ដាច់ឆ្នាំ២០១៨ភ្លាម សហគមន៍ព្រៃឡង់ បានចេញរបាយការណ៍មួយ ដោយអះអាងថា ការកាប់ឈើខុសច្បាប់ បន្តកើតមានក្នុងអត្រាដ៏គួរឲ្យព្រួយបារម្ភ នៅដែនជម្រកសត្វព្រៃ និងតំបន់ព្រៃឡង់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប៉ុន្តែ ក្រសួងបរិស្ថាន បកស្រាយថា បទល្មើសព្រៃឈើខុសច្បាប់ មានការថយចុះ ហើយក្រសួងបានច្រានចោលរបាយការណ៍របស់សហគមន៍ព្រៃឡង់ ថាជាទិន្នន័យបំប៉ោងខុសពីការពិត និងមានចេតនាបំរើផលប្រយោជន៍ដល់អង្គការបរទេស។
របាយការណ៍របស់បណ្តាញសហគមន៍ព្រៃឡង់ ពីខែកញ្ញា ឆ្នាំ២០១៧ ដល់ខែឧសភា ឆ្នាំ២០១៨ បានឲ្យដឹងថា ការកាប់ឈើខុសច្បាប់ មានចំនួន៩៩ភាគរយ បើប្រៀបធៀបនឹងសកម្មភាពទាំងអស់ ដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ។ ទិន្នន័យភាគច្រើន បានរាយការណ៍ថា គល់ឈើដែលកាត់រួចនីមួយៗ មានចំនួន៤១ភាគរយ ដែលដើមឈើភាគច្រើនជាប្រភេទឈើប្រណីត។ «គំនរឈើ» ត្រូវបានជនល្មើស ប្រមូលយកចេញ និង «ការដឹកជញ្ជូន» មានចំនួន២៤ភាគរយ។ តំបន់ដែលបានកាប់ឆ្ការ មានចំនួន១១ភាគរយ។
របាយការណ៍សរសេរយ៉ាងដូច្នេះថា៖«ផ្ទៃដីដែលត្រូវបានកាប់ឆ្ការតែមួយ អាចគ្របដណ្តប់លើផ្ទៃដី១០០ហិកតា និងរាប់បញ្ចូលទាំងខ្ទមដែលធ្វើសម្រាប់ស្នាក់នៅរាប់រយ។ រូបភាពផ្កាយរណបបានបង្ហាញថាព្រៃឈើបាត់បង់៥៦០០ហិកតា នៅឆ្នាំ២០១៧»។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានអះអាងថា បទល្មើសព្រៃឈើ មានការធ្លាក់ចុះ ក្នុងតំបន់អភិរក្សជីវៈចម្រុះសរុបជិត៦០កន្លែង ដែលមានផ្ទៃដីទំហំ ៧,៥ លានហិកតា ស្ថិតនៅក្រោមការគ្រប់គ្រង ការពារ និងអភិរក្សរបស់ក្រសួងបរិស្ថាន។ លោក ចោទវិញថា បណ្ដាញព្រៃឡង់ កំពុងយកទិន្នន័យចាស់មកធ្វើបច្ចុប្បន្នភាព ដើម្បីបំផ្លាញទំនុកចិត្តរបស់ប្រជាពលរដ្ឋ មកលើការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ជាពិសេសក្រសួងបរិស្ថាន លើការការពារ និង ការអភិរក្សធនធានធម្មជាតិក្នុងប្រទេសកម្ពុជា។
តាមរយៈការផ្តល់បទសម្ភាសដល់សារព័ត៌មានថ្មីៗ អ្នកនាំពាក្យរូបនេះ និយាយថា៖«របាយការណ៍របស់យើង កំពុងតែបូកសរុបជារួម ខ្ញុំមិនទាន់មានរបាយការណ៍ជាក់លាក់នៅឡើយទេ ។ ក៏ប៉ុន្តែ ចំនួននៃការចុះបង្ក្រាប ការទប់ស្កាត់ ដោយមន្ត្រីឧទ្យានុរក្សរបស់យើងដែលប្រចាំនៅ តំបន់ផ្សេងៗក្នុងប្រទេសកម្ពុជា ដែលជាតំបន់ការពារធម្មជាតិ ដូចជា ឧទ្យានជាតិ ហើយនិងតំបន់អភិរក្សជីវៈចម្រុះផ្សេងៗក្នុងប្រទេសកម្ពុជា ក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថានដែលមានទំហំ៧,៥លានហិកតា គឺយើងបានពង្រាយនូវកម្លាំង ឧទ្យានុរក្ស យើងក៏បានសហការណ៍ជាមួយអង្គការ រួមទាំងបណ្ដាសហគមន៍ព្រៃឡង់ផងដែរ»។
លោក នេត្រ ភក្ត្រា បន្ថែមថា អង្គការអន្តរជាតិមួយចំនួន កំពុងខ្ចីដៃរបស់បណ្ដាញព្រៃឡង់ ដើម្បីឲ្យចេញរបាយការណ៍ ដែលបំរើផលប្រយោជន៍ លើការបន្តរកការគាំទ្រផ្នែកថវិការ សម្រាប់អង្គការបស់ខ្លួន។ លោក សង្កត់ធ្ងន់ថា៖«នេះជាការជួយដោយមិនស្មោះត្រង់ទេ»។
មន្ត្រីជាន់ខ្ពស់នៃក្រសួងបរិស្ថានរូបនេះ បាននិយាយទៀតថា៖«កន្លងទៅនេះ យើងបានបង្ក្រាប ទប់ស្កាត់បញ្ហានេះ រហូតទៅដល់ទទួលបានលទ្ធផលមួយ គឺថា គម្របព្រៃឈើក្នុងប្រទេសយើង មានការកើនឡើងវិញ ចំនួនសត្វព្រៃក្នុងព្រៃឡង់ ក៏កើនឡើងវិញ ក្នុងតំបន់ផ្សេងៗទៀតក៏កើនឡើងដែរ»។
របាយការណ៍របស់បណ្ដាញព្រៃឡង់ ក៏បានលើកឡើងពីការលំបាកក្នុងការចុះល្បាតដែរ ព្រោះអាជ្ញាធរ តម្រូវឲ្យពួកគេ សុំច្បាប់អនុញ្ញាតមុននឹងចុះល្បាត ខណៈអ្នកកាប់ឈើខុសច្បាប់ អាចចូលព្រៃកាប់ឈើដោយមិនចាំបាច់មានការអនុញ្ញាត។
ជាការឆ្លើយតបចំពោះការលើកឡើងនេះ លោក នេត្រ ភ័ក្ត្រា បកស្រាយថា ការតម្រូវឲ្យសុំច្បាប់ជាមុន គឺដើម្បីជួយការពារសុវត្តិភាពជូនពួកគេ ព្រោះពេលចុះល្បាត តែងតែជួបជនល្មើស ដែលមានអាវុធ ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់ពួកគេ។
លោកនិយាយថា៖«ពេលយើងចុះល្បាតតែងតែជួបជាមួយនឹងក្រុមជនល្មើស ដែលអាចមានអាវុធកែច្នៃ ឬ ពិត ដែលអាចបង្កឲ្យមានគ្រោះថ្នាក់បាន ដូច្នេះហើយយើងខិតខំក្នុងការសហការ និងការពារពួកគាត់។ គោលដៅរបស់យើង គឺរួមគ្នាការពារឲ្យបាននូវធនធានធម្មជាតិរបស់យើង អ៊ីចឹងការចេញរបាយការណ៍ណាមួយ គួរពិតឲ្យបានត្រឹមត្រូវ»។
លោក ខេង ខូ សមាជិកបណ្តាញសហគមន៍ព្រៃឡង់ខេត្តស្ទឹងត្រែង បានឲ្យដឹងថា ផ្លូវកើនច្រើនក្នុងតំបន់ព្រៃឡង់ ជាមូលហេតុដែលបណ្ដាលឲ្យការកាប់ឈើនៅតែបន្តកើតមាននៅក្នុងតំបន់ការពារ។ របាយការណ៍ដដែល បានស្រង់សម្តីរបស់លោក ទៅសរសេរថា៖«ផ្លូវខ្វាត់ខ្វែងជាច្រើន បានសម្រួលដល់ការកាប់និងការដឹកជញ្ជួនឈើចេញពីព្រៃឡង់ និងមន្ត្រីបើកដៃឲ្យអ្នកកាប់ឈើ និងជាអ្នកនៅពីក្រោយខ្នងការកាប់និងដឹកឈើទាំងនោះ រួមនិងគប់គិតគ្នាលក់ដីព្រៃទៅឲ្យអ្នកចំណូលស្រុកផងដែ»។
នេះជារបាយការណ៍លើកទី៧របស់សហគមន៍ព្រៃឡង់ ដែលប្រមូលទិន្នន័យតាមរយៈ «ព្រៃឡង់អេប» និងវិភាគដោយអ្នកស្រាវជ្រាវ នៅឯសាកលវិទ្យាល័យខូបផែនហាហ្គែន (Copenhagen) នៃប្រទេសដាម៉ាក់។ បណ្ដាញសហគមន៍ព្រៃឡង់ មានចំនួន៤ខេត្ត គឺ កំពង់ធំ ក្រចេះ ព្រះវិហារ និង ស្ទឹងត្រែង៕