Asian Cup៖ កូរ៉េខាងត្បូង ចិន និង​អ៊ីរ៉ង់ បាន​៣​ពិន្ទុ​រៀងខ្លួន​ក្នុងជំនួប​ដំបូង​
កីឡាអន្តរជាតិ
អន្តរជាតិ
Asian Cup៖ កូរ៉េខាងត្បូង ចិន និង​អ៊ីរ៉ង់ បាន​៣​ពិន្ទុ​រៀងខ្លួន​ក្នុងជំនួប​ដំបូង​
08, Jan 2019 , 11:04 am        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កូរ៉េខាងត្បូង ចិន និង​អ៊ីរ៉ង់ សុទ្ធតែ​ទទួល​ជ័យជម្នះ​រៀងៗ​ខ្លួន​នា​ជំនួប​ដំបូង​នៃ​ការប្រកួត​ដណ្តើមពាន​រង្វាន់ AFC Asian Cup ឆ្នាំ​២០១៩ នៅ​យប់​ថ្ងៃទី​៧ ខែមករា​។


 
​កូរ៉េខាងត្បូង​បាន​យកឈ្នះ​ហ្វីលីពីន ១-០ ដែល​ធ្វើបាន​ដោយ​ខ្សែប្រយុទ្ធ Ui-Jo Hwang នៅ​នាទី​៦៧​។ ជ័យជម្នះ​នេះ​បាន​នាំ​កូរ៉េខាងត្បូង​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ពូ​ល C បណ្តោះអាសន្ន ខណៈ​ចិន​ឈរ​នៅ​កំពូល​តារាង​ដ្បិត​ពួកគេ​បាន​យកឈ្នះ​កៀ​ហ្ស៊ី​ស៊ី​ស្ថាន​ដោយ​លទ្ធផល ២-១​។ 
 
 
​ចិន​ដែល​ត្រូវបាន​កៀ​ហ្ស៊ី​ស៊ី​ស្ថាន​នាំមុខ​មុន​ក្នុង​វគ្គ​ទី​១ ដែល​ធ្វើបាន​ដោយ​កីឡា​រក Akhlidin Israilov អាច​តាម​យកឈ្នះ​វិញ​ដោយ​សម្រេចបាន​២​គ្រាប់​ក្នុង​វគ្គ​ទី​២ ដែល​គ្រាប់​ទី​១​ជា​បាល់​ចូល​ទី​ខ្លួនឯង​របស់​អ្នកចាំទី Pavel Matiash និង​គ្រាប់​ទី​២​ធ្វើបាន​ដោយ Dabao Yu​។​
 
 
​ចំណែក​មួយគូ​ទៀត​ដែល​ស្ថិតក្នុង​ពូ​ល D អ៊ីរ៉ង់​បាន​លត់​ក្រុម​ពី​តំបន់​អារ៉ាប់​ដូចគ្នា​យេ​មែន​ដល់​ទៅ ៥-០ ដែល​ធ្វើបាន​ដោយ Mehdi Taremi ២​គ្រាប់ Ashkan Dejagah, Sardar Azmoun និង​Saman Ghoddos ម្នាក់​មួយគ្រា​ប់​។ ជ័យជម្នះ​នេះ​បាន​នាំ​អ៊ីរ៉ង់​ឈរ​នៅ​កំពូល​តារាង​បណ្តោះអាសន្ន ដោយ​ត្រូវ​រង់ចាំ​ការប្រកួត​មួយគូ​ទៀត​ក្នុង​ពូ​ល D នេះដែរ​រវាង អ៊ីរ៉ាក់​និង​វៀតណាម​នៅ​យប់​នេះ​។​
 
 
​សូមបញ្ជាក់ថា ការ​ព្រឹត្តិការណ៍​ការប្រកួត​ពាន​តំបន់​អាស៊ី​លើក​ទី​១៧​នេះ​បាន​ប្រព្រឹត្តិ​ទៅ​រយៈពេល​៤​ថ្ងៃ​មកហើយ និង​បានបញ្ចប់​ការប្រកួត​ចំនួន​៧​គូ​រួចរាល់​ហើយ​ដែរ​៕
 

Tag:
 បាល់ទាត់​
  Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com