អន្តរជាតិ
ចិនទិញសណ្តែកសៀងអាមេរិកបន្ថែម ខណៈការចរចាពាណិជ្ជកម្មកំពុងធ្វើនៅប៉េកាំង
× ក្រុមហ៊ុនចិន បានសម្រេចទិញសណ្តែកសៀងពីអាមេរិកក្នុងបរិមាណដ៏ច្រើនបន្ថែមទៀត ស្របពេលដែលជំនួបរវាងមន្ត្រីអាមេរិក និងចិន ធ្វើឡើងក្នុងទីក្រុងប៉េកាំង។ នេជាជំនួបទល់មុខលើកទីមួយ គិតចាប់ពីមេដឹកនាំនៃប្រទេសទាំងពីរបានយល់ព្រមបង្កើតបទឈប់បាញ់ក្នុងសង្គ្រាមពាណិជ្ជកម្ម កាលពីដើមខែធ្នូកន្លងទៅ។
នៅថ្ងៃចន្ទទី៧ ខែមករា ក្រុមហ៊ុននាំចូលដ៏ធំរបស់រដ្ឋចិនឈ្មោះថា Sinograin បានសម្រេចបញ្ជាទិញ សណ្តែកសៀងយ៉ាងហោចណាស់ ២០កប៉ាល់ដឹកទំនិញ ដែលស្មើនឹង១,៣លានតោន ទៅ ១,៥លានតោន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg ។
ការសម្រេចបញ្ជាទិញថ្មីនេះធ្វើឡើង ខណៈមន្ត្រីចិន និងអាមេរិកបានចាប់ផ្តើមការចរចាពាណិជ្ជកម្មកាលពីថ្ងៃចន្ទ ដោយសង្ឃឹមថា អាចឈានដល់កិច្ចព្រមព្រៀងមួយ អំឡុងបទឈប់បាញ់៩០ថ្ងៃក្នុងសង្គ្រាមពាណិជ្ជកម្ម។ ជុំវិញរឿងនេះ រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហាញសុទិដ្ឋិនិយមថា ខ្លួនអាចឈានដល់ការបង្កើតកិច្ចព្រមព្រៀងយុត្តិធម៌មួយ ក្នុងជំនួបទល់មុខជាមួយភាគីចិននេះ។
កាលពីចុងឆ្នាំ២០១៨ ចិនបានសម្រេចបញ្ជាទិញសណ្តែកសៀងប្រមាណ ១,២លានតោន។ ហើយទំនិញនេះនឹងត្រូវដឹកជញ្ជូនទៅកាន់ប្រទេសចិន នាថ្ងៃ៣១ ខែសីហាខាងមុខ។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្មអាមេរិក។ គេយល់ឃើញថា ចិនប្រហែលត្រូវរង់ចាំរហូតដល់ជំនួបពាណិជ្ជកម្មក្នុងសប្តាហ៍នេះបញ្ចប់សិន មុននឹងសម្រេចចិត្តលើការទិញផលិតផលកសិកម្មពីអាមេរិកបន្ថែមទៀត រួមមាន ពោត និងផ្លែស្តៅជាដើម។
មែនទែនទៅ ការបញ្ជាទិញសណ្តែកសៀង ជាផ្នែកមួយនៃបទឈប់បាញ់ក្នុងសង្គ្រាមពាណិជ្ជកម្ម រវាងអាមេរិកនិងចិន។ តួយ៉ាង ចិនមានគោលបំណងទិញសណ្តែកសៀងយ៉ាងហោចណាស់៥លានតោន ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀង។ ហើយការបញ្ជាទិញរបស់ចិន នាពេលបច្ចុប្បន្ននេះ ទំនងជាកៀកទៅនឹងចំនួនកំណត់ ឬលើសផងក៏មិនដឹង។
រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក លោក Wilbur Ross បានប្រាប់សារព័ត៌មានក្នុងស្រុកអាមេរិក CNBC នៅថ្ងៃទី៧ ខែមករា ថា៖ «នេះជាឱកាសល្អបំផុតមួយ ដែលយើងអាចទទួលបានដំណោះស្រាយយ៉ាងយុត្តិធម៌ពីចិន ដែលភាគីទាំងសងខាងអាចទទួលយកបាន។ កិច្ចព្រមព្រៀងនេះ អាចរាប់បញ្ចូលដូចជា ការទិញពីបន្ថែមរបស់ចិនលើសណ្តែកសៀង និងឧស្ម័នធម្មជាតិអាមេរិក។ ហើយចិនក៏បានយល់ព្រមធ្វើកំណែទម្រង់រចនាសម្ព័ន្ធឲ្យស៊ីជម្រៅលើបញ្ហាមួយចំនួន រួមមាន ការពារកម្មសិទ្ធិបញ្ញា និងបើកចំហទីផ្សារចិនកាន់តែធំទូលាយជាដើម»៕
Tag:
ចិន
សង្គ្រាមពាណិជ្ជកម្ម
សហរដ្ឋអាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com