក្ស​ខ្មែរ​រួបរួម​ជាតិ ចង់បាន​ណាស់​ការរួបរួម​សាមគ្គី​គ្នា រវាង​អ្នក​ដែល​ស្រលាញ់​រាជានិយម​ដែល​ធ្លាប់​នៅ​ជាមួយគ្នា ជាពិសេស​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​។ ហើយ​ការ​រួបរួមគ្នា​នេះ គណបក្ស​ខ្មែរ​រួបរួម​ជាតិ ស្វាគមន៍ និង​មិន​ជំទាស់​ចំពោះ​គោលការណ៍​រួបរួម​នេះ​ទេ​»​។ 
 
​បើតាម​លោក ញឹក ប៊ុនឆៃ ក្រៅពី​អ្នក​ចង់​ឲ្យ​មានការ​រួបរួមគ្នា ក៏​អ្នក​ខ្លះទៀត​មិន​ចង់​ឲ្យ​មានការ​រួបរួមគ្នា​ដែរ​។ ប៉ុន្តែ​បញ្ហា​នេះ គណបក្ស​លោក​នឹង​ព្យាយាម​សម្រួល​សម្រួល ដោយ​លោក សង្ឃឹមថា ដំណើរការ​រួបរួមគ្នា​ឡើងវិញ​នេះ នឹង​អាច​លេចចេញ​ជា​រូបរាង មុន​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នា​ខែឧសភា ឆ្នាំ​២០១៩ ខាងមុខនេះ​។​
 
​ការ​រួបរួមគ្នា​ធ្វើទៅបាន​លុះត្រាតែ​មានការ​សម្រេច​ពី​សម្ដេចក្រុមព្រះ​។ សម្ដេចក្រុមព្រះ​កំពុង​សម្រាក​ព្យាបាល​ព្រះកាយ​នៅក្រៅ​ប្រទេស​នៅឡើយ ប៉ុន្តែ​ព្រះរាជសុខភាព​ព្រះអង្គ បាន​ធូរស្បើយ​ច្រើន​ហើយ​។ ព្រះអង្គ នឹង​យាង​ត្រឡប់មក​កម្ពុជា​វិញ នាពេល​ឆាប់ៗ​ខាងមុខនេះ​។ នេះ​បើតាម​អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច លោក ណុប សុធា​រិ​ទ្ធ​។​
 
​គួរ​បញ្ជាក់ថា ប្រធាន​គណបក្ស​ខ្មែរ​រួបរួម លោក ញឹក ប៊ុនឆៃ ធ្លាប់​បែកបាក់​ជាមួយ​សម្ដេចក្រុមព្រះ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច កាលពី​ឆ្នាំ​២០០៦ ដោយ​កាលណោះ​សម្ដេច​នរោត្តម រណឫទ្ធិ បាន​ចេញទៅ​បង្កើត​គណបក្ស​រាជានិយម​ថ្មី​មួយទៀត​។ ប៉ុន្តែ​ការបែកបាក់​គ្នា​នេះ ក៏មាន​ការបង្រួបបង្រួម​គ្នា​វិញ​នៅ​ឆ្នាំ​២០១៥ ដោយ​សម្ដេចក្រុមព្រះ យាង​ចូល​ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​វិញ ។ ទំនាក់ទំនង​រវាង​លោក ញឹក ប៊ុនឆៃ និង​សម្ដេចក្រុមព្រះ ក៏បាន​បង្កើត​បែកបាក់​ម្ដងទៀត នៅ​ឆ្នាំ​២០១៦ ដោយ​លោក ញឹក ប៊ុនឆៃ សម្រេច​ចាក​ចេញមក​បង្កើត​គណ​បក្ស​ខ្មែរ​រួបរួម​ជាតិ​៕
 

Tag:
 ​ណុប សុធា​រិ​ទ្ធ​
  ហ្វ៊ុនស៊ិនប៉ិច​
  ខ្មែរ​រួបរួម​
© រក្សាសិទ្ធិដោយ thmeythmey.com