ប៉ុន្មានថ្ងៃមុន ក្រុមមេធាវី បានដាក់សំណើជាថ្មី ទៅលោក គី ឫទ្ធី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសុំឲ្យទម្លាក់បទចោទចេញពីលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ។ បន្ទាប់មក លោក គី ឫទ្ធី ក៏ចេញដីកាបដិសេធ ដោយសំអាងលើហេតុផលមួយចំនួន។
ក្នុងចំណោមហេតុលផលទាំងនោះ មានហេតុផលមួយ ដែលចៅក្រមស៊ើបសួរ បានបញ្ជាក់ក្នុងដីកា គឺ «ការបដិសេធនឹងសំណើនេះ ដោយយល់ឃើញថា លោក កឹម សុខា ត្រូវបានតំណាងអយ្យការ ដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទសន្ទិដ្ឋិភាពជាមួយបរទេស ដែលប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ១៩៩៣ រហូតដល់អំឡុងខែកញ្ញា ឆ្នាំ២០១៧»។
ផ្អែកលើការលើកឡើងរបស់ចៅក្រមស៊ើបសួរត្រង់ចំណុចនេះ លោក កឹម សុខា ត្រូវបានសង្ស័យថា បានប្រព្រឹត្តបទល្មើសតាំងពីទសវត្សរ៍៩៣មកម្ល៉េះ មិនមែនទើបនឹងប្រព្រឹត្តថ្មីៗនេះទេ។ យ៉ាងណាក៏ដោយ សារព័ត៌មានថ្មីៗ មិនអាចសុំការពន្យល់ពីលោក គី ឫទ្ធី ជាចៅក្រមស៊ើបសួរ ដែលកាន់សំណុំរឿងរបស់លោក កឹម សុខា នោះទេ ដោយហៅទូរសព្ទចូលដែរ តែពុំមានការឆ្លើយតប។
ចំណែកលោក អ៊ី រិន្ទ ប្រធានរដ្ឋបាលតុលាការរាជធានីភ្នំពេញនិងជាអ្នកនាំពាក្យ មិនបរិយាយអ្វីឡើយ ដោយលោក លើកហេតុផលថា សំណុំរឿងកំពុងស្ថិតក្នុងដំណាក់កាលនៃការស៊ើបសួរ។ លោក ប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទយ៉ាងដូច្នេះថា៖«ការស៊ើបសួរ ស្ថិតក្នុងកម្រិតណានោះ គឺជានីតិវិធីរបស់ចៅក្រមស៊ើបសួរ ហើយចៅក្រមស៊ើបសួរ ត្រូវមាននីតិវិធីបន្តទៀត»។
លោក ផាន់ ច័ន្ទសាក់ មេធាវីម្នាក់របស់លោក កឹម សុខា អះអាងថា លោក អាចធ្វើអត្ថាធិប្បាយពីរឿងនេះបាន លុះត្រាតែបានទទួលការអនុញ្ញាត ពីលោក កឹម សុខា ជាមុនសិន។ លោក បន្ថែមថា ក្រុមមេធាវី នឹងទៅជួបលោក កឹម សុខា នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ ដើម្បីពិភាក្សាគ្នាពីការសម្រេចរបស់ចៅក្រមស៊ើបសួរ និងគិតគូរថា ត្រូវធ្វើអ្វីបន្តទៀត។
មេធវីរូបនេះ បញ្ជាក់យ៉ាងដូច្នេះថា៖«ទាល់តែពួកខ្ញុំ បានការអនុញ្ញាតពីកូនក្តីសិន ទើបពួកខ្ញុំអាចនិយាយជាមួយសារព័ត៌មានបាន ព្រោះវាជាក្រមសីលធម៌របស់ពួកខ្ញុំ ជាមេធាវី»។
មេធាវីម្នាក់ទៀតរបស់លោក កឹម សុខា គឺអ្នកស្រី ម៉េង សុភារី បានលើកឡើងថា «ការចោទប្រកាន់ថាលោក កឹម សុខា ប្រព្រឹត្តបទល្មើសន្ទិដ្ឋិភាពជាមួយបរទេសតាំងពីឆ្នាំ១៩៩៣នេះ» គឺមានចាប់តាំងពីស្ថាប័នអយ្យការមក ដែលបានចោទប្រកាន់ មុននឹងបញ្ជូនសំណុំរឿងទៅកាន់ចៅក្រមស៊ើបសួរ។ យ៉ាងណា អ្នកស្រី បានបានដិសេធថា លោក កឹម សុខា មិនបានប្រព្រឹត្តបទល្មើសតាំងពីឆ្នាំ១៩៩៣ ដូចការចោទប្រកាន់ឡើយ។
អ្នកស្រីមេធាវី មានប្រសាសន៍បែបនេះថា៖«ខ្ញុំមិនអត្ថាធិប្បាយទេ ព្រោះស្ថិតក្នុងដំណាក់កាលនៃការស៊ើបសួរ ដូច្នេះទុកឲ្យចៅក្រមស៊ើបសួរទៅ។ តែខ្ញុំគ្រាន់តែបញ្ជាក់ថា អត់មានធាតុផ្សំគ្រប់គ្រាន់ ដើម្បីចោទប្រកាន់ថា គាត់បានប្រព្រឹត្តបទល្មើសនោះទេ»។
សូមរម្លឹកថា កម្លាំងសមត្ថកិច្ច បានចុះទៅចាប់លោក កឹម សុខា ដល់គេហដ្ឋាន ទាំងពាក់កណ្តាលអធ្រាត្រថ្ងៃទី២ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយសង្ស័យថាលោក បានប្រព្រឹត្តបទល្មើសសន្ទិដ្ឋិភាពជាមួយបរទេស ដែលចាត់ចូលជាអំពើក្បត់ជាតិ។ បទល្មើសនេះ គឺសំដៅលើការសហការជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។
រហូតដល់អំឡុងខែកញ្ញា ឆ្នាំ២០១៨ ពោលគឺជាប់ឃុំក្នុងពន្ធនាគារត្រពាំងផ្លុង បានមួយឆ្នាំ លោក គី ឫទ្ធី ក៏សម្រេចដោះលែងលោក កឹម សុខា ជាបណ្តោះអាសន្ន ក្រោមហេតុផលថា គិតគូរពីសុខភាពរបស់លោក។ ប៉ុន្តែ លោក កឹម សុខា បានជាប់បម្រាមយ៉ាងតឹងរឹង ដូចជាមិនអាចទៅណាឆ្ងាយពីផ្ទះ មិនអាចជួបជនបរទេស ដែលពាក់ព័ន្ធនឹងសំណុំរឿង រួមទាំងអតីតថ្នាក់ដឹកនាំគណបក្សប្រឆាំងផងដែរ។
ក្រុមអ្នកប្រឆាំង ដោយរួមទាំងលោក សម រង្ស៊ី ផងដែរ មិនចាត់ទុកថា លោក កឹម សុខា ត្រូវបានដោះលែងនោះទេ។ ពួកគេ យល់ថា ចៅក្រមស៊ើបសួរ គ្រាន់តែប្តូរការឃុំលោក កឹម សុខា ក្នុងពន្ធនាគារ ទៅជាការឃុំក្នុងផ្ទះប៉ុណ្ណោះ។ ពួកគេ បន្តអំពាវនាវឲ្យរដ្ឋាភិបាលនិងតុលាការកម្ពុជា ទម្លាក់បទចោទនិងផ្តល់សេរីភាពឲ្យបានពេញលេញជូនលោក កឹម សុខា។
រហូតមកដល់ពេលនេះ សំណុំរឿងរបស់លោក កឹម សុខា បានអូសបន្លាយជិតមួយឆ្នាំកន្លះហើយ ហើយបច្ចុប្បន្ន កំពុងស្ថិតក្នុងដំណាក់កាលនៃការស៊ើបសួរ ដោយពុំទាន់មានការវិវត្តទៅមុខនោះទេ។
ថ្មីៗនេះ លោក គី ឫទ្ធី ទើបនឹងចេញដីកាកោះហៅ លោក គង់ គាំ អតីតឧត្តមក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិ ឲ្យចូលទៅបំភ្លឺក្នុងនាមជាសាក្សី លើសំណុំរឿងរបស់លោក កឹម សុខា នៅចុងខែមករា ឆ្នាំ២០១៩។ លោក គង់ គាំ ប្រាប់សារព័ត៌មានថ្មីៗថា លោក នឹងចូលទៅបំភ្លឺតាមដីកាកោះ៕