ជាតិ
​​​ន​យោ​បាយ​ជាតិ​
ច្បាប់​ផ្តល់​សិទ្ធិ​នយោបាយ​ដល់​ក្រុមប្រឆាំង ត្រូវបាន​ព្រះមហាក្សត្រ ប្រកាស​ឲ្យ​ប្រើ​ហើយ​
08, Jan 2019 , 9:01 am        
រូបភាព
ដោយ: ថ្មីៗ
​ព្រះមហាក្សត្រ បានចេញ​ព្រះរាជក្រម​កាលពី​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៩​នេះ ដើម្បី​ប្រកាស​ឲ្យ​ប្រើប្រាស់​នូវ​មាត្រា​៤៥​ថ្មី (​ស្ទួន​១) ដែល​ក្លាយ​មកពី​មាត្រា​៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​។


 
​កាលពី​នៅ​អនុវត្ត​មាត្រា​៤៥​ថ្មី (​ស្ទួន​) អ្នកនយោបាយ​ណា ដែល​ជាប់​បម្រាម​របស់​តុល​ការ​កំពូល គឺ​ត្រូវអស់​សិទ្ធិ​រយៈពេល​៥​ឆ្នាំ ក្នុង​ការធ្វើ​នយោបាយ ហើយ​មិនអាច​តវ៉ា​បានឡើយ​។ ប៉ុន្តែ មាត្រា​៤៥​ថ្មី (​ស្ទួន​១) បាន​កែប្រែ​ត្រង់ចំណុច​។ 
 
​បើតាម​មាត្រា​៤៥​ថ្មី (​ស្ទួន​១) អ្នក​ដែល​ជាប់​បម្រាម អាច​មានឱកាស​បានទទួល​សិទ្ធិ​នយោបាយ​វិញ មុន​កាលកំណត់​របស់​តុលាការ​កំពូល​។ មាត្រា​នេះ បានផ្តល់​សិទ្ធិ​ឲ្យ​នាយករដ្ឋមន្ត្រី ក្នុងការ​ថ្វាយ​សំណើ​ទៅ​ព្រះមហាក្សត្រ ដើម្បី​ព្រះអង្គ ប្រទាន​សិទ្ធិ​នយោបាយ​ដល់​អ្នក​ជាប់​បម្រាម​ទាំងនោះ​។ 
 
​នាយករដ្ឋមន្ត្រី បាន​លើកឡើងថា បើ​ចង់បាន​សិទ្ធិ​ចូលធ្វើ​នយោបាយ​វិញ អតីត​អ្នកប្រឆាំង ត្រូវធ្វើ​សំណើ​ជា​លក្ខណៈ​បុគ្គល​។ 
 
​ចំណែក លោក សម រង្ស៊ី បាន​ហាម​អ្នក​ទាំងនោះ មិន​ឲ្យ​ធ្វើសំណើ​។ លោក ប្រាប់ថា ត្រូវ​រួមគ្នា​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា ជាមុនសិន ហើយ​ចាំ​គិតគូរ​ពី​រឿង​ផ្សេងទៀត​។ 
 
​មកដល់ពេលនេះ ក្នុងចំណោម​អតីត​អ្នកប្រឆាំង​ជាង​១០០​នាក់ ដែល​ជាប់​បម្រាម មានតែ​២​នាក់​ប៉ុណ្ណោះ គឺ​លោក គង់ គាំ និង លោក គង់ បូរ៉ា ដែល​ប្រកាសថា នឹងធ្វើ​សំណើ​ទៅ​រដ្ឋាភិបាល ដើម្បី​សុំ​សិទ្ធិ​នយោបាយ​វិញ​៕ 
 

Tag:
 ច្បាប់​នយោបាយ​
  ព្រះមហាក្សត្រ​
© រក្សាសិទ្ធិដោយ thmeythmey.com