អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បងធំ​អាស៊ាន ឥណ្ឌូណេស៊ី​ចូលកាន់​តំណែង​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​
08, Jan 2019 , 1:09 pm        
រូបភាព
ដោយ:
ឥណ្ឌូណេស៊ី ជា​បងធំ​អាស៊ាន និង ប្រទេស​តំណាង​តំបន់​បួន​ផ្សេងទៀត បាន​ចូលកាន់​តំណែង​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ជា​ផ្លូវការ​សប្តាហ៍​មុន​។ តាមរយៈ​តំណែង​នេះ ឥណ្ឌូណេស៊ី មាន​សិទ្ធិ និង​អំណាច​ក្នុងការ​សម្រេច​ការងារ​សន្តិសុខ និង​សន្តិភាព​របស់​ពិភពលោក​។​

 
​គិត​ចាប់​ពីថ្ងៃ​១ មករា ឆ្នាំ​២០១៩ ដល់​ថ្ងៃ​៣១ ធ្នូ ២០២០ ឥណ្ឌូណេស៊ី អាល្លឺម៉ង់ ប៊ែ​ល​ហ្ស៊ិ​ក អាហ្វ្រិក​ខាងត្បូង និង​សាធារណរដ្ឋ​ដូ​មី​និក ដែលជា​តំណាង​ប្រទេស​មក​តំបន់​ខុសៗ​គ្នា នឹងត្រូវ​ចូលរួម​ក្នុង​ការងារ​រក្សា​សន្តិភាព និង​សន្តិសុខ​អន្តរជាតិ ក្នុងនាម​ជា​សមាជិក​មិន​អ​ចៃ​ន្ត្រ​យ៍​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ដែលជា​ស្ថាប័ន​ដ៏​មាន​ឥទ្ធិពល​បំផុត​លើ​ពិភពលោក​។​
 
​តាម​សេចក្តីថ្លែងការណ៍​របស់​តំណាង​អចិន្ត្រៃយ៍​របស់​ឥណ្ឌូណេស៊ី​ប្រចាំ​អង្គការសហប្រជាជាតិ ការគាំទ្រ​ដ៏​មហិមា ដែល​ឥណ្ឌូណេស៊ី ទទួលបាន បង្ហាញ​ឲ្យ​ឃើញថា សហគមន៍​អន្តរជាតិ មាន​ទំនុកចិត្ត​ការទូត និង​ជំហរ និង​គោលនយោបាយ​បើកចំហរ និង​សកម្ម​របស់​ឥណ្ឌូណេស៊ី ដែល​បាន​កសាង​កន្លងមក​ក្នុង​ការរក្សា​សន្តិភាព​ពិភពលោក​។ 
 
​សូមជម្រាបថា មិនមែន​គ្រប់​រដ្ឋ​សមាជិក​របស់​អង្គការសហប្រជាជាតិ សុទ្ធតែ​មានឱកាស​ក្លាយជា​សមាជិក​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​នោះទេ ពោលគឺ​ដើម្បី​ក្លាយជា​សមាជិក​អង្គភាព​មួយ​នេះ  តម្រូវ​ឲ្យ​ឆ្លងកាត់​ការបោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​ពី​សមាជិក​ទាំងអស់​។ អាច​និយាយបានថា រដ្ឋ​ដែល​អាច​មានឱកាស​ក្លាយជា​សមាជិក​របស់​ក្រុមប្រឹក្សា ត្រូវមាន​សកម្មភាព​ស​កម្ម​ក្នុង​កិច្ចការ​អន្តរជាតិ ពិសេស​លើ​បញ្ហា​សន្តិសុខ និង​សន្តិភាព និង​មានកេរ្តិ៍ឈ្មោះ​ល្អ​ក្នុង​ឆាក​អន្តរជាតិ​ផងដែរ​។ 
 
​ក្នុងចំណោម​ប្រទេស​អាស៊ាន ឥណ្ឌូណេស៊ី គឺជា​សមាជិក​មួយ ដែល​ធ្លាប់​កាន់តំណែង​នេះ​។ តាម​របាយការណ៍ ឥណ្ឌូណេស៊ី ធ្លាប់​កាន់តំណែង​នេះ​បី​ដង​រួចមកហើយ​ក្នុង​ឆ្នាំ ១៩៧៣-១៩៧៤, ១៩៩៥-១៩៩៦ និង ២០០៧-២០០៨​។ រដ្ឋ​អាស៊ាន​ផ្សេងទៀត ដែល​ធ្លាប់​កាន់តំណែង​នេះ រួមមាន ម៉ាឡេស៊ី 
​ហ្វីលីពីន សិង្ហ​បុរី ថៃ និង វៀតណាម ៕ 
 

Tag:
 ឥណ្ឌូណេស៊ី​
  អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com