ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ជួយចែករំលែក! ចង់បានសក់កាន់តែស្រស់ស្អាតរឹងមាំ ចូរបន្ថែមរបស់ទាំងនេះក្នុងសាប៊ូ
× មនុស្សសឹងតែគ្រប់គ្នាចង់បានសក់ស្រស់ស្អាតក្រាស់ទន់រលោងរឹងមាំ ដូច្នេះហើយទើបផលិតផលថែរក្សាសក់ជាច្រើនរួមបញ្ចូលទាំងសាប៊ូកក់សក់ និងក្រែមបន្ទន់សក់ត្រូវបង្កើតឡើង។ ទោះជាយ៉ាងណា តើអ្នកធ្លាប់ដឹងទេថាមានគ្រឿងផ្សំមួយចំនួនអាចបន្ថែមចូលក្នុងសាប៊ូកក់សក់ ដើម្បីបង្កើនប្រសិទ្ធិភាពជួយឱ្យស្រស់មានពន្លឺស្រស់ស្អាត ហើយរឹងមាំ?
ខាងក្រោមនេះយើង នឹងបង្ហាញឱ្យដឹងពីគ្រឿងផ្សំដែលអ្នកគួរបន្ថែមក្នុងសាប៊ូកក់សក់ដើម្បីបង្កើនសុខភាពសក់ល្អប្រសើរ ៖
១. ប្រេងអូលីវ
ប្រេងនេះប្រសើរណាស់ចំពោះសុខភាពសក់ និងស្បែកក្បាល។ ចូរចាក់សាប៊ូកក់សក់ ១ ពែងក្នុងដបទទេស្អាតមួយ។ សម្រាប់អ្នកដែលមានសក់ធម្មតា ចូរបន្ថែមប្រេងអូលីវ ២ ស្លាបព្រាបាយ។ ខណៈដែលអ្នកមានសក់ប្រេង បន្ថែមប្រេងអូលីវតែ ១ ស្លាបព្រាបាយបានហើយ។ ចំពោះអ្នកដែលមានសក់ស្ងួតវិញ ចូរប្រើប្រាស់ប្រេងចំនួន ១ ភាគ ៤ នៃពែង។ បិទគម្របដប រួមចាប់ផ្ដើមក្រឡុកល្បាយ។ នៅមុនពេលប្រើ អ្នកត្រូវក្រឡុកដបសាប៊ូថ្នមៗសិន។ ប្រើប្រាស់ល្បាយសាប៊ូនេះដូចនឹងសាប៊ូកក់សក់ធម្មតារបស់អ្នក។
២. ទឹកក្រូចឆ្មារ
ប្រសិនបើអ្នកមានបញ្ហាអង្កែស្បែកក្បាល ការបន្ថែមទឹកក្រូចឆ្មារក្នុងសាប៊ូកក់សក់ជារូបមន្តបែបធម្មជាតិដ៏ប្រសើរបំផុតមួយដោះស្រាយបញ្ហានេះ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបន្ថែមទឹកក្រូចឆ្មារចំនួន កន្លះស្លាបព្រាកាហ្វេសម្រាប់រៀងរាល់សាប៊ូកក់សក់ចំនួន ២ ស្លាបព្រាបាយ។
៣. ស្ករស
ការបន្ថែមស្ករសក្នុងសាប៊ូកក់សក់ជារូបមន្តដ៏មានឥទ្ធិពលបំផុតមួយជួយសម្អាតសក់ និងស្បែកក្បាល។ ត្រឹម ១ ស្លាបព្រាកាហ្វេនៃស្ករសក្នុងសាប៊ូកក់សក់អាចខាត់ស្បែកក្បាល និងផ្ដល់ឱ្យសក់នូវភាពជ្រះស្អាតមានពន្លឺ។ ស្ករសក៏ជួយកម្ចាត់កោសិកាងាប់ៗចេញពីស្បែកក្បាលផងដែរ។ ក្រោយប្រើសាប៊ូលាយស្ករស អ្នកគួរប្រើប្រាស់ក្រែមបន្ទន់សក់ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ។
៤. ទឹកឃ្មុំ
ចូរបន្ថែមទឹកឃ្មុំធម្មជាតិចំនួន កន្លះស្លាបព្រាកាហ្វេ សម្រាប់រាល់សាប៊ូកក់សក់ចំនួន ២ ស្លាបព្រាបាយ។ ល្បាយសាប៊ូនេះនឹងផ្ដល់ឱ្យសក់នូវភាពរស់រវើកមានសំណើម និងពន្លឺ។
អ្នកអាចប្រើប្រាស់គ្រឿងផ្សំណាមួយក៏បានខាងលើដើម្បីបញ្ឈប់សក់ជ្រុះ និងបង្កើនទម្ងន់នៃសក់, ពន្លឺ, ភាពរស់រវើករលោង ក៏ដូចជាសុខភាពរឹងមាំ។ វិធីប្រើ គឺងាយណាស់ គ្រាន់តែបន្ថែមគ្រឿងផ្សំណាមួយក្នុងសាប៊ូ រួចក្រឡុក ហើយកក់សក់ និងលាងសម្អាតដូចពេលធម្មតា៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com