កីឡាជាតិ
ជាតិ
កីឡាករ ធឿន ធារ៉ា ចំណាយ​ជាង​២​នាទី​ផ្តួល​កីឡាករ​ថៃ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​១
07, Jan 2019 , 10:39 pm        
រូបភាព
កីឡាករ ធឿន ធារ៉ា (ខៀវ)ប្រើជើងឆ្វេងទាត់កីឡាករថៃ
កីឡាករ ធឿន ធារ៉ា (ខៀវ)ប្រើជើងឆ្វេងទាត់កីឡាករថៃ
ដោយ:
​អ្នកលេង​គុន​ខ្មែរ ធឿន ធារ៉ា បាន​ផ្តួល​កីឡាករ​ថៃ Seuafai Sor-Saksit ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​១ នា​ការប្រកួត Max Muay Thai កាលពី​យប់​ថ្ងៃទី​៦ មករា​។ ជ័យជម្នះ​នេះ ជួយ​ឲ្យ​រូបគេ ស្តារ​ប្រជាប្រិយភាព​ឡើងវិញ ក្រោយ​បាត់​មុខ​មួយរយៈ​ពីស​ង្វៀន​។​

 

​កីឡាករ ធឿន ធារ៉ា ដែល​របូត​តំណែង​ពី​ការប្រកួត​គូ​ឯក ដោយសារ​ការអាក់ខាន​ឡើង​សង្វៀន បានធ្វើ​ឲ្យ​កក្រើក​សង្វៀន Max Muay Thai តាមរយៈ​ការ​ផ្តួល​កីឡាករ​ថៃ Seuafai Sor-Saksit ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​១ សម្រាប់​ការ​ត្រឡប់​មកកាន់​សង្វៀន​នេះ​សាជាថ្មី​។ សម្រាប់​ការ​ផ្តួល​កីឡាករ​ថៃ​នេះដែរ អ្នកលេង​គុន​ខ្មែរ​មកពី​ខេត្តព្រៃវែង​រូបនេះ ប្រើពេល​តែ​ជាង​២​នាទី​ប៉ុណ្ណោះ​។​
 
 
​នា​ការប្រកួត​លើទឹក​ដី​ថៃ កាលពី​យប់​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៩ ធារ៉ា បាន​ចូល​វាយ​សន្ធប់ និង​ប្រើ​កែង​ឆ្វេង​ជា​បន្តបន្ទាប់​ចំនួន​៥​កែង​មកលើ​ផ្ទៃមុខ​កីឡាករ​ថៃ ដើម្បី​ឲ្យ​អាជ្ញាកណ្តាល​រាប់​ម្តង​នៅ​ពាក់កណ្តាល​ទឹក​ទី​១​។ ក្រោយ​អាជ្ញាកណ្តាល​អនុញ្ញាត​ឲ្យ​ប្រកួត​បន្ត ធឿន ធារ៉ា បាន​លោត​ប្រើ​ជើង​ស្តាំ​ធាក់​ផ្ទៃមុខ​កីឡាករ​ថៃ ធ្វើ​ឲ្យ​អាជ្ញាកណ្តាល​រាប់​ម្តងទៀត និង​បញ្ឈប់​ក្នុងពេលនោះ​តែម្តង​។​


ធឿន ធារ៉ា(ខៀវ)
 
​ជ័យជម្នះ​នេះ អាចជួយ​ឲ្យ​ប្រជាប្រិយភាព​ដែល​ធ្លាក់ចុះ​មួយរយៈ​របស់​កីឡាករ ធឿន ធារ៉ា មាន​ភាពល្អ​ប្រសើរឡើង​វិញ​ផងដែរ​។ ធារ៉ា បាន​អាក់ខាន​ឡើង​សង្វៀន Max Muay Thai ប្រមាណ​ជា​៦​ខែ បន្ទាប់ពី​រូបគេ​ប្រកួត​ចាញ់​កីឡាករ​ថៃ Kitti សិស្ស​ប្អូន​កីឡាករ សែន​ស្ថាន (Sen Satharn) កាលពី​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១៨៕     
 

Tag:
 ​ប្រដាល់​គុន​ខ្មែរ​
  ធឿន ធារ៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com