ជាតិ
២៥ខេត្ត/រាជធានី
​ដូនចាស់​វ័យ​៨២​ឆ្នាំ ប្រឹង​លក់​បន្លែ​ដើម្បី​សន្សំ​លុយ​ធ្វើ​ចេតិយ​សម្រាប់​ខ្លួន និង​ស្វាមី​
09, Jan 2019 , 12:23 pm        
រូបភាព
កំពង់ចាម​៖ ក្នុង​វ័យ​៨២​ឆ្នាំ លោកយាយ មាស គឹម​សេង បន្ត​លក់​បន្លែ​តាមផ្លូវ​នៅមុខ​មន្ទីរ​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច ខេត្តកំពង់ចាម​។ ដោយសារតែ​កូនៗ​មិនសូវ​ធូរធា ហើយ​ស្វាមី​អាយុ​៨៣​ឆ្នាំ មើល​មិនសូវ​ច្បាស់ យាយ​សេង ប្រឹងប្រែង​ប្រកប​របរ​បន្តិចបន្តួច​នេះ ដើម្បី​ចិញ្ចឹម​ក្រពះ និង​សន្សំ​លុយ​ធ្វើ​ចេតិយ​សម្រាប់​ខ្លួន និង​ស្វាមី ក្រោយពេល​អស់​អាយុសង្ខា​រ​។​

 
​ម៉ោងជាង​៤​រសៀល​ទៅហើយ ស្ត្រី​ចំណាស់ ស្លៀកខោ​ក្រណាត់ និង​អាវ​ក្រណាត់​ដៃខ្លី ហើយ​មាន​ស្បែក​ជ្រីវជ្រួញ កំពុង​អង្គុយ​លើ​កន្ទេល​មួយ ដែលមាន​បន្លែ​បន្តិចបន្តួច នៅខាងមុខ​មន្ទីរ​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច​ខេត្តកំពង់ចាម ដែលមាន​ដើម​ម៉ៃសាក់​ធំៗ​ប្រប​ពីលើ ដោយ​ផ្ដល់​ជា​ម្លប់​ល្មម​សម្រាប់​ការលក់ដូរ​។ 
 
 
​បន្លែ​ជាច្រើន​ដែល​ស្ត្រី​វ័យ​៨២​ឆ្នាំ​លក់​នោះ រួមមាន ត្រួយ​ល្ពៅ​, ត្រកួន​, ត្រួយ​អំពិល​, ចេកទុំ​, ស្ពៃ​, ស្លឹក​បាស​, និង​បន្លែ​ធម្មជាតិ​ជាច្រើន​ទៀត ដែល​ចង​ជា​បាច់ៗ​ហើយ​លក់​ក្នុងតម្លៃ​៥០០​រៀល​ក្នុង​មួយ​បាច់​។ សម្រាប់​ទីតាំង​លក់​បន្លែ​បន្តិចបន្តួច​នេះ គឺ​ស្ត្រី​ចំណាស់​រូបនេះ បាន​បោសសម្អាត និង​រៀបចំ​អនាម័យ​សណ្ដាប់ធ្នាប់​ជាប្រចាំ ដើម្បី​សុំ​ការអនុគ្រោះ​ពី​អាជ្ញាធរ កុំ​ឲ្យ​ពួកគេ​ដេញ​។​
 
​ជួប​ជាមួយ​សារព័ត៌មាន ThmeyThmey25 លោកយាយ​សេង បាន​និយាយថា គាត់​ប្រមូល​ទិញ​បន្លែ​ពី​ញាតិមិត្ត​ជិតខាង​នៅក្នុង​ភូមិ និង​បេះ​ផលដំណាំ​នៅ​ជុំវិញ​ផ្ទះ យកមក​លក់​ជា​រៀងរាល់ថ្ងៃ​។ សម្រាប់​របរ​លក់​បន្លែ​បន្តិចបន្តួច​នេះ គាត់​អាច​រកចំណូលបាន​ចន្លោះ​ពី ៣​ម៉ឺន​រៀល​ទៅ ៤​ម៉ឺន​រៀល ក្នុង​មួយថ្ងៃ ដោយ​ចាប់ផ្តើម​លក់​នៅទីនេះ​ចាប់តាំងពី​ម៉ោង​១១​ព្រឹក​ដល់​ម៉ោង​៦​ល្ងាច​។ ប៉ុន្តែ​ថ្ងៃ​ខ្លះ ក៏​លោកយាយ លក់​មិន​ដាច់​ដែរ​។​
 
​លោកយាយ​ដើរ​លក់​បន្លែ​នៅតាម​ផ្លូវ​សាធារណៈ ឬ​នៅតាម​សាកលវិទ្យាល័យ​ដែល​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧​ថ្មី ជួនកាល​លោកយាយ​ក៏បាន​ដើរ​លក់​នៅក្បែរ​ធនាគារ​ក្នុង​ក្រុង​កំពង់ចាម​នេះ​ផងដែរ​។ កាលដែល​លោកយាយ​មក​លក់​បន្លែ​នៅក្បែ​នឹង​សាលាខេត្ត​កំពង់ចាម​នេះ​ក៏​ព្រោះតែ​នៅទីនេះ​មាន​ដើមឈើ​ធំៗ​ជា​ម្លប់​ដែល​ផ្តល់​ភាពងាយស្រួល​ដល់​ការលក់ដូរ​របស់លោក​យាយ​ចាប់តាំងពី​ពេល​ជិត​ថ្ងៃត្រង់​រហូតដល់​ពេល​ល្ងាច​។ 
 
​មែនទែនទៅ លោកយាយ​សេង បាន​លក់ដូរ​ជាមួយ​ម្ដាយ​តាំងពី​អាយុ​១៧​ឆ្នាំ​មកម្ល៉េះ​។ ក្រៅពី​ធ្វើស្រែ​ចម្ការ របរ​លក់​បន្លែ​នេះហើយ គឺជា​ផ្នែក​មួយ​ដែល​ជំរុញ​លទ្ធភាព​ឲ្យ​លោកយាយ អាច​ចិញ្ចឹម​កូន​៧​នាក់ មុននឹង​ពួកគេ​រៀបការ​មានគ្រួសារ​ផងដែរ​។ និយាយ​បែបនេះ មិនមែន​មានន័យថា កូនៗ​លោកយាយ​ទាំង​៧​នាក់ មិន​គិតគូ​ពី​ឪពុកម្ដាយ​នោះទេ ពោលគឺ​ពួកគេ​បានផ្តល់​ថវិកា​ប្រមាណ​ជាង​១០​ម៉ឺន​រៀល​ក្នុង​មួយខែ សម្រាប់​ជីវភាព​លោកយាយ​និង​ស្វាមី​ផងដែរ​។ ប៉ុន្តែ​ដោយសារតែ​ឃើញ​គ្រួសារ​កូនៗ ក៏​ជួប​ការលំបាក​ដែរនោះ ទើបបានជា​លោកយាយ សម្រេចចិត្ត​ដើរ​លក់​បន្លែ​បន្តិចបន្តួច​នេះ ដើម្បី​ផ្គត់ផ្គង់​ជីវិតចុងក្រោយ ដោយសារ​មិន​ចង់​ដាក់បន្ទុក​បន្ថែម​លើ​កូន​។ 
 
៥​ខែ​មកហើយ​ដែល​ដូន​វ័យ​៨២​ឆ្នាំ បាន​ប្រកប​របរ​លក់​បន្លែ​នេះ​ឡើងវិញ គាត់​បាន​អះអាងថា អ្នកទិញ​បន្លែ​លោកយាយ​ភាគច្រើន​ជា​អ្នកដើរ​ហាត់ប្រាណ និង​អ្នកធ្វើដំណើរ​តាម​យានយន្ត​ឆ្លងកាត់ ហើយ​មាន​ក្តី​អាណិត ទើប​ពួកគេ​ជួយ​ទិញ​។​
 
​សព្វថ្ងៃនេះ​លោកយាយ​រស់នៅ​ជាមួយ​លោកតា ឯក អួន វ័យ​៨៣​ឆ្នាំ​ត្រូវជា​ស្វាមី​របស់​លោកយាយ ។ ដំបូង​ឡើយ​ពួកគាត់​ដើរ​លក់​បន្លែ​ជាមួយគ្នា តែ​ជា​អកុសល​លោកតា អួន ស្រាប់​តែមាន​បញ្ហា​ងងឹតភ្នែក​បើក​ម៉ូតូ​លែង​បាន ទើប​លោកយាយ​មក​លក់​តែម្នាក់ឯង​បែបនេះ​។ 
 
«​យាយ​មិន​ចង់ទៅ​សុំទាន​ទេ​។ យាយ​នឹង​នៅតែ​ប្រកបមុខរបរ​មួយ​នេះ​រហូតដល់​ថ្ងៃ​ដែល​យាយ​ដើរ​លែងរួច​។ យាយ​ចង់​សន្សំ​ប្រាក់​សម្រាប់ធ្វើ​ចេតិយ​សម្រាប់​ខ្លួនឯង និង​តា [​ស្វាមី​] ក្រោយពេល​លាចាក​លោក​»​។ លោកយាយ សេង បាន​រៀបរាប់​យ៉ាង​ដូច្នេះ​៕
 

Tag:
 ​កសិកម្ម​
  បន្លែ​
  ​មុខរបរ​
  ​កំពង់ចាម​
  ThmeyThmey25 ​
© រក្សាសិទ្ធិដោយ thmeythmey.com