ជាតិ
សេដ្ឋកិច្ច
កម្ពុជាគ្មានជំងឺប៉េសអាហ្វ្រិកទេបច្ចុប្បន្ននេះ តែរដ្ឋមន្ត្រីស្នើឲ្យស្ថាប័នពាក់ព័ន្ធយកចិត្តទុកលើរឿងនេះ រូបពីហ្វេសប៊ុក
× ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន អះអាងថា ជំងឺប៉េសអាហ្វ្រិក(African Swine Fever, ASF) ដែលកំពុងរាលដាលនៅចិន មិនបានឆ្លងមកកម្ពុជានោះទេសព្វថ្ងៃនេះ។ ទោះយ៉ាងណាលោក វេង សាខុន ស្នើឲ្យស្ថាប័នពាក់ព័ន្ធ ពិសេសអង្គភាពដែលឈរនៅច្រកព្រំដែន ត្រូវយកចិត្តទុកដាក់ខ្ពស់លើរឿងនេះ ដើម្បីបញ្ចៀសការរាលដាលណាមួយនៃជំងឺនេះ មកលើកម្ពុជា។
សូមស្ដាប់កិច្ចសម្ភាសរវាងលោក ញ៉ុង ហេង នៃសារព័ត៌មានថ្មីៗ និងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមប្រព័ន្ធទូរសព្ទ ដូចតទៅនេះ៖
ជំងឺប៉េសអាហ្វ្រិក បានផ្ទុះឡើងនៅប្រទេសចិន។ តែអ្វីដែលកម្ពុជាត្រូវយកចិត្តទុកដាក់ខ្លាំងបំផុតគឺបើសិនណាជំងឺនេះឆ្លងមកប្រទេសជិតខាងកម្ពុជា ព្រោះសព្វថ្ងៃកម្ពុជាបន្តនាំចូលជ្រូករស់ពីគេ។ បើតាមលោក វេង សាខុន ជំងឺនេះមិនទាន់រាលដាលមកដល់ថៃ និងវៀតណាមនោះទេ តែលោកបញ្ជាក់ថាទោះយ៉ាង កម្ពុជាត្រូវតែប្រុងប្រយ័ត្ន។ មិនមែនតែជ្រូករស់ប៉ុណ្ណោះទេ តែផលិតផលសាច់ជ្រូកផ្សេងៗ មានសាច់ក្រក ជាអាទិ៍ ដែលអាចផ្ទុកមេរោគប៉េសអាហ្វ្រិកនេះ។
មែនទែន ក្រសួងកសិកម្ម ដែលជាស្ថាប័នគ្រប់គ្រងលើកិច្ចការផលិតកម្មសត្វ និងសុខភាពសត្វ មិនមានអង្គភាពផ្ទាល់ខ្លួនសម្រាប់ឈរជើងនៅច្រកព្រំដែននោះទេ ដែលកិច្ចការនេះត្រូវរំពឹងលើអង្គភាពគយ និងកាំកុងត្រូល ជាពិសេស។ ក្រសួងកសិកម្មបានដាក់លិខិតទៅស្ថាប័នពាក់ព័ន្ធ ដែលស្នើឲ្យយកចិត្តទុកដាក់តាមដានត្រួតពិនិត្យបញ្ហាជំងឺប៉េសអាហ្វ្រិកនេះ ដើម្បីបញ្ចៀសការឆ្លងចូលមកកម្ពុជា។ អ្វីដែលលោក វេង សាខុន សង្កត់ធ្ងន់នោះគឺ ច្រករបៀងតូចៗ ដែលងាយនឹងថ្លោះធ្លោយចំពោះការឆ្លងរាលដាលជំងឺប្រភេទនេះមកកម្ពុជា។
ជាមួយគ្នានេះដែរ លោក ម៉ុង ឫទ្ធី ដែលវិនិយោគក្រុមហ៊ុនចិញ្ចឹមជ្រូកដ៏ធំមួយនៅកម្ពុជា បានបង្ហាញយកចិត្តទុកដាក់លើជំងឺប៉េសអាហ្វ្រិកនេះ។ លោក បានសរសេរនៅលើទំព័រហ្វេសប៊ុក ដោយយោងប្រភពព័ត៌មានពីប្រទេសចិនថា ជ្រូករាប់ម៉ឺនក្បាលត្រូវបានដុតកម្ទេច និងកប់ចោល ដោយសារមានជំងឺឆ្លងដ៏កាចសាហាវនេះ។ លោកបានអំពាវនាវដូច្នេះថា៖«អាស្រ័យហេតុនេះ បងប្អូនកសិករដែលប្រកបរបរចិញ្ចឹមជ្រូកខ្នាតតូច មធ្យម និងខ្នាតធំនៅកម្ពុជាទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នលើជីវភាព សុវត្ថិភាព កុំធ្វេសប្រហែសឲ្យសោះ តែបើមានជំងឺឆ្លងណាក៏ដោយចូលទៅក្នុងកសិកដ្ឋានរបស់បងប្អូន សូមមេត្តាអនុវត្តដូចរូបភាពនេះដើម្បីកុំឲ្យមានគ្រោះថ្នាក់ដល់អ្នកបរិភោគ»។ លោក ម៉ុង ឫទ្ធី បានសរសេរដូចនេះ ដោយភ្ជាប់ជាមួយរូបភាព និងវីឌីអូ ដែលគេកប់ជ្រូកដែលឆ្លងជំងឺប៉េសអាព្រិចចោលទាំងរស់នៅប្រទេសចិន៕
Tag:
ជ្រូក
ប៉េសអាព្រិច
ASF
វេង សាខុន
© រក្សាសិទ្ធិដោយ thmeythmey.com