ជាតិ
នយោបាយជាតិ
ថ្ងៃស្អែក លោក គង់ គាំ ស្នើសុំធ្វើនយោបាយវិញ ហើយត្រៀមជ្រោមជ្រែងបក្សរបស់កូនប្រុសពៅ លោក គង់ គាំ នាថ្ងៃប្រារព្ធខួបកំណើតឈានដល់៧៨ឆ្នាំ។ រូបថត ហ្វេសប៊ុក លោក គង់ មុនីកា
× ក្រោយឃើញសារព័ត៌មាន ចុះផ្សាយនៅថ្ងៃទី៨មករានេះ អំពីព្រះរាជក្រមរបស់ព្រះមហាក្សត្រ ដែលដាក់ឲ្យប្រើមាត្រា៤៥ថ្មី (ស្ទួន១) នៃច្បាប់ស្តីពីគណបក្សនយោបាយ លោក គង់ គាំ អតីតមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង មិនបង្អស់យូរឡើយ ដោយលោក ប្រកាសភ្លាមថា នឹងដាក់សំណើទៅក្រសួងមហាផ្ទៃ នៅថ្ងៃទី៩ ខែមករា ដើម្បីសុំសិទ្ធិចូលធ្វើនយោបាយវិញ។
លោក គង់ គាំ ដែលទើបតែប្រារព្ធខួប៧៨ឆ្នាំ បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា កូនប្រុសច្បងរបស់លោក គឺលោក គង់ បូរ៉ា ក៏នឹងដាក់សំណើដែរ។ ប៉ុន្តែ សម្រាប់ព័ត៌មានលម្អិត ដែលថាកូនប្រុស នឹងដាក់សំណើនៅពេលណានោះ លោក មិនបានដឹងឡើយ។
សារព័ត៌មានថ្មីៗ មិនអាចទាក់ទងលោក គង់ បូរ៉ា បានទេ ដោយសារតែហៅទូរសព្ទមិនចូល។
លោក គង់ គាំ បន្តថា បើទទួលបានសិទ្ធិនយោបាយវិញ លោក នឹងនៅជួយជ្រោមជ្រែងកូនប្រុសពៅរបស់លោក គឺលោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ។ លោក បញ្ជាក់យ៉ាងដូច្នេះ៖«គណបក្សឆន្ទៈខ្មែរ ជាប៉ូលថ្មី សម្រាប់អតីតអ្នកប្រឆាំង និងប្រជាពលរដ្ឋខ្មែរ»។
ជានីតិវិធី ក្រោយពីក្រសួងមហាផ្ទៃ ពិនិត្យរួចហើយ សំណើសុំសិទ្ធិនយោបាយ នឹងត្រូវបញ្ជូនទៅនាយករដ្ឋមន្ត្រី ដើម្បីពិនិត្យនិងសម្រេចចុងក្រោយ។ បន្ទាប់មក ទើបនាយករដ្ឋមន្ត្រី ថ្វាយសំណើនេះ ទៅព្រះមហាក្សត្រ ដើម្បីសុំឲ្យព្រះអង្គ ចេញព្រះរាជក្រឹត្យ បើកផ្លូវឲ្យអ្នកដែលត្រូវបានតុលាការកំពូលហាមមិនឲ្យធ្វើនយោបាយ បានចូលធ្វើនយោបាយវិញ។
ក្រៅពីលោក គង់ គាំ និង លោក គង់ បូរ៉ា គេ ពុំទាន់ឃើញមានអ្នកផ្សេងទៀត ក្នុងចំណោមថ្នាក់ដឹកនាំជាង១០០នាក់នៃអតីតគណបក្សប្រឆាំង ដែលបង្ហាញបំណងសុំសិទ្ធិនយោបាយនោះទេ។ លោក សម រង្ស៊ី ប្រាប់អ្នកទាំងនោះថា ត្រូវបន្តរួមគ្នាទាមទារឲ្យដោះលែងលោក កឹម សុខា ជាមុនសិន ហើយបន្ទាប់មក ចាំគិតរឿងទទួលសិទ្ធិនយោបាយតាមក្រោយ។
សម្តេច ហ៊ុន សែន ប្រកាសថា អ្នកដែលជាប់បម្រាមរបស់តុលាការកំពូល ហើយពួកគេ បានគោរពតាមបម្រាមនេះ អាចនឹងមានឱកាសចូលធ្វើនយោបាយវិញ។ តែពួកគេ ត្រូវធ្វើសំណើជាលក្ខណៈបុគ្គល។
មាត្រា៤៥ថ្មី (ស្ទួន១) បានផ្តល់សិទ្ធិឲ្យនាយករដ្ឋមន្ត្រី ក្នុងការថ្វាយសំណើទៅព្រះមហាក្សត្រ ដើម្បីសុំឲ្យព្រះអង្គ រាជានុញ្ញាតឲ្យអ្នកជាប់បម្រាម បានចូលធ្វើនយោបាយវិញ។ កាលពីនៅអនុវត្តមាត្រា៤៥ថ្មី (ស្ទួន) អ្នកជាប់បម្រាម ត្រូវផាត់ចេញពីឆាកនយោបាយ៥ឆ្នាំ ដោយមិនអាចតវ៉ាបានឡើយ៕
Tag:
ច្បាប់នយោបាយ
គង់ គាំ
© រក្សាសិទ្ធិដោយ thmeythmey.com