ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នក​ដាំ​អំពៅ ថា មិន​ខ្វល់​រឿង​អត់​ទីផ្សារ ឲ្យ​តែមាន​អំពៅ​ផ្គត់ផ្គង់​ឲ្យ​គេ​
08, Jan 2019 , 6:11 pm        
រូបភាព
រូបភាពពីទំព័រហ្វេសប៊ុកផ្សារអំពៅផ្អែម
រូបភាពពីទំព័រហ្វេសប៊ុកផ្សារអំពៅផ្អែម
​កណ្ដាល​៖ អំពៅ​ជា​ដំណាំ​ក្នុងស្រុក​មួយ​ប្រភេទ ដែល​ប្រជាកសិករ​នៅតាម​ខេត្ត​មួយចំនួន នាំគ្នា​ដាំ​ខួប​ប្រាំង ខួប​វស្សា និង​ក្លាយជា​ដំណាំ​ប្រចាំ​គ្រួសារ​តាម​តំបន់​មួយចំនួន​ផងដែរ​។ អំពៅ​មាន​ច្រើន​ប្រភេទ ប៉ុន្តែ​គេ​និយម​ដាំ​តែ​អំពៅស្ករ (​អំពៅ​កៀប​យក​ទឹក​ពិសា​) និង​អំពៅកែវ​ទឹកឃ្មុំ​ប៉ុណ្ណោះ​។ ដោយឡែក​ទិន្នផល​ដែល​ទទួលបាន​វិញ មិនជា​ជួប​បញ្ហា​តម្លៃនៅលើទីផ្សារ​ដូច​ដំណាំ​ផ្សេងៗ​មួយចំនួន​ឡើយ​។ ប្រជាកសិករ​ដាំ​អំពៅ បាន​អះអាងថា ពួកគេ​មិន​ខ្លាច​ថា គ្មាន​ឈ្មួញកណ្តាល​មក​ទិញ​អំពៅ​ឡើយ មានតែ​ខ្លាច​ថា​គ្មាន​អំពៅ​លក់​ឲ្យ​គេ​វិញ​។


 
​អ្នកស្រី អ៊ីង សុផាន ជា​ម្ចាស់​ចម្ការ​អំពៅ​បី​កន្លែង ដែល​សរុប​ជិត ២០​ម៉ឺន​គុម្ព ក្នុងស្រុក​ស្អាង ខេត្តកណ្ដាល​។ បើតាម​ស្ត្រី​វ័យ​ជិត​៦០​ឆ្នាំ​រូបនេះ    ជាទូទៅ​អំពៅ​អាច​ដាំ​បាន​២​ដង​ក្នុង​មួយឆ្នាំ គឺ​អំពៅ​វស្សា និង​អំពៅ​ប្រាំង ដោយ​អំពៅ​វស្សា​មានតម្លៃ​ទាប​ជាង​អំពៅ​ប្រាំង​។ អ្នកស្រី សុផាន អះអាងថា ការលក់​អំពៅ​ប្រាំង​ក្នុង​ឆ្នាំ​២០១៨ និង​ដើមឆ្នាំ​២០១៩ នេះ បាន​ថ្លៃ​ជាង​ឆ្នាំមុនៗ​។​
 
​អ្នកស្រី​មានប្រសាសន៍​ដូច្នេះ​ថា​៖«​អំពៅ​ប្រាំង​ថ្មីៗ​នេះ ខ្ញុំ​លក់បាន​ថ្លៃ​ខ្ពស់ជាង​រាល់​ឆ្នាំ​។ ដោយ​អំពៅ​មួយ​គុម្ព មានតម្លៃ​ជា​មធ្យម​ចន្លោះ ពី​៣០០០ ទៅ​៤០០០​រៀល ដែល​អាស្រ័យទៅលើ​អំពៅ​ល្អ ឬ​មិនល្អ និង​ផ្អែម​ដែរ​អត់​»​។ 
 
​ស្ត្រី​ដែលមាន​បទពិសោធន៍ ដាំ​អំពៅ​ជាង​៣០​ឆ្នាំ​រូបនេះ បាន​បន្តថា  អំពៅ​ជា​ដំណាំ​ដាំ​ដុះ​ប្រចាំ​គ្រួសារ​របស់គាត់ ក៏ដូចជា​គ្រួសារ​មួយចំនួនធំ​ក្នុងភូមិ​ផងដែរ​។  គ្រួសារ​អ្នកស្រី សុផាន ជ្រើសរើស​ដាំ​អំពៅ ព្រោះ​វា​មាន​ទីផ្សារ​ល្អ ដែល​ម្ចាស់​ចម្ការ​ជា​អ្នកកំណត់ និង​មិន​បារម្ភ​ថា​គ្មាន​អ្នកទិញ​ដូច​ដំ​ណាមួយ​ចំនួន​ផ្សេងទៀត​នោះទេ​។ ទោះបីថា​អំពៅ​មិនសូវ​ល្អ មាន​ដង្កូវ​ស៊ី​ច្រើន ថ្នាំង​ធំៗ និង​ស្ពោត  ក៏​លក់បាន​តម្លៃ​គួរសម​ដែរ​។ 
 
​អ្នកស្រី អ៊ី​ន សុផាន បាន​អះអាងថា​ទៀតថា​៖«​ថែរក្សា​អំពៅ​យើង​ឲ្យ​តែ​ល្អ​ទៅ មិន​ខ្វះ​អ្នកទិញ​ទេ បើ​ថៅកែ​អំពៅ​ក្នុងស្រុក​មិន​ហ៊ាន​ទិញ ក៏មាន​អ្នកស្រុក​ផ្សេង​មក​ទិញ​ដែរ​»​។ 
​រីឯ​លោក សុខ ចាន់ ដែលជា​ម្ចាស់​ចម្ការ​អំពៅ​ក្នុងស្រុក​ស្អាង ខេត្តកណ្ដាល​ដែរនោះ ក៏​បង្ហាញ​ពី​ភាព​វិជ្ជមាន​ចំពោះ​ទីផ្សារ​អំពៅ​នេះដែរ​។ ទោះយ៉ាងណា​លោក​ដាំ​តែ​អំពៅ​ប្រាំង​ទេ ដោយ​ទុក​ដី​ឲ្យ​ទំនេរ​ខ្លះ​ដើម្បី​កុំ​ឲ្យ​ខ្សោះ​ដី​ពេក​។ លោក​ប្រាប់ថា ជាទូទៅ​អំពៅ​ប្រាំង គេ​និយម​ដាំ​ក្នុង​រយៈពេល​ខែឧសភា​-​មិថុនា  និង​ខែ​ប្រមូល​ផល ឬ​អំពៅ​ពេញ​កាប់​ក្នុង​ខែធ្នូ​។
 
​ម្ចាស់​ចម្ការ​អំពៅ​ប្រមាណ ៦០០០​គុម្ព​រូបនេះ បាន​អះអាង​ដូច្នេះ​ថា​៖«​ក្នុង​មួយឆ្នាំៗ អំពៅ​មួយ​ចម្ការ​នេះ លក់​ឲ្យ​ឈ្មួញ​បាន​ពី​១២​លាន​រៀល ទៅ​១៥​លាន​រៀល​។ ដោយឡែក​ឆ្នាំនេះ​ឈ្មួញ​ហ៊ាន​ឲ្យ​ថ្លៃ​ជិត​២០​លាន​រៀល​។ ការ​ហ៊ាន​ឲ្យ​ថ្លៃ​ខ្ពស់​បែបនេះ ប្រហែល​មកពី​ខេត្ត​ផ្សេងៗ មិនសូវ​សម្បូរ និង​មិនសូវមាន​រសជាតិ​ឆ្ងាញ់​ដូច​អំពៅ​ក្នុងស្រុក​របស់ខ្ញុំ​។ ម្យ៉ាងវិញទៀត អំពៅ​របស់ខ្ញុំ​ឆ្នាំ​២០១៨​នេះ ក៏​ល្អ​ជាង​រាល់​ឆ្នាំ​ផងដែរ ទើប​គេ​ហ៊ានថ្លៃ​ដូច្នេះ​»​។ 
 
​លោក សុខ ចាន់ មាន​ផែនការ​ពង្រីក​ការដាំ​អំពៅ​នៅ​កន្លែង​ផ្សេងទៀត ដោយ​យល់ឃើញថា អំពៅ​មាន​ទីផ្សារ​ល្អ​ជាង​ដំណាំ​ផ្សេង ដែល​លោក​បានទទួល​អត្ថប្រយោជន៍​កន្លងមក​។  
​លោក សុខ ចាន់ បាន​អះអាងថា​៖«​ខ្ញុំ​ដាំ​អំពៅ គឺ​ស្រួល​ជាង​ដាំ​ដំ​ណា​ផ្សេងៗ ដោយ​មិនបាច់​ខ្វល់​ថា ពេល​អំពៅ​បាន​ផល​ត្រូវ​លក់​ឲ្យ​នរណា  តម្លៃ​ដែល​ទទួលបាន​ឆ្លើយតប​នឹង​ថ្លៃដើម​ឬ​អត់​នោះទេ​? អ្វីដែល​ខ្ញុំ​ត្រូវ​ខ្វល់​នោះ ត្រូវ​ថែរក្សា​អំពៅ​ឲ្យ​បានល្អ​សម្រាប់​លក់​ទៅបាន​ហើយ​។ និយាយ​តម្លៃ​វិញ​គឺកំណត់​ទៅលើ​ខ្ញុំ​ដែលជា​ម្ចាស់​ចម្ការ ហើយ​ថៅកែ​នឹង​ហ៊ាន​ឲ្យ​ថ្លៃ​សមរម្យ​ទៅនឹង​អំពៅ​យើង ឬ​លើសពីនេះ ករណី​ដែល​អំពៅ​មិនសូវ​សម្បូរ​»​។​
 
​ដោយឡែក​ឈ្មួញ​ប្រមូល​ទិញ​អំពៅ​ពី​កសិករ អ្នកស្រី អ៊ូ សុភ​ណ្ឌ ក៏​លើកឡើង​មិន​ខុសពី​ម្ចាស់​ចម្ការ​អំពៅ​ទាំងពីរ​ខាងលើ​នោះទេ​។ អ្នកស្រី​ថា អំពៅ​ឆ្នាំនេះ​ថ្លៃ​ជាង​រាល់​ឆ្នាំ​។ អ្នកស្រី​ជា​អ្នកប្រមូល​ទិញ​អំពៅ​ពី​ខេត្តកំពង់ស្ពឺ កំពង់ចាម និង​ខេត្តកណ្ដាល​។​
 
​អ្នកស្រី សុភ​ណ្ឌ និយាយ​ដូច្នេះ​ថា​៖«​មូលហេតុ​ដែល​អំពៅ​ថ្លៃ​ជាង​រាល់​ឆ្នាំ អាច​បណ្តាលមកពី​តម្រូវការ​ច្រើន​។ ពិសេស​អ្នកទីក្រុង​បច្ចុប្បន្ន​គេ​និយម​ពិសារ​ទឹកអំពៅ​ដែលជា​របស់​ធម្មជាតិ​។ ម្យ៉ាងវិញទៀត អាចមកពី​អ្នក​ដាំ​មាន​ចំនួន​តិច​ទៅៗ ដោយសារ​មាន​ម្ចាស់​ចម្ការ​អំពៅ​មួយចំនួន ងាក​ទៅ​ដាំ​ស្វាយ ទើប​ធ្វើ​ឲ្យ​តម្លៃ​អំពៅ​កើន​ជាប្រចាំ ពិសេស​អំពៅ​ប្រាំង​តែម្តង​»​។
 
​ឈ្មួញ​អំពៅ​ជិត​ដែល​ធ្វើ​អាជីវកម្ម​ជិត​១០​ឆ្នាំ​រូបនេះ បាន​បន្តថា អ្នកស្រី​ហ៊ាន​ទិញ​អំពៅ​ក្នុងតម្លៃ​ថ្លៃ ដោយ​អាស្រ័យ​លើ​តម្រូវការ​ទីផ្សារ​។ ស្ត្រី​រូបនេះ បាន​អះអាងថា ក្នុង​រយៈពេល ដែល​អ្នក​ស្ត្រី​រកស៊ី​ទិញ​អំពៅ មិន​ដែលថា​អំពៅ​នៅជាប់​គាំ​ក្នុង​ចម្ការ ឬ​ទុកចោល​ឡើយ ពោលគឺ​មានតែ​ផ្គត់ផ្គង់​ឲ្យ​គេ​មិនទាន់​ទៅវិញ​។ ក្រៅពី​ដើរ​ប្រមូល​ទិញ​ពី​កសិករ ស្ត្រី​រូបនេះ​ក៏មាន​ចម្ការ​អំពៅ​ផ្ទាល់ខ្លួន​បួន​ប្រាំ​កន្លែង ក្នុងស្រុក​កោះធំ និង​ស្រុក​ស្អាង ខេត្តកណ្តាល​ផងដែរ​៕ 

Tag:
 បទ​យកការណ៍​
  កសិករ​
  អំពៅ​
  ទីផ្សារ​
  កណ្តាល​
© រក្សាសិទ្ធិដោយ thmeythmey.com