អន្តរជាតិ
ប្រធាន​ធនាគារពិភពលោក ប្រកាស​លាលែង​ពី​តំណែង​
08, Jan 2019 , 4:32 pm        
រូបភាព
ដោយ:
​ប្រធាន​ធនាគារពិភពលោក លោក ជី​ម យ៉ុង​គីម (Jim Yong Kim) ដែល​ខ្វែងគំនិត​ជាមួយ​គោលនយោបាយ​ស្តីពី​បម្រែបម្រួល​អាកាសធាតុ​របស់​រដ្ឋបាល​លោក​ត្រាំ បានប្រកាស​នៅ​ថ្ងៃ​ចន្ទ​ទី​៧ មករា​ថា នឹង​ចុះ​ចេញពី​តំណែង​នា​ដើមខែ​កុម្ភៈ​។ អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ ការសម្រេចចិត្ត​នេះ​គឺធ្វើឡើង មុនពេល​បញ្ចប់​អាណត្តិ​លើក​ទី​ពីរ​របស់លោក ដែល​នៅសល់​ជាង​៣​ឆ្នាំ​ទៀត​ឯណោះ ពោលគឺ​នៅ​ឆ្នាំ​២០២២​។

 
​លោក ជី​ម យ៉ុង​គីម ត្រូវបានតែងតាំង​ជា​លើកដំបូង​ដោយ​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​ប៉ា​ម៉ា ក្នុង​ឆ្នាំ​២០១២ តាម​ការស្នើសុំ​របស់​អតីតរដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោកស្រី Hillary Clinton​។ ក្រោយមក លោក​គីម ត្រូវបានតែងតាំង​ជាថ្មី​ដោយ​លោក អូ​បា​ម៉ា ក្នុង​ឆ្នាំ​២០១៦ ដើម្បី​កាន់តំណែង​ក្នុង​អាណត្តិ​ទី​ពីរ  ដែលមាន​សុពលភាព​ដល់​ឆ្នាំ​២០២២​។
 
​យោងតាម​សេចក្តីថ្លែងការណ៍​របស់​ធនាគារពិភពលោក លោក ជី​ម វ័យ ៥៩​ឆ្នាំ បាន​បញ្ជាក់ថា នេះ​ពិតជា​កិត្តិយស​ដ៏​ធំធេង​បំផុត​សម្រាប់​លោក ដែល​បាន​កាន់តំណែង​ជា​ប្រធាន​ស្ថាប័ន​ដ៏​សំខាន់​មួយ​។ ពោរពេញ​ទៅដោយ​អារម្មណ៍​យ៉ាង​មុតមាំ លោក​បាន​ប្តេជ្ញា​បំពេញ​បេសកម្ម ក្នុង​គោលដៅ​ដើម្បី​បញ្ចប់​ភាពក្រីក្រ​ក្នុង​មួយជីវិត​របស់លោក​។  
 
​ក្រោយ​ចាក​ចេញពី​តំណែង​នេះ លោក គីម នឹងចូលរួម​ជាមួយ​ក្រុម​ហ៊ុន​មួយ ដែល​ផ្តោត​សំខាន់​លើ​ការជំរុញ​ការវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​។ នេះ​បើតាម​ការបញ្ជាក់​របស់​ធនាគារពិភពលោក ដោយ​ពុំបាន​ផ្តល់នូវ​ព័ត៌មាន​លម្អិត​លើ​តួនាទី​នេះឡើយ​។ លោកស្រី Kristalina Georgieva ដែល​បាន​ក្លាយជា​នាយក​ប្រតិបត្តិ​ធនាគារពិភពលោក ២០១៧ នឹង​ចូលកាន់​តំណែង​ជា​ប្រធានស្តីទី​នៃ​ធនាគារពិភពលោក​។ 
 
​យោងតាម​សេចក្តីថ្លែងការណ៍​ដដែល ធនាគារពិភពលោក បាន​បញ្ជាក់ថា ខ្លួន​នឹង​ចាប់ផ្តើម​ដំណើរការ​នៃ​ការតាំង​តែង​ប្រធាន​ថ្មី​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។ មែនទែនទៅ ការបោះឆ្នោត​ជ្រើសរើស​ប្រធាន​ធនាគារពិភពលោក ត្រូវធ្វើឡើង​នៅក្នុង​ដំណើរការ​ជា​ផ្លូវការ​មួយ ដែល​បណ្តា​រដ្ឋ​សមាជិក​មាន​ចំណែក​បោះឆ្នោត​ខុសៗ​គ្នា​។ ប៉ុន្តែ​សហរដ្ឋអាមេរិក ដែលមាន​ចំណែក​បោះឆ្នោត​ធំជាងគេ ប្រមាណ​១៦​ភាគរយ​នៃ​សំឡេងឆ្នោត​សរុប មាន​ឥទ្ធិពល​ខ្លាំង​ទៅលើ​ការសម្រេចចិត្ត​នេះ​។ ជា​ប្រពៃណី តំណែង​នេះ ត្រូវ​ជ្រើសរើស​ដោយ​អាមេរិក និង​ភាគច្រើន​ជា​ជនជាតិ​អាមេរិក​។​
 
​ទាក់ទិន​នឹង​កា​រស​ម្រ​ច​ចិត្ត​លាលែង​ពី​តំណែង​នេះ គេ​សង្ស័យថា ក៏​ព្រោះតែ​គោលជំហរ​របស់លោក​គីម ពាក់ព័ន្ធ​នឹង​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​។ បើទោះបី​លោក ជី​ម បាន​ពុំមាន​ការប៉ះទង្គិច​ជា​សាធារណៈ​ណាមួយ​ជាមួយ​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក៏ដោយ​ក្តី ប៉ុន្តែ​គោលនយោបាយ​របស់លោក​ហាក់បី​មាន​ភាព​ច​ម្រូ​ស​ចម្រាស ជាមួយនឹង​គោលនយោបាយ​ទប់ទល់​ទៅនឹង​បម្រែបម្រួល​អាកាសធាតុ​របស់លោក ត្រាំ ។​
 
​តួយ៉ាង ក្រោម​ការដឹកនាំ​របស់​លោក​គីម ធនាគារពិភពលោក បាន​ជំរុញ​ការផ្តល់​ហិរញ្ញវត្ថុ​លើ​គម្រោង​ថាមពលបៃតង និង​បានបញ្ចប់​ការគាំទ្រ​របស់ខ្លួន​លើ​គម្រោង​ថាមពល​ធ្យូងថ្ម​នានា ដែល​ផ្ទុយទៅនឹង​ការសន្យា​របស់លោក​ត្រាំ ក្នុងការ​សង្គ្រោះ​ឧស្សាហកម្ម​ធ្យូងថ្ម​អាមេរិក​ឡើងវិញ​នោះ​។ កាលពី​ខែ​មុន ធនាគារពិភពលោក ក៏បាន​ប្រកាសថា ខ្លួន​នឹង​វិនិយោគ​ប្រាក់​ប្រមាណ​២០០​ពាន់​លាន​ដុល្លារ ក្នុង​គោលដៅ​ប្រយុទ្ធប្រឆាំង​ទៅនឹង​បម្រែបម្រួល​អាកាសធាតុ ដែលមាន​រយៈពេល​៥​ឆ្នាំ​ថែម​ទៀតផង​។ 
 
​មួយវិញទៀត ក្នុង​ខែមេសា ឆ្នាំ​២០១៨ លោក ជី​ម បាន​រង​សម្ពាធ​យ៉ាងខ្លាំង​ពី​រដ្ឋបាល​លោក ត្រាំ ជុំវិញ​ការផ្តល់​កម្ចី​ទៅកាន់​ប្រទេស​ចិន​។ ក្រោយមក ធនាគារពិភពលោក​បាន​យល់ព្រម​ផ្លាស់ប្តូរ​រចនាសម្ព័ន្ធ​ផ្តល់​កម្ចី​របស់ខ្លួន ក្នុង​គោលបំណង​ទទួល​មូលធន​បន្ថែម​ពី​សហរដ្ឋអាមេរិក ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​១៣​ពាន់​លាន​ដុល្លារ​។ ក្រោម​លក្ខណៈ​ថ្មី​ដែល​ធនាគារពិភពលោក​បានកំណត់​នោះ គេ​យល់ឃើញថា ចិន​នឹង​មិនអាច​ទទួលបាន​ប្រាក់កម្ចី​ទៀតឡើយ​ពី​ធនាគារពិភពលោក​។ 
 
​កើត​នៅ​រដ្ឋធានី​សេ​អ៊ូ​ល កូរ៉េខាងត្បូង ក្នុង​ឆ្នាំ​១៩៥៩ លោក ជី​ម យ៉ូ​ង​គីម បានធ្វើ​អន្តោប្រវេសន៍​ជាមួយ​គ្រួសារ​លោក​ទៅកាន់​សហរដ្ឋអាមេរិក នៅ​អាយុ​៥​ឆ្នាំ​។ លោក គីម បានបញ្ចប់​ការសិក្សា​ថ្នាក់អនុបណ្ឌិត​នៅ​សាលា​វិ​ជ្ជ​សាស្ត្រ Harvard ក្នុង​ឆ្នាំ​១៩៩១ និង​ថ្នាក់បណ្ឌិត​ផ្នែក​នរវិទ្យា​នៅ​សកលវិទ្យា​ល័យ Harvard ក្នុង​ឆ្នាំ​១៩៩៣​។ 
 
​ក្រោយមក​លោក​គីម​បាន​ចំណាយពេល​ជាច្រើន ធ្វើជា​សាស្ត្រាចារ្យ​នៅ​សាលា​វិ​ជ្ជ​សាស្ត្រ Harvard និង​បាន​កាន់តំណែង​ជានា​យក​សកល​វិទ្យាល័យ Dartmouth ពី​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១២ មុននឹង​ក្លាយ​ប្រធាន​ធនាគារពិភពលោក​។ លោក គីម បាន​ជាប់​ចំណាត់ថ្នាក់​ទី​៤១ នៅក្នុង​បញ្ជី​មនុស្ស​មាន​ឥទ្ធិពល​របស់​ទស្សនា​វ​ដ្តី Forbes ក្នុង​ឆ្នាំ​២០១៨​ថែម​ទៀតផង​៕
 

Tag:
 ធនាគារពិភពលោក​
  រដ្ឋបាល​លោក​ត្រាំ​
  ការប្រែប្រួល​អាកាសធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com