បទយកការណ៍ / បទសម្ភាសន៍
អន្តរជាតិ
និស្សិត​ថ្នាក់​ឧ​ត្ត​ម​សិក្សា​និង​ក្រោយ​ឧ​ត្ត​មសិ​ក្សា​សម្លឹងមើល​ជម្រើស​ផ្សេង​ក្រៅពី​សហរដ្ឋអាមេរិក​
08, Jan 2019 , 7:59 pm        
រូបភាព
នេះ​ជា​ទិដ្ឋាភាព​នៅ​សាកលវិទ្យាល័យ Aalborg University Copenhagen ក្នុង​ប្រទេស​ដាណឺម៉ាក។
នេះ​ជា​ទិដ្ឋាភាព​នៅ​សាកលវិទ្យាល័យ Aalborg University Copenhagen ក្នុង​ប្រទេស​ដាណឺម៉ាក។
ដោយ: VOA
​សម្រាប់​កញ្ញា Kristin Clay និស្សិត​អាមេរិក​ដើមកំណើត​កាណាដា ការចំណាយ​លើ​ការសិក្សា​គឺជា​កត្តា​ចម្បង ក្នុង​ការធ្វើ​សេចក្តី​សម្រេចចិត្តថា តើ​គួរតែ​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅទីណា​។​

 
​នាង​បានជ្រើសរើស​យក​សាកល​វិទ្យាល័យ Aalborg University នៅ​ប្រទេស​ដា​ណឺ​ម៉ាក ជាជាង​សាកលវិទ្យាល័យ Palm Beach Atlantic University នៅ​រដ្ឋ Florida សហរដ្ឋអាមេរិក ដើម្បី​បន្ត​ការសិក្សា​ផ្នែក​វប្បធម៌ ទំនាក់ទំនង​សារ​គម​នា​គម៍ និង​សាកលភាវូបនីយកម្ម ដោយសារតែ​ការចំណាយ​លើ​ការសិក្សា​នៅ​ប្រទេស​ដា​ណឺ​ម៉ាក មានតម្លៃ​សមរម្យ​ជាង​។​
 
​កញ្ញា Kristin Clay បាន​ប្រាប់ VOA ថា​៖ «​‍​ខ្ញុំ​យល់ថា ខ្ញុំ​មិនមាន​លទ្ធភាព​បង់ថ្លៃ​សិក្សា​នៅ​សហរដ្ឋអាមេរិក​ទេ​»​។ នាង​បាន​បន្ថែមថា នាង​ចំណាយ​ត្រឹមតែ​៣០០០​ដុល្លារ​ក្នុង​មួយ​ឆមាស​តែប៉ុណ្ណោះ សម្រាប់​ការសិក្សា​របស់​នាង​នៅ​ប្រទេស​ដា​ណឺ​ម៉ាក​។​
 
​ជា​មធ្យម ថ្លៃ​សិក្សា និង​ចំណាយ​ផ្សេងៗ​ទៀត​នៅ​មហាវិទ្យាល័យ ឬ​សាកលវិទ្យាល័យ​អាមេរិក មាន​ចំនួន​ប្រហែល​២៥,០០០​ដុល្លារ ក្នុង​រយៈពេល​មួយឆ្នាំ​។ រីឯ​ការចំណាយ​នៅតាម​មហាវិទ្យាល័យ​ឯកជន​ដែល​ល្បីល្បាញ​នៅ​អាមេរិក​វិញ គឺមាន​ចំនួន​លើសពី​៧០,០០០​ដុល្លារ ក្នុង​មួយឆ្នាំ​ឯណោះ​។ ក៏ប៉ុន្តែ សញ្ញាបត្រ​ដែល​ទទួលបាន​ពី​មហាវិទ្យាល័យ​ឯកជន​ទាំងនេះ អាច​អនុញ្ញាត​ឲ្យ​និស្សិត​មានឱកាស​ការងារ​ល្អ និង​ទទួលបាន​ប្រាក់ចំណូល​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។​
 
​សូម​ចុច​មើល​វីដេអូ​នៅ​ខាងក្រោម​៖


 
​ក្នុង​ឆ្នាំ​២០១៨ វិស័យ​អប់រំ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​និង​ក្រោយ​ឧ​ត្ត​ម​សិក្សា​របស់​អាមេរិក កំពុង​ប្រឈម​នឹង​ការប្រកួតប្រជែង​ពី​បណ្តា​ប្រទេស​ដទៃទៀត ដែល​ផ្តល់​ការអប់រំ​ក្នុងតម្លៃ​សមរម្យ​ជាង ហើយ​រួមទាំង​មានការ​សម្រួល​ផ្នែក​អន្តោប្រវេសន៍ និង​បញ្ហា​ផ្សេងៗ​ដល់​និស្សិត​អន្តរជាតិ​ទៀតផង​។​
 
​ចំនួន​និស្សិត​អន្តរជាតិ ដែល​បាន​ចុះឈ្មោះ​ចូលរៀន​នៅតាម​សាកលវិទ្យាល័យ​របស់​អា​មេ​រិ​ក បាន​ថយចុះ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លងទៅនេះ​។ តែ​គេ​ឃើញ ចំនួន​និស្សិត​អន្តរជាតិ​បាន​កើនឡើង​នៅតាម​សាកលវិទ្យាល័យ​នានា​នៅ​ចក្រភព​អង់គ្លេស អូស្ត្រាលី នូ​វែ​ល​សេ​ឡង់ និង​កាណាដា​។ នេះ​បើ​យោងតាម​របាយការណ៍​ប្រចាំឆ្នាំ​ស្តីពី​ការអប់រំ​ថ្នាក់​ឧ​ត្ត​ម​សិក្សា​និង​ក្រោយ​ឧ​ត្ត​មសិ​ក្សា​នៅ​សហរដ្ឋអាមេរិក​របស់​វិទ្យាស្ថាន​ដើម្បី​ការអប់រំ​អន្តរជាតិ​។​
 
​អ្នកស្រី Esther Brimmer នាយិកា​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន NAFSA បាន​ឲ្យ​ដឹងថា មហាវិទ្យាល័យ និង​សាកលវិទ្យាល័យ​នានា​នៅ​ទូទាំង​សហរដ្ឋអាមេរិក ត្រូវតែ​យកចិត្តទុកដាក់​លើ​ការចំណាយ​ខ្ពស់​លើ​ការសិក្សា​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​និង​ក្រោយ​ឧ​ត្ត​ម​សិក្សា​របស់​និស្សិត រួមទាំង​និស្សិត​អាមេរិក និង​និស្សិត​អន្តរជាតិ​។​
 
​អ្នកស្រី​បាន​ថ្លែងថា​៖ «​‍​សំណួរ​សំខាន់​ជាង​នេះ​គឺថា តើ​សហរដ្ឋអាមេរិក​នឹងធ្វើ​យ៉ាងណា ដើម្បី​ឲ្យ​ការចំណាយ​លើ​ការសិក្សា​របស់​និស្សិត​គ្រប់រូប ទាំង​និស្សិត​អាមេរិក និង​និស្សិត​អន្តរជាតិ រួមទាំង​អ្នកស្រាវជ្រាវ​ផង​នោះ មានតម្លៃ​សមរម្យ​»​។​
 
​អ្នកស្រី​បាន​បន្ថែមទៀតថា​៖ «​‍​វា​សំខាន់​ណាស់ ដែល​យើងទាំងអស់គ្នា ត្រូវ​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​យើង​ក្នុងប្រទេស ដើម្បី​ជួយ​សម្រួល​ដល់​ការចំណាយ​លើ​ការសិក្សា ជួយ​ពង្រឹង​ដល់​ឱកាស​ទទួលបាន​ការសិក្សា​ជាន់ខ្ពស់​បន្ថែមទៀត និង​ជួយ​ស្វែងរក​ដំណោះស្រាយ​បន្ថែមទៀត ដើម្បី​ឲ្យ​និស្សិត​អាចមាន​លទ្ធភាព​បង់ថ្លៃ​សិក្សា​ជាន់ខ្ពស់​នេះ​បាន​»​។​
 
​យោងតាម​ក្រសួងការបរទេស សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​នាំមុខគេ ក្នុង​ពិភពលោក ដែលមាន​ចំនួន​សិស្ស​និស្សិត​ជាង​១​លាន​នាក់ មក​សិក្សា​នៅ​សហរដ្ឋអាមេរិក ជា​រៀងរាល់ឆ្នាំ ហើយ​ជា​លទ្ធផល​បាន​នាំមក​នូវ​ចំណូល​ជា​ទឹកប្រាក់​ប្រមាណ​៤២​ពាន់​លាន​ដុល្លារ និង​បង្កើត​ការងារ​ចំនួន​៤៥០,០០០ ដល់​សេដ្ឋកិច្ច​អាមេរិក​។​
 
​ការបន្ត​ការសិក្សា​នៅ​បរទេស​
 
​ក៏ប៉ុន្តែ ការចំណាយ​លើ​ការសិក្សា​ថ្នាក់​ឧ​ត្ត​ម​សិក្សា​និង​ក្រោយ​ឧ​ត្ត​មសិ​ក្សា​នៅ​អាមេរិក មានតម្លៃ​ខ្ពស់​ជា​ប្រទេស​ផ្សេងៗ​ទៀត ដែល​កំពុង​ប្រកួតប្រជែង​ជាមួយនឹង​សហរដ្ឋអាមេរិក​។​
 
​នៅ​ប្រទេស​ហូ​ឡង់ អាស្រ័យ​តាម​ស្ថាប័ន​អប់រំ​នីមួយៗ ការចំណាយ​លើ​ការសិក្សា​ប្រចាំឆ្នាំ សម្រាប់​កម្មវិធីសិក្សា​យ​ក​សញ្ញាបត្រ​មានតម្លៃ​ជា​ទឹកប្រាក់​ប្រមាណ ១,៩០០ អឺ​រូ សម្រាប់​និស្សិត​នៅក្នុង​សហភាព​អឺរ៉ុប និង​ប្រមាណ​៦,០០០​អឺ​រូ សម្រាប់​និស្សិត​អន្តរជាតិ​តែប៉ុណ្ណោះ​។ នេះ​បើ​យោងតាម​គេហទំព័រ topuniversities.com​។​
 
​បន្ថែម​លើ​នេះ ប្រាក់ឧបត្ថម្ភ​ក៏ត្រូវ​បាន​បង្កើតឡើង​សម្រាប់​និស្សិត​អន្តរជាតិ ដែល​មិនមែនជា​ពលរដ្ឋ​របស់​សហភាព​អឺរ៉ុប​ផងដែរ​។ សាកលវិទ្យាល័យ University of Amsterdam ផ្តល់​អាហារូបករណ៍​ដល់​និស្សិត «​‍​ពូកែ​» ជា​ទឹកប្រាក់​ចំនួន​២៥,០០០​អឺ​រូ ដែល​ទូទាត់​លើ​ថ្លៃ​សិក្សា ការចំណាយ​ផ្សេងៗ និង​រួមទាំង​ថ្លៃ​ស្នាក់នៅ​ទៀតផង​។ «​‍​និស្សិត​នឹងត្រូវ​ជ្រើសរើស​សម្រាប់​កម្មវិធី​អាហារូបករណ៍​នេះ ដោយ​ផ្អែកលើ​ប្រវត្តិ​សិក្សា​ល្អ​បំផុត គម្រោង​ក្រោយ​ការបញ្ចប់​ការសិក្សា និង​ភាព​ពាក់ព័ន្ធ​គ្នា​រវាង​ការសិក្សា​និង​ឱកាស​ការងារ​នាពេល​អនាគត​របស់​និស្សិត​នោះ​»​។​
 
​នៅ​ប្រទេស​អាល្លឺម៉ង់​វិញ និស្សិត​ដែល​មិនមែនជា​ពលរដ្ឋ​របស់​សហភាព​អឺរ៉ុប ចំណាយ​លើ​ថ្លៃ​សិក្សា​ត្រឹមតែ ៣,៥០០​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ​។​
 
​បន្ថែម​លើ​ថ្លៃ​សិក្សា​សមរម្យ មហាវិទ្យាល័យ​នានា​នៅ​ប្រទេស​អាល្លឺម៉ង់ និង​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត ដូចជា​ប្រទេស​ស៊ុយ​អ៊ែត ដា​ណឺ​ម៉ាក និង​ហូ​ឡង់ បាន​បង្កើត​កម្មវិធីសិក្សា​ផ្សេងៗ​ដែល​បង្រៀន​ជា​ភាសា​អង់គ្លេស​។ រីឯ​នៅ​ប្រទេស​កា​ដា​ណា​វិញ ការសម្រួល​ផ្នែក​អន្តោប្រវេសន៍​មាន​លក្ខណៈ​ងាយស្រួល និង​មិនសូវ​តឹងរ៉ឹង​ដូច​នៅ​សហរដ្ឋអាមេរិក​ទេ​។​
 
​លោក Akshay Chaturvedi ស្ថាបនិក និង​ប្រធាន​នៃ​អង្គការ Leverage ប្រចាំ​ប្រទេស​ឥណ្ឌា​ដែល​ជួយ​និស្សិត​ឥណ្ឌា​បន្ត​ការសិក្សា​នៅ​បរទេស បាន​លើកឡើងថា​៖ «​‍​នៅ​អាល្លឺម៉ង់ ថ្លៃ​សិក្សា​មានតម្លៃ​ទាប​ខ្លាំង គឺ​ទាប​ជាង​នៅ​ប្រទេស​ឥណ្ឌា​ទៅទៀត​»​។​
 
​អង្គការ Leverage បាន​ជួយ​ដល់​និស្សិត​ឥណ្ឌា​ជាង​១,៥០០​នាក់ ឲ្យ​បាន​បន្ត​ការសិក្សា​ថ្នាក់​ឧ​ត្ត​ម​សិក្សា​និង​ក្រោយ​ឧ​ត្ត​មសិ​ក្សា​នៅ​សាកលវិទ្យាល័យ​ដែល​នៅក្រៅ​ប្រទេស​។ លោក Chaturvedi បាន​កត់សម្គាល់ថា ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយនេះ ខុសពី​សហរដ្ឋអាមេរិក កម្មវិធីសិក្សា​ថ្នាក់​ឧ​ត្ត​ម​សិក្សា​និង​ក្រោយ​ឧ​ត្ត​មសិ​ក្សា​នៅ​អឺរ៉ុប និង​ចិន បាន​បង្កើន​កម្មវិធីសិក្សា​ផ្នែក​ទីផ្សារ​ដល់​និស្សិត ដោយ​មិនចាំបាច់​តម្រូវ​ឲ្យ​មានបទពិសោធន៍​ការងារ​។​
 
​និស្សិត​ត្រូវការ​បទពិសោធន៍​ការងារ ដើម្បី​អាចដាក់​ពាក្យ​ចូលរៀន​កម្មវិធីសិក្សា​ថ្នាក់អនុបណ្ឌិត ផ្នែក​រដ្ឋបាល​ពាណិជ្ជកម្ម ដែលមាន​លក្ខណៈ​ជាក់លាក់ និង​ពាក់ព័ន្ធ​នឹង​វិស័យ​ពាណិជ្ជកម្ម​អាមេរិក ហើយ​និស្សិត​អន្តរជាតិ​ភាគច្រើន មិន​ធ្លាប់​មានឱកាស​ធ្វើ​ការងារ​ក្នុង​ក្រុមហ៊ុន​អាមេរិក មុនពេល​ពួកគេ​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក​ទេ​។​
 
​លោក Chaturvedi បាន​និយាយថា​៖ «​‍​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សហភាព​អឺរ៉ុប បាន​បង្កើត​ឱកាស​សិក្សា​ផ្នែក​ពាណិជ្ជកម្ម​ដល់​និស្សិត​មកពី​ប្រទេស​ចិន និង​ឥណ្ឌា ដែល​មិន​តម្រូវ​ឲ្យ​មានបទពិសោធន៍​ការងារ​ទេ​»​។​
 
​ប្រទេស​ចិន​បាន​ក្លាយជា​ដៃគូ​ប្រកួតប្រជែង​ដ៏​ខ្លាំង​មួយ​របស់​អាមេរិក ក្នុង​ការផ្តល់​កម្មវិធី​សិក្សា​ថ្នាក់​ឧ​ត្ត​ម​សិក្សា​និង​ក្រោយ​ឧ​ត្ត​មសិ​ក្សា​។​
 
Kashish Yadav ធ្លាប់​ធ្វើការ​នៅ​ហាង​លក់ទំនិញ​បោះ​ដុំ Costco មុននឹង​នាង​បន្ត​ការសិក្សា​ថ្នាក់អនុបណ្ឌិត​ផ្នែក​រដ្ឋបាល​ពាណិជ្ជកម្ម នៅ​មហាវិទ្យាល័យ China Europe International Business School (CEIBS) នៅ​ទីក្រុង​សៀង​ហៃ ប្រទេស​ចិន​។​
 
​នាង​និយាយថា​៖ «​‍​ខ្ញុំ​បានដាក់​ពាក្យ​បន្ត​ការសិក្សា​នៅ​មហាវិទ្យាល័យ​នានា​នៅ​ទ្វីបអាស៊ី នៅ​ទ្វីបអឺរ៉ុប និង​មហាវិទ្យាល័យ​ពីរ​ទៀត មួយ​នៅ​សហរដ្ឋអាមេរិក និង​មួយទៀត​នៅ​កា​ដា​ណា​»​។​
 
​នាង​បន្ថែមថា​៖ «​‍​ការសិក្សា​នៅ​មហាវិទ្យាល័យ​របស់​ប្រទេស​ចិន មានតម្លៃ​ថោក​ជាង ហើយ​មួយទៀត ខ្ញុំ​ចង់​ធ្វើការ​នៅក្នុង​វិស័យ​ជួញដូរ​ទំនិញ ហើយ​ប្រទេស​ចិន​កំពុងតែ​សិក្សា​អំពី​បច្ចេកវិទ្យា​ថ្មី​ក្នុង​វិស័យនេះ​ស្រាប់​» ដែល​បច្ចេកវិទ្យា​ថ្មី​នេះ មិនទាន់មាន​នៅឡើយ​ទេ​នៅ​សហរដ្ឋអាមេរិក​។​
 
​ការចុះឈ្មោះ​របស់​និស្សិត​អន្តរជាតិ​មាន​ចំនួន​កើនឡើង​នៅក្នុង​ប្រទេស​ចិន ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​កន្លងទៅនេះ​។ កាលពី​ឆ្នាំ​២០០៨ ប្រទេស​ចិន​បានកំណត់​គោលដៅ​មួយ​ថា នឹង​ទទួលយក​និស្សិត​អន្តរជាតិ​ចំនួន​៥​សែន​នាក់ គិត​រហូតដល់​ឆ្នាំ​២០២០​។ ហើយ​ជាក់ស្តែង ចិន​បានសម្រេច​គោលដៅ​នេះ បី​ឆ្នាំ​មុនពេល​កំណត់​។ នេះ​បើ​យោងតាម​វិទ្យាស្ថាន NAFSA​។​
 
​ការព្រួយបារម្ភ​ពី​ច្បាប់​អន្តោប្រវេសន៍​អាមេរិក​
 
​មូលហេតុ​ផ្សេងទៀត ដែល Yadav សម្រេចចិត្ត​បន្ត​ការសិក្សា​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​ប្រទេស​ចិន គឺ​ដោយសារតែ «​‍​ភាពមិនប្រាកដប្រជា​» នៃ​ច្បាប់​ទិដ្ឋាការ និង​វោហា​សព្ទ​ប្រឆាំងនឹង​ជនអន្តោប្រវេសន៍​របស់​អាមេរិក​។​
 
​អ្នកជំនាញ​ក្នុង​វិស័យ​អប់រំ បាន​ឲ្យ​ដឹងថា បទបញ្ជា​របស់លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump) ក្នុង​ការមិន​ផ្តល់​ទិដ្ឋាការ​ដល់​ប្រទេស​ចំនួន​៧ ក្នុងនោះ​ប្រទេស​៥​គឺជា​ប្រទេស​កាន់សាសនា​ឥស្លាម បាន​បង្ក​ជា​បញ្ហា​ប្រឈម​ដល់​និស្សិត​អន្តរជាតិ​។​
 
​អ្នកស្រី Brimmer បាន​លើកឡើងថា​៖ «​‍​សម្រាប់​និស្សិត​ដែល​បាន​ចុះឈ្មោះ​ចូលរៀន​នៅ​សហរដ្ឋអាមេរិក នៅពេលដែល​បទបញ្ជា​មិន​ផ្តល់​ទិដ្ឋាការ​ដល់​ប្រទេស​មួយចំនួន ត្រូវបាន​ប្រកាស ពួកគេ​ខ្លះ​គឺ​កំពុង​នៅក្រៅ​សហរដ្ឋអាមេរិក ហើយ​ពួកគេ​ព្រួយបារម្ភ​ថា ពួកគេ​ប្រហែលជា​មិនអាច​វិលត្រឡប់​ទៅ​សហរដ្ឋអាមេរិក​បាន​វិញ​ទេ​»​។​
 
​យោងតាម​វិ​ទ្យ​ស្ថាន NAFSA ក្នុងអំឡុងពេល​វិស្សមកាល​រដូវក្តៅ និស្សិត​អន្តរជាតិ​ជាច្រើន​នាក់​សម្រេចចិត្ត​នៅ​សហរដ្ឋអាមេរិក ដោយ​មិន​ធ្វើដំណើរ​ទៅលេង​ប្រទេស​កំណើត​របស់​ពួកគេ​ទេ ដោយសារតែ​ពួកគេ​ភ័យខ្លាច​ថា មិនអាច​វិល​ត្រឡប់មក​សហរដ្ឋអាមេរិក​វិញ​បាន​។​
 
​ស្របពេល​ជាមួយគ្នា​នោះ វោហា​សព្ទ​ប្រឆាំងនឹង​ជនអន្តោប្រវេសន៍ ក៏បាន​ជំរុញ​ឲ្យ​និស្សិត​ដែលមាន​បំណង​បន្ត​ការសិក្សា​នៅ​សហរដ្ឋអាមេរិក សម្រេចចិត្ត​ទៅ​សិក្សា​នៅ​ប្រទេស​ផ្សេង​វិញ​។​
 
​អ្នកស្រី Brimmer នៃ NAFSA បាន​លើកឡើងថា​៖ «​‍​និស្សិត និង​អ្នកស្រាវជ្រាវ​អន្តរជាតិ​ជាច្រើន​នាក់ អាចមាន​ការព្រួយបារម្ភ​ដោយសារតែ​បញ្ហា​ទាំងនេះ ដូចជា​បញ្ហា​ទិដ្ឋាការ វោហា​សព្ទ និង​បរិបទ​នយោបាយ​ក្នុងអំឡុងពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដែលមាន​លក្ខណៈ​តឹងរ៉ឹង​នឹង​ពលរដ្ឋ​មកពី​ប្រទេស​ផ្សេងៗ​នៅ​សហរដ្ឋអាមេរិក​។ ការណ៍​នេះ​អាច​បង្កើតជា​បរិយាកាស​អវិជ្ជមាន​ខ្លាំង​»​។​
 
​រីឯ​លោក Chaturvedi នៃ​អង្គការ Leverage ក៏បាន​ឲ្យ​ដឹងថា និស្សិត​ជាច្រើន​នាក់​ដែល​អង្គការ​របស់លោក​បាន​ជួយ និង​ដែល​មិន​រង​ផលប៉ះពាល់​ដោយសារតែ​បទបញ្ជា​របស់លោក ត្រាំ នៅតែមាន​ភាពស្ទាក់ស្ទើរ ដោយសារតែ​ការត្រួតពិនិត្យ​លើ​និស្សិត​បរទេស ទិដ្ឋាការ​សិស្ស និង​ទិដ្ឋាការ​ការងារ ដែល​រដ្ឋបាល​លោក ត្រាំ បានស្នើ​ឡើង​។​
 
​លោក​ថា​៖ «​‍​ផ្នត់គំនិត​បែបនេះ ដែល​ត្រូវបាន​បង្កើតឡើង [​ដោយ​លោក ត្រាំ​] បង្ក​ភាព​ច​ប្រូ​ក​ច្របល់​គួរសម​»​។​
 
​លោក​បាន​បន្ថែមថា​៖ «​‍​ផ្នត់គំនិត​នេះ គឺ​បង្ហាញ​ឲ្យ​ឃើញថា លោក [​ត្រាំ​] ប្រឆាំងនឹង​ពលរដ្ឋ​ឡាទីន ឥណ្ឌា និង​ពលរដ្ឋ​អាស៊ី​។ ហើយ​ហេតុការណ៍​បាញ់ប្រហារ បាន​បណ្តាល​ឲ្យ​មនុស្ស​ជាច្រើន មានការ​ព្រួយបារម្ភ​។ បើទោះបីជា​តួលេខ​បង្ហាញថា​នៅ​ទាប​ក៏ដោយ ក៏​ហេតុការណ៍​បាញ់ប្រហារ​នៅតាម​សាលារៀន​នៅ​អាមេរិក ត្រូវបាន​ផ្សព្វផ្សាយ​យ៉ាង​ឆាប់រហ័ស​និង​យ៉ាង​ទូលំទូលាយ​ដល់​សហគមន៍​អន្តរជាតិ​»​។​
 
​ទោះជា​យ៉ាងណាក្តី វិទ្យាស្ថាន​អប់រំ និង​សាកលវិទ្យាល័យ​អាមេរិក កំពុង​ខិតខំ​ស្វែងរក​ដំណោះស្រាយ​ទប់​ទល់នឹង​បញ្ហា​ខ្លះៗ​ទាំងនេះ ដែល​អាច​បណ្តាល​ឲ្យ​និស្សិត​ជ្រើស​យក​ជម្រើស​ផ្សេង​។​
 
​អ្នកស្រី Brimmer បាន​លើកឡើងថា​៖ «​‍​យើង​គួរតែ​កត់សម្គាល់​ពី​កិច្ចខិតខំ​ប្រឹងប្រែង​ជាក់ស្តែង​របស់​មនុស្ស​ជាច្រើន​នៅ​ទូទាំង​សហរដ្ឋអាមេរិក ក្នុងការ​ស្វាគមន៍​និស្សិត និង​អ្នកស្រាវជ្រាវ​អន្តរជាតិ ដែល​ក្នុងនោះ​រួមមាន អ្នក​ដែល​បំពេញការងារ​នៅតាម​មហាវិទ្យាល័យ​និង​សាកលវិទ្យាល័យ​នានា រួមទាំង​សហគមន៍​តាម​មូលដ្ឋាន ដែល​ផ្តល់​តម្លៃ​ដល់​ការស្វាគមន៍​ដល់​ពលរដ្ឋ​ដែល​មកពី​ជុំវិញ​ពិភពលោក ចូលក្នុង​សហគមន៍​របស់​ពួកគេ និង​អ្នក​ដែល​ទទួលយក​និស្សិត​និង​អ្នកស្រាវជ្រាវ​អន្តរជាតិ ឲ្យ​រស់នៅ​ជាមួយ​ពួកគេ​»​។​
 
​បើទោះបីជា​និស្សិត​ខ្លះ​មានការ​ស្ទាក់ស្ទើរ​ក្នុងការ​មក​សិក្សា​នៅ​សហរដ្ឋអាមេរិក ដោយសារតែ​វោហា​សព្ទ​នយោបាយ​ប្រឆាំងនឹង​ជន​អន្តោ​ប្រវេ​សន្ត៍​ក៏ដោយ ក៏​និស្សិត​ដ៏​ទៃ​ខ្លះទៀត​នៅតែ​ចង់​មក​សិក្សា​នៅ​សហរដ្ឋអាមេរិក​។​
 
​លោក Santiago Lopez Alvarez បានជ្រើសរើស​យក​សាក​ល​វិទ្យាល័យ Rice University នៅ​រដ្ឋ Texas ដើម្បី​បន្ត​ការសិក្សា​ថ្នាក់​ក្រោយ​ឧ​ត្ត​មសិ​ក្សា តាមរយៈ​កម្មវិធី​អាហារូបករណ៍ Fulbright ដោយសារតែ​សាកលវិទ្យាល័យ​នេះ​បាន​ទាក់ទង​មក​លោក​ផ្ទាល់​។ លោក​ថា បើសិនជា​សាកលវិទ្យាល័យ​មិន​ទាក់ទង​មក​លោក​ដោយផ្ទាល់​ទេ នោះ​លោក​នឹងមិន​ពិចារណា​កម្មវិធីសិក្សា​ថ្នាក់​ក្រោយ​ឧ​ត្ត​ម​សិក្សា​នៅ​រដ្ឋ Texas នេះ​ទេ​។​
 
​លោក​បាន​ប្រាប់ VOA នៅក្នុង​សប្តាហ៍​បើក​កម្មវិធីសិក្សា​នៅ​សាកលវិទ្យាល័យ Rice University ថា​៖ «​‍​ខ្ញុំ​មានការ​ស្ទាក់ស្ទើរ​ខ្លាំង​មែន​ទេ​។ ដំបូង​ឡើយ ខ្ញុំ​បាន​គិតថា ពលរដ្ឋ​នៅ​រដ្ឋ​នោះ ច្បាស់​ជាមាន​កាំភ្លើង​ជាប់​ខ្លួន ហើយ​រដ្ឋ Texas នេះ គឺជា​រដ្ឋ​ដែល​អភិរក្សនិយម​។ ក៏ប៉ុន្តែ ខ្ញុំ​ក៏​គិតថា វា​ល្អប្រសើរ​ដែល​ខ្ញុំ​បានមក​សិក្សា​នៅទីនេះ ដោយសារតែ​នៅក្នុង​ជីវិត​មនុស្ស​យើង ការរើសអើង និង​ការប្រកាន់​ពូជសាសន៍ មិន​ត្រូវបានគេទទួលស្គាល់​រហូត​នោះទេ​»​។​
 
​លោក Santiago Lopez Alvarez បានចាត់ទុក​ទីក្រុង Houston ថា ជាទី​កន្លែង​ដែល​ពោរពេញ​ដោយ​មនុស្ស​រួសរាយ​រាក់ទាក់ និង​ស្វាគមន៍​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com