សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ត្រី​ធូ​ណា​ក្រហម​មួយ​ក្បាល​នៅ​ជប៉ុន លក់បាន​តម្លៃ​៣,១​លាន​ដុល្លារ​
08, Jan 2019 , 9:39 pm        
រូបភាព
ដោយ: ធីតា
​លោក Kiyoshi Kimura ដែលជា​ម្ចាស់​ភោជនីយដ្ឋាន​ស៊ូ​ស៊ី​ដ៏​ធំ​នៅ​ជប៉ុន បាន​ក្លាយជា​ម្ចាស់​កម្មសិទ្ធិ​ត្រី​ធូ​ណា​ក្រហម​ទម្ងន់​២៧៨​គីឡូក្រាម​មួយ​ក្បាល បន្ទាប់​គាត់​ហ៊ាន​ឲ្យ​ថ្លៃ​ដល់​ទៅ​៣៣៣,៦​លាន​យេន (៣,១​លាន​ដុល្លារ​អាមេរិក​) ក្នុងការ​ដេញថ្លៃ​មួយ​កាលពី​ចុង​សប្តាហ៍​កន្លងមក​។​

 
​លោក Kimura ដែលមាន​រហស្សនាម​ថា «Tuna King» (​ស្តេច​ត្រី​ធូ​ណា​) បាន​ចំណាយលុយ​ជា​កំណត់ត្រា​ក្នុងការ​ទិញយក​ត្រី​ធូ​ណា​ក្រហម នា​ការដាក់​ឲ្យ​ដេញថ្លៃ​នៅ​ផ្សារ​ត្រី Toyosu ក្នុង​ក្រុង​តូ​ក្យូ​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន NHK របស់​ជប៉ុន​។​
 
​ការទិញ​បាន​ក្នុងតម្លៃ ៣,១​លាន​ដុល្លារ​អាមេរិក​នា​ដើមឆ្នាំ​២០១៩​នេះ ជាការ​បំបែក​កំណត់ត្រា​ខ្លួនឯង​ផ្ទាល់​សម្រាប់​លោក Kimura ដោយ​កាលពីដើមឆ្នាំ​២០១៣ ស្តេច​ត្រី​ធូ​ណា​រូបនេះ ធ្លាប់បាន​ចំណាយ​អស់​ជាង​១,៤​លាន​រួចហើយ​។ នៅ​ឆ្នាំ​២០១៧ លោក​ក៏បាន​ចំណាយ​ជាង​៦​សែន​ដុល្លារ​ទិញ​ត្រី​ធូ​ណា Bluefin ផងដែរ​។​


 
NHK បាន​ផ្សាយ​ឲ្យ​ដឹងថា ត្រី​ដែលមាន​តម្លៃ​មហាសាល​នោះ ត្រូវ​នេសាទ​បាន​នៅ​តំបន់ Aomori​។ លោក Kimura បាន​លើកឡើងថា ត្រី​ធូ​ណា​មាន​រសជាតិ​ឆ្ងាញ់ ប៉ុន្តែ​លោក​ក៏​ទទួលស្គាល់ថា ខ្លួន​ក៏​ហាក់ដូចជា​ចំណាយលុយ​ច្រើន​ដើម្បី​ទិញ​វា​ផងដែរ​។​
 
​អង្គការ​អភិរក្ស​សត្វ សុទ្ធតែ​បានបង្ហាញ​ពី​ក្តីបារម្ភ​ទាក់ទង​នឹង​ការបាត់បង់​ពូជ​ត្រី​ធូ​ណា​ក្រហម​នេះ ដោយសារតែ​មនុស្ស​ព្យាយាម​ស្វែងរក​វា​ដើម្បី​យក​លក់​ក្នុងតម្លៃ​ដ៏​ថ្លៃ ហើយ​វា​ក៏​ត្រូវបាន​ចាត់បញ្ចូល​ជា​ប្រភេទ​សត្វ​កម្រ​ផងដែរ​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ រដ្ឋាភិបាល​ជប៉ុន បានបង្ហាញ​ពី​ការប្តេជ្ញា​ខ្លួន​ក្នុងការ​ពង្រីក​ស្តុក​ត្រី​ធូ​ណា​ដ៏​កម្រ ដោយ​ដាក់​គោលដៅ​ក្នុង​កំណើន​ឲ្យ​បាន​ដល់​២០​ភាគរយ​នៅត្រឹម​ឆ្នាំ​២០៣៤ ៕
 

Tag:
 ​ត្រី​ធូ​ណា​ក្រហម​
  ត្រី​
© រក្សាសិទ្ធិដោយ thmeythmey.com