អន្តរជាតិ
ត្រាំ ថ្លែង​សារ​ទៅកាន់​ប្រជាជាតិ​ដើម្បី​ទារលុយ​សង់​ជញ្ជាំង ប៉ុន្តែ​មិន​ប្រកាស​ដាក់​រដ្ឋ​ក្នុង​ភាពអាសន្ន​
09, Jan 2019 , 2:05 pm        
រូបភាព
​ក្នុង​សុន្ទរកថា​ទៅកាន់​ប្រជាជាតិ​នៅ​យប់​ថ្ងៃ​អង្គារ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ប្រាប់​ពលរដ្ឋ​អាមេរិក​ថា អាមេរិក​កំពុង​ត្រូវការ​ជញ្ជាំង​ព្រំដែន​ជា​ចាំបាច់​ដើម្បី​រក្សា​សន្តិសុខ​ព្រំដែន​នៅពេលនេះ​។ លោក​បាន​បកស្រាយ​ថា ការសាងសង់​ជញ្ជាំង​ព្រំដែន​នឹងត្រូវ​បង់​ដោយ​ម៉ិ​ក​ស៊ិ​កដោយ​ប្រយោល មិនមែន​បង់​ដោយផ្ទាល់​ឡើយ​។ យ៉ាងណាមិញ ប្រធានសភា​តំណាងរាស្ត្រ និង​មេដឹកនាំ​ក្រុម​ភាគតិច​នៃ​ព្រឹទ្ធសភា​អាមេរិក​បានចេញ​មុខ​ទាត់ចោល​សម្តី​របស់លោក ត្រាំ និង​ទារ​ឲ្យ​ប្រធានាធិបតី​រូបនេះ​ឈប់​បន្ត​យក​រដ្ឋាភិបាល និង​ប្រជាជន​ធ្វើជា​ចំណាប់ខ្មាំង​ទៀត​ដែរ​។


 
​អស់​រយៈពេល​ជា​ជិត​បី​សប្តាហ៍​មកហើយ ដែល​ស្ថាប័ន​និង​ភ្នាក់ងារ​រដ្ឋាភិបាល​សហ​ព័ន្ធ​អាមេរិក ២៥​ភាគរយ​ត្រូវ​បិទ​ដំណើរការ ដោយសារ​ការបន្ត​ខ្វែងគំនិត​គ្នា​រវាង​ប្រធានាធិបតី និង​តំណាងរាស្ត្រ​បក្ស​ប្រជាធិបតេយ្យ​រឿង​លុយ​សង់​ជញ្ជាំង​ព្រំដែន​ភាគខាងត្បូង​។ 
 
​ដល់​យប់​ថ្ងៃ​អង្គារ​ទី ៨ ខែមករា ដោយ​ខឹង​ឡាំប៉ា​មិន​សុខចិត្ត​ព្រោះ​មិនបាន​លុយ​សង់​ជញ្ជាំង​ព្រំដែន ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ សម្រេច​ប្រើប្រាស់​កា​រិ​ល័យ​ប្រធានាធិបតី​ដើម្បី​ថ្លែង​សារ​រយៈពេល​ប្រាំបួន​នាទី ទៅកាន់​ប្រជាជាតិ​ជុំវិញ​ស្ថានការណ៍​នៅ​ព្រំដែន​ម៉ិ​ក​ស៊ិ​ក និង ដើម្បី​ទាមទារ​ឲ្យ​មានការ​សម្រេច​ផ្តល់​កញ្ចប់​ថវិកា ៥,៧​ពាន់​លាន​ដុល្លារ​ឲ្យ​លោក​សង់​ជញ្ជាំង​ថែមទៀត​។​
 
​តាមពិតទៅ ការិយាល័យ​ប្រធានាធិបតី​តាំងពី​យូរយារ​ណាស់​មកហើយ​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ប្រកាស​ពី​បញ្ហាសំខាន់ៗ​ដែលជា​រឿង​ប្រវត្តិសាស្ត្រ ខុសពី​លោក ត្រាំ ដែល​យក​ការិយាល័យ​ប្រធានាធិបតី​ថ្លែង​សារ​ទា​លុយ​ថ្លៃ​ជញ្ជាំង​។ ក្នុង​ឆ្នាំ ២០០១​ពេលដែល​ប្រធានាធិបតី ច​ច ដា​ប៊ិ​ល យូ​ប៊ូ​ស ថ្លែង​សារ​ឆ្លើយតប​នឹង​ការវាយប្រហារ​ថ្ងៃ ១១ ខែកញ្ញា និង​ខែតុលា​ឆ្នាំ ១៩៦២ លោក ច​ន ខេ​ណ្ណឺ​ឌី ថ្លែង​សារ​ជុំវិញ​ស្ថានការណ៍​ដ៏​គ្រោះថ្នាក់​នៃ​វិបត្តិ​មី​ស៊ី​ល​គុយបា​។  
 
​ត្រឡប់មកវិញ ថ្លែង​ចេញពី​ការិយាល័យ​ប្រធានាធិបតី​នៅ​សេត​វិមាន លោក ត្រាំ  បាន​ពណ៌នា​ស្ថានការណ៍​ព្រំដែន​ម៉ិ​ក​ស៊ិ​ក ថា​ជា​វិបត្តិ​ដែល​កំពុង​រីក​រាលដាល ហើយ​លោក​សង្កត់ធ្ងន់ថា បញ្ហា​ជនអន្តោប្រវេសន៍​ខុសច្បាប់​ដែល​មិនអាច​គ្រប់គ្រង​បាន​កំពុងតែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវិត​ប្រជាជន​អាមេរិក​រាប់លាន​នាក់​។ 
 
«​វិបត្តិ​មនុស្សជាតិ​និង​សន្តិសុខ​កំពុង​រីក​រាល​ដាល​នៅ​ព្រំដែន​យើង​ភាគខាងត្បូង​»​។ លោក ត្រាំ និយាយ​បែបនេះ ហើយ​បន្ត​អះអាងថា រៀងរាល់ថ្ងៃ មន្ត្រី​ព្រំដែន​អាមេរិក​ប្រឈម​នឹង​ជនអន្តោប្រវេសន៍​ខុសច្បាប់​រាប់ពាន់នាក់​ដែល​ព្យាយាម​ឆ្លងដែន​ចូល​ទឹកដី​អាមេរិក​ផង​។  
 
​លោក ត្រាំ ចង់បាន​លុយ ៥,៧ ពាន់​លាន​ដុល្លារ​ដើម្បី​សាងសង់​ជញ្ជាំង​ព្រំដែន​ម៉ិ​ក​ស៊ិ​ក ហើយ​ការសង់​ជញ្ជាំង​នេះ​ជាការ​សន្យា​របស់លោក​តាំង​សម័យ​ឃោសនាបោះឆ្នោត​ឆ្នាំ ២០១៦ ម្ល៉េះ​។ ប៉ុន្តែ​កាលនោះ​មេដឹកនាំ​អាមេរិក​រូបនេះ​ធានាថា រាល់​ការចាយវាយ​សម្រាប់​សង់​ជញ្ជាំង​ព្រំដែន​អាមេរិក ម៉ិ​ក​ស៊ិ​ក​ជា​អ្នករ៉ាប់រង​។ ប៉ុន្តែ​ចុងក្រោយ​លោក​នៅតែ​ទាមទារ​យកលុយ​ពី​អ្នក​បង់ពន្ធ​អាមេរិក​ទៅវិញ​។ 
 
​យ៉ាងណាក៏ដោយ លុយ​ច្រើនជាង ១,៣​ពាន់​លាន​ដុល្លារ នឹងមិន​ត្រូវ​ផ្តល់​ឲ្យ​ឡើយ​ដើម្បី​រឹតបន្តឹង​សន្តិសុខ​ព្រំដែន បើតាម​ការអះអាង​រប​ស់​តំណាងរាស្ត្រ​បក្ស​ប្រ​ធិបតេយ្យ​។ ប៉ុន្តែ​ថ្មីៗ​នេះ លោក ត្រាំ បាន​គំរាម​ជាថ្មី​ថា បើ​មិនបាន​លុយ​គ្រប់​ចំនួន រដ្ឋាភិបាល​សហព័ន្ធ​ដោយ​ផ្នែក​នឹងត្រូវ​បន្ត​បិទ​គ្មាន​ដំណើរ​យូរ​ដល់​រាប់​ឆ្នាំ ហើយ​លោ​ក៏​ហ៊ាន​និយាយ​ដោយ​ចំហ​ទៀតថា លោក​ហ៊ាន​ប្រកាស​ដាក់​រដ្ឋ​ក្នុង​ភាពអាសន្ន​ដើម្បី​សង់​ជញ្ជាំង​តាម​បំណង​របស់លោក​ទៀត​។​
 
​សំណាងល្អ​ដែរ នៅក្នុង​សុន្ទរកថា​ទៅកាន់​ប្រជាជាតិ​យប់​ថ្ងៃ​អង្គារ​នេះ លោក ត្រាំ មិនបាន​ប្រកាស​ដាក់រ​ដ្ឋ​ក្នុង​ភាពអាសន្ន​ឡើយ  ខណៈដែល​អ្នកជំនាញ និង​អ្នកតាមដាន​ស្ថានការណ៍​លួច​គិតថា លោក ត្រាំ នឹងធ្វើ​បែបនេះ​។ ប៉ុន្តែ​ប្រធានាធិបតី​នេះ​អាច​នឹង​ប្រកាស​នៅពេល​ណាមួយ​ខាងមុខ​ផង បើ​នៅតែ​មិនបាន​លុយ ៥,៧​ពាន់​លាន​ទៀត​។ 

-​ម៉ិ​ក​ស៊ិ​ក​នឹង​បង់លុយ​ថ្លៃ​ជញ្ជាំង​ដោយ​ប្រយោល​តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​?
 
​ស្របពេល​ដែលមាន​ពាក្យរិះគន់​ខ្លួន​រឿង​ចាយលុយ​ពលរដ្ឋ​អាមេរិក​សង់​ជញ្ជាំង​ព្រំដែន លោក ត្រាំ ក្នុង​សុន្ទរកថា​ដដែល​នោះ បាន​ពន្យល់ថា ម៉ិ​ក​ស៊ិ​ក​នៅតែ​ចំណាយលុយ​លើ​ជញ្ជាំង​ដដែល ប៉ុន្តែ​មិនមែន​ដោយផ្ទាល់​ទេ​។ មិនផ្ទាល់​នោះ​គឺថា ម៉ិ​ក​ស៊ិ​ក​នឹង​បង់ថ្លៃ​ចំណាយ​តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី «​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាមេរិក​ខាងជើង (NAFTA) ដែល​ម៉ិ​ក​ស៊ិ​ក​ជា​សមាជិក​ដែរនោះ​។ នេះ​ជាការ​អះអាង​របស់​ប្រមុខរដ្ឋ​អាមេរិក​រូបនេះ​។  
 
​ទាក់ទិន​នឹង​ការអះអាង​របស់​ប្រធានាធិបតី​ខាងលើនេះ អ្នកជំនាញ​យល់ថា វា​ជា​រឿង​មិន​សម​ហេតុផល​ឡើយ ហើយ​ប្រធានាធិបតី ត្រាំ នឹង​នៅតែ​មិនអាច​ទារលុយ​សង់​ជញ្ជាំង​ពី​ម៉ិ​ក​ស៊ិ​កបាន​ដដែល​ទោះជា​តាម​វិធី​ណាក៏ដោយ​។ ដូច្នេះ លុយ​ដែល​យកមកប្រើ​ប្រាស់​សាងសង់ គឺជា​លុយ​របស់​ប្រជាជន​អាមេរិក​ប៉ុណ្ណោះ​។   
 
-​បក្ស​ប្រជាធិបតេយ្យ​ប្រាប់ ប្រធានាធិបតី​ឲ្យ​បើក​រដ្ឋាភិបាល​វិញ ហើយ​ឈប់​យក​ប្រជាជន​ជា​ចំណាំង​ខ្មាំង​
 
​ប៉ុន្មាន​នាទី​ក្រោយ​លោក ត្រាំ បញ្ចប់​សារ​របស់ខ្លួន​តាម​កញ្ចក់​ទូរទស្សន៍ តំណាង​បក្ស​ប្រជាធិបតេយ្យ មាន​លោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី ដែលជា​ប្រធានសភា​តំណាងរាស្ត្រ​ទើប​ចូលកាន់​តំណែង និង​លោក Chuck Schumer ដែលជា​មេដឹកនាំ​ក្រុម​ភាគតិច​ប្រចាំ​ព្រឹទ្ធសភា​នៃ​បក្ស​ប្រជាធិបតេយ្យ​ចេញ​សារ​ឆ្លើយតប​ភ្លាមៗ​ដែរ​។ 
 
​ឈរ​ទន្ទឹម​លោក Schumber លោកស្រី ផេ​ឡូ​ស៊ី ដែលជា​អ្នកនយោបាយ​មានអំណាច​លើ​គេ​ទី​បី​ក្នុង​បរិបទ​និ​យោ​បាយ​អាមេរិក បាន​ទិតៀន​សុន្ទរកថា​របស់លោក ត្រាំ ឥត​សំចៃមាត់​ឡើយ​។ បន្ទាប់ពី​រៀបរាប់​ពី​ចំណាត់ការ​របស់​រដ្ឋសភា​ដែល​បានអនុម័ត​ច្បាប់​សំដៅ​បើក​រដ្ឋាភិបាល​ឡើងវិញ និង​រឹតបន្តឹង​សន្តិសុខ​ព្រំដែន លោកស្រី ក៏បាន​ទាត់ចោល​ការលើកឡើងរ​ប​ស់លោក ត្រាំ ដែលថា បក្ស​ប្រជាធិបតេយ្យ​គាំទ្រ​ការសង់​ជញ្ជាំង​ដែកថែប​។ អ្នកនយោបាយ​ជើងចាស់​រូបនេះ​ក៏​បដិសេធ​ការហៅ​ជនអន្តោប្រវេសន៍​តាម​ព្រំដែន​មិនមែនជា​ការគំរាមកំហែង​ទេ ប៉ុន្តែ​ពួកគេ​ជា​វិបត្តិ​មនុស្សជាតិ​ដែល​ត្រូវការ​ជំនួយ​ប៉ុណ្ណោះ​។ 
 
​មុននឹង​បញ្ចប់​សេចក្តីថ្លែងការណ៍​របស់ខ្លួន លោកស្រី ផេ​ឡូ​ស៊ី ក៏បាន​ទាមទារ​ឲ្យ​លោក ត្រាំ បើក​រដ្ឋាភិបាល​ឡើងវិញ ដោយ​ឈប់​បន្ត​យក​ប្រជាជន​អាមេរិក និង​រដ្ឋាភិបាល​អាមេរិក​ជា​ចំណាប់ខ្មាំង និង​បញ្ចប់​មហិច្ឆតា​ចំណាយលុយ​ខ្ជះខ្ជាយ​លើ​ជញ្ជាំង​ដែល​មិនចាំបាច់​ទៅវិញ​ទៀត​។ 
 
​ដើមខែ​មករា សភាតំណាងរាស្ត្រ​ដឹកនាំ​ដោយ​លោកស្រី ផេ​ឡូ​ស៊ី បានអនុម័ត​វិធានការ​សំខាន់​ពីរ​ក្នុងនោះ​មានច្បាប់​មួយ​កំណត់​ថវិកា​ចំនួន​ប្រាំមួយ​ផ្សេងគ្នា​ដែល​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​សារពើពន្ធ​ឆ្នាំ ២០១៩ ដល់​បណ្តា​ទីភ្នាក់ងារ​រដ្ឋាភិបាល​ជាច្រើន​រួមមាន​រតនាគារ​, ក្រសួងការបរទេស និង​ក្រសួងយុត្តិធម៌​ជាដើម​។​
 
​ចំណែក​ច្បាប់​ទី​ពីរ គឺ​ផ្តល់​ហិរញ្ញវត្ថុ​បណ្តោះអាសន្ន​សម្រាប់​សម្រាប់​ក្រសួង​សន្តិសុខ​មាតុភូមិ (Homeland Security) ដល់​ត្រឹម​ថ្ងៃ ៨ ខែកុម្ភៈ​ប៉ុណ្ណោះ ដោយសារ​ក្រសួង​នេះ​ទទួលបន្ទុក​ការពារ​សន្តិសុខ​ព្រំដែន​។ ប៉ុន្តែ​ច្បាប់​នេះ​ផ្តល់​ថវិកា​ត្រឹម ១,៣​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​រក្សា​សន្តិសុខ​ព្រំដែន ហើយ​មិនមែនជា​លុយ​សង់​ជញ្ជាំង​ប្រវែង​ជិត ២០០​គីឡូម៉ែត្រ​តាម​ព្រំដែន​ម៉ិ​ក​ស៊ិ​ក​ទេ​។ ផ្ទុយទៅវិញ វា​នឹងត្រូវ​ប្រើប្រាស់​សម្រាប់​ពង្រឹង​ការសង់​របង និង​ការ​យាមកាម​ឬ​ល្បាត​តាម​ព្រំដែន​ប៉ុណ្ណោះ​។ 
 
​បន្ទាប់ពី​លោកស្រី ផេ​ឡូ​ស៊ី ថ្លែង​ចប់ លោក Schumber ក៏​ចាប់ផ្តើម​សុន្ទរកថា​រប​ស់​ខ្លួន​ដោយ​រិះគន់​ទង្វើ​ខុស​ទំនង​របស់​ប្រធានាធិបតី​ដោយ​យក​ការិយាល័យ​ប្រធានាធិបតី​មក​បង្កើត​រឿង​ភ័យខ្លាច និង​បង្វែរ​ការចាប់អារម្មណ៍​ពី​បញ្ហា​ចលាចល​ដែល​កើតឡើង​ក្នុង​រដ្ឋបាល​ខ្លួន​។ 
 
​លោក ប្រាប់​ទៅកាន់​សាធារណជន​អាមេរិក​ថា លោក ត្រាំ កំពុង​ឡាំប៉ា និង​បិទ​រដ្ឋាភិបាល ដោយសារតែ​លោក​មិន​ទួលបាន​ការគាំទ្រ​ពីស​ភា និង​មិនមាន​លទ្ធភាព​បង្ខំ​ឲ្យ​ម៉ិ​ក​ស៊ិ​ក​បង់ថ្លៃ​ជញ្ជាំង​ដែល​គ្មាន​ប្រសិទ្ធភាព និង​មិនចាំបាច់​សម្រាប់​ការពារ​ព្រំដែន​ឡើយ​។ សមាជិក​ព្រឹទ្ធសភា​រូបនេះ សង្កត់ធ្ងន់ថា និមិត្តសញ្ញា​នៃ​អាមេរិក​គួរតែ​ជា​រូប​សំណាកសេរីភាព (Statue of Liberty) មិនមែន​ជញ្ជាំង​កម្ពស់​ជិត ដប់​ម៉ែត្រ​ឡើយ​។ 
 
«​សំណើរ​សាមញ្ញ​មួយ​របស់​យើង​ទៅ​លោក​ប្រធានាធិបតី គឺ បើក​រដ្ឋាភិបាល​ឡើងវិញ ហើយ​យើង​អាចធ្វើ​ការរួម​គ្នា​បាន​ដោយ​ទុក​ភាពខុសគ្នា​មួយ​ឡែក​លើ​បញ្ហា​សន្តិសុខ​ព្រំដែន​។ ប៉ុន្តែ​ត្រូវ​បញ្ចប់​ការបិទ​រដ្ឋាភិបាល​ឥឡូវនេះ​ភ្លាម​»​។ លោក Schumer បញ្ចប់​សុន្ទរកថា​របស់ខ្លួន​បែបនេះ​។ 
 
​សូមបញ្ជាក់ថា ការបិទ​រដ្ឋាភិបាល​ដោយ​ផ្នែក (២៥​ភាគរយ​នៃ​រដ្ឋាភិបាល​ទាំងមូល​)​ចាប់ផ្តើម​ឡើង​កាលពី​ចុងខែ​ធ្នូ​។  ការអូសបន្លាយ​នៃ​ការបិទ​រដ្ឋាភិបាល​នេះ​កំពុង​ប៉ះពាល់​ដល់​ក្រសួង​ចំនួន​ប្រាំបួន​ក្នុងចំណោម​ក្រសួង​ទាំងអស់ ១៥ ហើយ​ទីភ្នាក់ងារ​សំខាន់ៗ​ចំនួន​ច្រើនជាង​ដប់​ដែល​ត្រូវ​ផ្អាក​ដំណើរការ​។ បុគ្គលិក​បម្រើ​ការងារ​ទាំងអស់​ប្រហែល ប្រាំបី​សែន​នាក់​នឹងមិន​ទទួលបាន​ប្រាក់កម្រៃ ក្នុងនោះ​មាន ៤២ ម៉ឺន​នាក់​ត្រូវ​បន្តធ្វើ​ការងារ​ដោយ​គ្មាន​ប្រាក់កម្រៃ ខណៈ​៣៨ ម៉ឺន​នាក់​ផ្សេងទៀត​ត្រូវ​ផ្អាក​ការងារ​តែម្តង​។​
 

Tag:
 ​ដូ​ណា​ល់ ត្រាំ
  ជញ្ជាំង​ម៉ិ​ក​ស៊ិ​ក​
  ប្រជាធិបតេយ្យ​
© រក្សាសិទ្ធិដោយ thmeythmey.com